ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ និង​ក្រសួងទេសចរណ៍ រួមគ្នា​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាពក្នុងខេត្តរតនគិរី​

ភ្នំពេញ៖ ក្រុមការងារ​សកម្មភាព​ជនពិការ នៃ​ក្រសួងទេសចរណ៍ និង​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាសកម្មភាព​ជនពិការ ​សហការ​ជាមួយ​រដ្ឋបាល​ខេត្តរតនគិរី និង​មន្ទី​រទេសចរណ៍ បានរៀបចំ​សិក្ខាសាលា​ស្តីពី «​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ជនពិកា​រ និង​អាជីព​សមស្រប​សម្រាប់ជនពិការ ដើម្បី​បង្កើន​ជីវភាព​រស់នៅ​សមរម្យ និង​ពង្រឹង​ភាពជា​ម្ចាស់ ក្នុង​វិស័យ​ទេសចរណ៍​» កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ នៅ​ខេត្ត​រតនគីរី។

​ក្នុង​អង្គពិធី​នេះ​លោក ឯម ច័ន្ទ​មករា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​បានលើកឡើងថា ជន​មាន​ពិការភាព​នៅ​កម្ពុជា​ បច្ចុប្បន្ន​កំពុងទ​ទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ក្នុង​គ្រប់​វិស័យ ពិសេស​ក្នុង​វិស័យ​សង្គមកិច្ច អប់រំ សុខាភិបាល និង​ទេសចរណ៍​។ លោកអគ្គលេខា​បាន​អំពាវនាវ​ដល់​ម្ចាស់​ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ Beer Garden សហគ្រាស រោច​ក្រ ផ្នែក​ឯកជន​នានា​ ជួយ​រៀបចំ​ការបង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជន​មានពិការភាព​ដូចជា រៀបចំ​ជម្រាល ធ្នាក់​ដៃ បន្ទប់ទឹក កន្លែង​ចត​យានយន្ត ដោយ​ឯកឧត្តមអគ្គលេខា​លើកឡើងថា ជន​មាន​ពិការភាព​ក៏​ជា​អតិថិជន​ផងដែរ​។ លោក ឯម ច័ន្ទ​មករា ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​ក្នុង​ខេត្តរតនគិរី ​បន្ត​យកចិត្តទុកដាក់​ការរៀបចំការបង្ក​លក្ខណៈ​ងាយស្រួល​ជន​មាន​ពិការ ឱ្យបាន​ទៅ​ទស្សនា​នៅតាម​តំបន់​ទេសចរណ៍នានា​ក្នុង​ខេត្ត ក្នុង​គោលបំណង​លុបបំបាត់​រនាំង​ឧបសគ្គ សម្រាប់​ជន​មាន​ពិការភាព​។​ជាមួយគ្នា​នោះ​ផងដែរ លោក ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​លើកឡើងថា សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​ជំរុញ​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់សិទ្ធិ​ជនពិការ និង​កម្មវិធី​នយោបាយ​រាជរដ្ឋាភិបាល​ចំពោះ​ជន​មាន​ពិការភាព ផ្តល់ឱកាស​ការងារ និង​លើកទឹកចិត្ត​ដល់​ជន​មាន​ពិការភាព​ដែលមាន​លក្ខណៈសម្បត្តិ និងសមត្ថភាព​បំពេញ​នូវ​មុខងារ តួនាទី និង​ការទទួលខុសត្រូវ មុខតំណែង​ចូល​បម្រើ​ការងារ លើកកម្ពស់​សេចក្តីថ្លៃថ្នូ​រ សុខុមាលភាព និង​សិទ្ធិ​របស់​ជនពិការ​ភាព និង​ចូលរួម​បំពេញ​នូវ​កាតព្វកិច្ចរបស់​កម្ពុជា ជា​ហត្ថលេខី​នៃ​អនុសញ្ញា ដែល​ទាក់ទង​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនពិការ​។

​លោក​បន្ថែមថា សិក្ខាសាលា​នេះបាន​ចូលរួមចំណែក​ឆ្លុះបញ្ចាំង​ពី​ការលើកកម្ពស់ សីលធម៌ក្នុងសង្គម តម្លៃសង្គម និង​គ្រួសារ ចូលរួម​លុបបំបាត់​ការរើសអើង និង​កសាង​ភាព​សុខដុមរមនាក្នុង​គ្រួសារ សហគមន៍ និង​សង្គម​ទាំងមូល ជាពិសេស​គឺ​ចូលរួម​លើកកម្ពស់​ជន​មានពិការភាព​នៅ​កម្ពុជា​។

​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​ ១០​ ហើយដែលក្រសួងទេសចរណ៍ និង​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ រួមសហការ​ជាមួយ​ម្ចាស់ និង​អ្នកគ្រប់គ្រង សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ខារ៉ាអូខេ និងមន្ទីរ​ពាក់ព័ន្ធ​ជាច្រើន​ទៀត ក្នុងការ​រៀបចំ​ឲ្យ​មាន​សិក្ខាសាលា ដើម្បី​លើ​កម្ពស់​វិស័យ​ពិការភាពនៅ​កម្ពុជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114