ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​សុខាភិបាល ​គ្រោង​នឹង​កែ​ទម្រង់​សេវា​សុខាភិបាល​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​នៅ​ទូទាំង​ប្រទេស

ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល ​គ្រោង​នឹង​កែ​ទម្រង់​សេវា​សុខាភិបាល​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ទូទាំង​ប្រទេស​បន្ត​ទៀត​ បន្ទាប់​ពី​ក្រសួង​បាន​ធ្វើ​កំណែ​ទម្រង់​សេវា​នេះ​នៅ​តាម​មណ្ឌល​សុខភាព​ទទួលបាន​ជោគជ័យ​រួចមក។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល​បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៨​ថា ​ការកែ​ទម្រង់​សេវា​តាម​មន្ទីរពេទ្យ​បង្អែក​នេះ​គឺ​ផ្តោតទៅលើ​ការគ្រប់គ្រង​មន្ទីរពេទ្យ ការផ្តល់សេវា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ បរិស្ថាន​ល្អ អនាម័យ​ស្អាត ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​និង​ចំនួន​ប្រជាពលរដ្ឋ​ទៅ​ទទួល​សេវា​ជាដើម។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​បាន​បន្តថា​​ ការ​កែ​ទម្រង់​សេវា​សុខាភិបាល​នៅតាម​មន្ទីរពេទ្យបង្អែក​នេះ​គឺ​ដើម្បី​បង្កើន​គុណភាព​ក្នុង​ការផ្តល់សេវា​ជួន​ប្រជា​ពល រដ្ឋ​នៅតាម​តំបន់​ជនបទ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ខណៈ​បច្ចុប្បន្ន​មាន​មន្ទីរពេទ្យបង្អែក​ខ្លះ​នៅ​មិនទាន់​ផ្តល់​សេវា​ជួន​ប្រជាពលរដ្ឋ​បានល្អ​នៅឡើយ​នោះ​។​

លោកស្រី​អគ្គនាយក​បច្ចេកទេស​សុខាភិបាល​បាន​មានប្រសាសន៍​ទៀតថា ​ការងារ​នេះ​ក្រសួងសុខាភិបាល​គ្រោង​នឹងធ្វើ​ការពិភាក្សា​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត ប្រធាន​មន្ទីរពេទ្យបង្អែក​នីមួយៗ​និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​ដើម្បី​ឈានទៅ​កែ​ទំរង់​សេវា​សុខាភិបាល​នៅតាម​មន្ទីរពេទ្យបង្អែក​នៅ​ឆ្នាំ​២០១៨​នេះ​។​

លោក​វេជ្ជបណ្ឌិត កែ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៨​មីនា​ថា​«​ខ្ញុំ​សូម​គាំទ្រ​ចំពោះ​ក្រសួងសុខាភិបាល​ដែល​ធ្វើ​កំណែ​ទំរង់​នៅតាម​មន្ទី រ​ពេទ្យ​បង្អែក​នេះ​ព្រោះ​នឹង​ជួយ​បង្កើន​នូវ​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ឲ្យ​មកប្រើប្រាស់​សេវា​សុខាភិបាល​នៅ​មន្ទីរពេទ្យបង្អែក​របស់​រដ្ឋ​កាន់តែច្រើន​ថែមទៀត​»​។​

លោក​វេជ្ជបណ្ឌិត​បាន​ប្តេជ្ញា​ថា​នឹង​ខិតខំ​កែលំអ​សេវា​សុខាភិបាល​នៅតាម​មណ្ឌល​សុខភាព​ក៏ដូចជា​មន្ទីរ​ព្យេ​បង្អែក​ទាំង​៥​ឲ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​ចូលរួម​ប្រឡងប្រណាំង​ដណ្តើមយក​ជ័យលាភី​ជា​មួ យ​មន្ទីរ​សុខាភិបាល​ខេត្ត​ផ្សេងៗ​ទៀត​។​

