ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​គំរាម​សងសឹក​អ៊ីរ៉ង់​លើ​ការវាយប្រហារ​មី​ស៊ី​ល

ក្រុមចម្រុះ​យោធា​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ថ្ងៃ​ចន្ទ​ បាន​គំរាម​សងសឹក​ប្រឆាំងនឹង​ប្រទេស​អ៊ីរ៉ង់​ដោយ​ចោទប្រកាន់​មហាអំណាច​កាន់​និកាយ​ស៊ី​អ៊ី​ត​មួយ​នេះ​ថា ​នៅ​ពីក្រោយ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​ពួក​ឧទ្ទាម​យេ​មែន​មកលើ​ប្រទេសមួយ​នេះ។

​កងកម្លាំង​អារ៉ាប៊ីសាអ៊ូឌីត​បាន​និយាយថា ពួកគេ​បាន​ស្ទាក់ចាប់​មី​ស៊ី​ល​ចំនួន​៧​គ្រាប់​កាលពី​ថ្ងៃអាទិត្យ​ដោយ​រួមទាំង​នៅលើ​រាជធានី Riyadh ផងដែរ​នៅក្នុង​ការប្រយុទ្ធ​ដ៏​សាហាវ​មួយ​ដែល​ស្របគ្នា​នឹង​ខួប​លើក​ទី​៣​នៃ​អន្តរាគមន៍​របស់​ក្រុមចម្រុះ​នៅក្នុង​ប្រទេស​យេ​មែន​។​

ខណៈពេល​បង្ហាញ​បំណែក​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង Riyadh នៃ​អ្វីដែល​ខ្លួន​និយាយថា​ជា​បំណែក​នៃ​មី​ស៊ី​ល​ផ្លោង​ទាំងនោះ​, ក្រុមចម្រុះ​បាន​អះអាងថា ការវិភាគ​បានបង្ហាញ​ថា ពួកគេ​ត្រូវបាន​ផ្គត់ផ្គង់​ដល់​ពួក​ឧទ្ទាម Huthi ដោយ​សម្ព័ន្ធមិត្ត​របស់​ពួកគេ​គឺ​ប្រទេស​អ៊ីរ៉ង់​។​

អ្នកនាំពាក្យ​ក្រុមចម្រុះ​លោក Turki al-Malki បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​មី​ស៊ី​ល​ដែល​បាន​បាញ់​មកលើ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​នោះ​គឺ​ត្រូវបាន​នាំមក​ពី​ប្រទេស​អ៊ីរ៉ង់​។ យើង​សូម​រក្សា​សិទ្ធិ​ក្នុងការ​ឆ្លើយតប​ប្រឆាំងនឹង​ប្រទេស​អ៊ីរ៉ង់​នៅពេល​វេលា​ត្រឹមត្រូវ​និង​កន្លែង​ត្រឹមត្រូវ​”​។​

ការវាយប្រហារ​ដោយ​មី​ស៊ី​ល​នេះ​បានធ្វើ​ឲ្យ​មានការ​ស្លាប់​ជា​លើកដំបូង​ពី​ការបាញ់​របស់​ក្រុម Huthi នៅក្នុង​រាជធានី​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។​

សាក្សី​បាន​ប្រាប់ AFP នៅ​កន្លែងកើតហេតុ​ថា បុរស​ជនជាតិ​អេ​ហ្ស៊ី​បម្នាក់​ឈ្មោះ Abdul-Moteleb Ahmed អាយុ​៣៨​ឆ្នាំ​បាន​ស្លាប់​ភ្លាមៗ​នៅលើ​គ្រែ​របស់គាត់​នៅពេលដែល​អំបែង​ភ្លើង​វាយប្រហារ​បន្ទប់​របស់​គាត់​នៅក្នុង​សង្កាត់ Um al-Hammam របស់​ទីក្រុង Riyadh ដែល​បន្សល់ទុក​ប្រហោង​មួយ​យ៉ាង​ធំ​នៅ​ដំបូល​របស់​បន្ទប់​នោះ​។ កម្មករ​សញ្ជាតិ​អេ​ហ្ស៊ី​ប​ចំនួន​៣​នាក់​ផ្សេងទៀត​នៅក្នុង​បន្ទប់​តែមួយ​បាន​រងរបួស​និង​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​។​

ក្រុម Huthi បាន​និយាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ Al-Masirah របស់ខ្លួន​ថា អាកាសយានដ្ឋាន​អន្តរជាតិ King Khalid របស់​ក្រុង Riyadh គឺជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​វាយប្រហារ​។​

ប្រទេស​អ៊ីរ៉ង់​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​អំពី​ការបំពាក់​អាវុធ​ទៅលើ​ពួក Huthi នៅក្នុង​ប្រទេស​យេ​មែន​បើទោះបីជា​មានការ​អះអាង​ពី​សហរដ្ឋអាមេរិក​និង​អារ៉ាប៊ីសាអ៊ូឌីត​ថា ភស្តុតាង​នៃ​ការតភ្ជាប់​អាវុធ​នេះ​គឺ​មិនអាច​ប្រកែក​បាន​ក៏ដោយ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114