ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​សំខាន់​៖ លោក Abe មិន​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ឯកសារ​ទេ

មន្ត្រី​ជប៉ុន​ម្នាក់​ដែល​ស្ថិតនៅ​កណ្តាល​រឿងអាស្រូវ​បក្ខពួកនិយម​និង​លាក់កំបាំង​ដែល​បានធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់លោក Shinzo Abe ធ្លាក់ចុះ​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា ការិយាល័យ​របស់លោក​នាយករដ្ឋមន្ត្រី​គឺ​មិន​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ឯកសារ​ទេ​។​

នៅក្នុង​ការផ្តល់​សក្ខីកម្ម​របស់​សភា​ដែល​គេ​រង់ចាំ​យ៉ាង​ក្តៅគគុក​និង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរ​ទស្ស​ជាតិ​បាន​បង្ហាញថា លោក Nobuhisa Sagawa បាន​និយាយថា មានតែ​ការិយាល័យ​របស់គាត់​ប៉ុណ្ណោះ​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ផ្លាស់ប្តូរ​ឯកសា​រ​សំខាន់ៗ​ទាក់ទង​នឹង​ការលក់​ដី​ដ៏​ចម្រូងចម្រាស​។​

លោក Sagawa អាយុ​៦០​ឆ្នាំ​បាន​ថ្លែងថា “​នេះ​គឺជា​បញ្ហា​មួយ​សម្រាប់តែ​ការិយាល័យ​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ដូច្នេះ​យើង​មិនដែល​រាយការណ៍​ចេញទៅ​ខាងក្រៅ​ការិយាល័យ​ហិរញ្ញវត្ថុ​ទេ​ឬ​រាយការណ៍​ពិសេស​ទៅ​ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី​នោះឡើយ​”​។​

លោក​បាន​និយាយទៀតថា ទាំង​លោក Abe ឬ​គណៈរដ្ឋមន្ត្រី​របស់គាត់​ឬ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​គឺ​មិនបាន​បញ្ជា​ឲ្យ​មានការ​កែសម្រួល​នោះទេ​។​

ការផ្តល់​សក្ខីកម្ម​រប​ស់លោក Sagawa បាន​ធ្វើឡើង​ខណៈដែល​ការស្ទង់មតិ​ថ្មីៗ​បាន​បង្ហាញថា ការគាំទ្រ​ពី​សាធារណជន​ចំពោះ​រដ្ឋាភិបាល​របស់លោក Abe បាន​ធ្លាក់ចុះ​ទ្វេ​ដងដោយ​ទំនងជា​ដោយសារតែ​រឿងអាស្រូវ​នេះ​ស្រប​ពេលដែល​គណបក្សប្រឆាំង​អំពាវនាវ​ឲ្យ​នាយករដ្ឋមន្ត្រី​រូបនេះ​លាលែង​ពី​តំណែង​។​

ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​ដដែល​នេះ​បាន​បដិសេធ​ឆ្លើយតប​នឹង​សំណួរ​អំពី​របៀប​និង​ពេលវេលា​ដែល​ឯកសារ​នោះ​ត្រូវបាន​ផ្លាស់ប្តូរ​ដោយនិយាយ​ថា គាត់​កំពុង​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​។​

រឿងអាស្រូវ​ដ៏​មាន​ឥទ្ធិពល​នេះ​គឺ​ជុំវិញ​ការលក់​ដី​រដ្ឋ​ក្នុងតម្លៃ​ទាប​កាលពី​ឆ្នាំ​២០១៦​ទៅ​ឲ្យ​ប្រតិបត្តិ​ករ​សាលារៀន​មួយ​ដែល​អះអាងថា​មាន​ទំនាក់ទំនង​ជាមួយ​លោក Abe និង​ភរិយា​របស់គាត់​ឈ្មោះ Akie​។​

ជម្លោះ​កាន់តែ​ធ្ងន់ធ្ងរ​នៅពេលដែល​ក្រសួង​ហិរញ្ញវត្ថុ​បាន​ទទួលស្គាល់ថា កំណត់ត្រា​ជា​ផ្លូវការ​នៃ​ការលក់​នេះ​គឺ​ត្រូវបាន​ផ្លាស់ប្តូរ​។​

លោក Abe បាន​សុំទោស​ម្តង​ហើយ​ម្តងទៀត​ប៉ុន្តែ​បាន​បដិសេធ​រាល់​ការធ្វើ​ខុស​។​
​កាលពី​ថ្ងៃ​ចន្ទ​លោក​បាន​សន្យាថា​នឹងមាន​ការស៊ើបអង្កេត​ហ្មត់ចត់​ដូច្នេះ​អ្វីៗ​នឹង​អាច​លេច​ចេញមក​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114