គួរ​បញ្ជាក់ថា​ក្រសួងសុខាភិបាល​ធ្វើ​កំណែ​ទំរង់​សេវា​សុខាភិបាល​នៅតាម​មន្ទីរពេទ្យបង្អែក​នេះ​បន្ទាប់ពី​ក្រសួង​បាន​អនុវត្ត​ដោយ​ជោគ​ជោគជ័យ​ទៅលើ​ការកែ​ទំរង់​សេវា​នៅតាម​មណ្ឌល​សុខភាព​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​ដែល​ក្នុងនោះ​មាន​មណ្ឌល​សុខភាព​ចំនួន​៥​ទទួលបាន​ការវាយតម្លៃ​ជាប់​ចំណាត់​ថ្នាក់ជាតិ​ពី​លេខ​១-៥ និង​មណ្ឌល​សុខភាព​ចំនួន ១៧​ទៀត​ទទួលបាន​ការវាយតម្លៃ​ជាប់​ចំណាត់ថ្នាក់​ខេត្ត​លេខ​១​សម្រាប់​ខេត្ត​នីមួយ ៗ​ផងដែរ​។​

បើតាម​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​បាន​បញ្ជាក់ថា​មណ្ឌល​សុខភាព​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ជាតិ​គឺ​លេខ​១​បាន​ទៅលើ គឺ​មណ្ឌល​សុខភាព ចារ​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប ទទួលបាន​ពានរង្វាន់ ប័ណ្ណសរសើរ និង​ទូរទស្សន៍​១​គ្រឿង​។​លេខ​២ គឺ​មណ្ឌល​សុខភាព បួរ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ទទួលបាន​ប័ណ្ណសរសើរ និង​ទូរទស្សន៍​១​គ្រឿង​។ លេខ​៣ គឺ​មណ្ឌល​សុខភាព ភិ​ចុង ស្រុក​បរ​កែវ ខេត្ត​រតនគីរី ទទួលបាន​ប័ណ្ណសរសើរ និង​ទូរទស្សន៍​១​គ្រឿង​។ លេខ​៤ គឺ​មណ្ឌល​សុខភាព បឹង​បត់​កណ្តោល ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ទទួលបាន​ប័ណ្ណសរសើរ និង​ទូរទស្សន៍​១​គ្រឿង​និង លេខ​៥ គឺ​មណ្ឌល​សុខភាព ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ទទួលបាន​ប័ណ្ណសរសើរ និង​ទូរទស្សន៍​១​គ្រឿង។

ថ្លែង​ក្នុងឱកាស​ប្រគល់​រង្វាន់​ដ៏​វិសេសវិសាល​នេះ​លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​កោតសរសើរ​ដល់​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​កែលម្អ​គុណភាព​សេវា​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណ​:​ទាំងអស់ ជាពិសេស​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ជ័យលាភី​ថ្នាក់ជាតិ​លំដាប់ថ្នាក់​លេខ​១-៥ និង​លេខ​១​ថ្នាក់​ខេត្ត​ចំនួន​១៧​ខេត្ត​ដែល​បាន​ចូលរួម​កែលម្អ​គុណភាព​សេវា​នៅ​មណ្ឌល​សុខភាព​បានល្អ​ប្រសើរ​។

តែ​យ៉ាងណាក៏ដោយ​លោក​រដ្ឋមន្ត្រី​ក៏បាន​ក្រើនរំលឹក​ឲ្យ​បន្ត​ការយកចិត្តទុកដាក់​លើក​​កម្ពស់​គុណភាព​សេវា អនុវត្ត​ក្រមសីលធម៌​​វិជ្ជាជីវៈ​ត្រឹមត្រូវ បម្រើប្រជាជន​ឲ្យ​បានល្អ ជាពិសេស​ព្យាយាម​អនុវត្ត​គោលនយោបាយ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្រាប់​កម្មករ​-​ការិនី ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ ព្រមទាំង​មន្ត្រី​សាធារណ: អតីតយុទ្ធជន និវត្តជន ជន​ចាស់ជរា​គ្មាន​ទីពឹង និង​ជនក្រីក្រ ដោយ​រដ្ឋ​ជា​អ្នកចេញ​ថ្លៃ​ជួស តាមរយៈ:​កម្មវិធី ប​.​ស​.​ស​. និង​មូលនិធិ​សមធម៌៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114