ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថាប័ន​អប់រំ​មកពី​ណូ​វែ​ល​ហ្សេ​ឡង់​ជាង ១៤​ចូលរួម​ពិព័រណ៍​ពី​ការសិក្សា​នៅ​ណូ​វែ​ល​ហ្សេ​ឡង់​ជា​លើក​ទី ៦​នៅ​កម្ពុជា

ភ្នំពេញ ​៖ ​អ្នកតំណាង​មកពី​ស្ថាប័ន​អប់រំ​ណូ​វែ​ល​ហ្សេ​ឡង់​ជាង​១៤​ បានមក​ចូលរួម​ក្នុង​ពិព័រណ៍​ស្តីពី​ការ​សិក្សា​នៅ​ណូ​វែ​ល​ហ្សេ​ឡង់​លើក​ទី​៦​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ដើម្បី​ជួប​ផ្ទាល់​ពិភាក្សា​ពី​ជម្រើស​សិក្សា​ជាមួយ​សិស្ស​និស្សិត​កម្ពុជា​និង​ឪពុកម្តាយ​របស់​ពួកគេ​ដោយមាន​ការចូលរួម​ពី​សិស្ស​និស្សិត​និង​មាតាបិតា​សរុប​ជិត​៤​ពាន់​នាក់។

ការចូល​រួមជាមួយ​ស្ថាប័ន​ណូ​វែ​ល​ហ្សេ​ឡង់​ក្នុងការ​តាំង​ពិព័រណ៍​នេះ​មាន​អ្នកតំណាង​មកពី​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការអប់រំ (ACE) ដើម្បី​ពិភាក្សា​អំពី​ឱកាស​សិក្សា​ភាសា​អង់គ្លេស​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ស្ថាប័ន​អប់រំ​ណូ​វែ​ល​ហ្សេ​ឡង់​ផងដែរ​។ អ្នកតំណាង​មកពី​មជ្ឈមណ្ឌល​ប្រឡង​តេស្ត​អន្តរជាតិ IELTS កម្ពុជា​ក៏បាន​ចូលរួម​ផ្តល់​ប្រឹក្សា​អំពី​ការចុះឈ្មោះ​និង​ការធ្វើ​តេស្ត​ផងដែរ​។​

កម្មវិធី​នេះ​បាន​ប្រារព្វ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៨​ហើយ​កម្មវិធី​នេះ​នៅតែ​បន្ត​ជា​វេទិកា​ដ៏​ល្អ​បំផុត​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​និង​ឪពុកម្តាយ​របស់​ពួកគេ​ដើម្បី​ជួប​ផ្ទាល់​ជាមួយ សាលារៀន សាកលវិទ្យាល័យ និង​អ្នកផ្តល់​ការអប់រំ នៅ​ទូទាំងប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​។ ស្ថាប័ន​ដែល​ចូលរួម​បានផ្តល់​ជម្រើស​សិក្សា​ពី​វិទ្យាល័យ ថ្នាក់​ប​ចេ្ច​ក​ទេស និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា​។ សិស្ស​និស្សិត​និង​មាតាបិតា​របស់​ពួកគេ​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​ស្តីពី​ជម្រើស​សិក្សា​និង​ដំណើរការ​នៃ​ការដាក់​ពាក្យ​នៅ​ពិ​ព៍ណ៍​សិក្សា​នេះ​ដោយ​ឥតគិតថ្លៃ​។​

លោក​ស្រេង ម៉ៅ​នាយក​ស្ថាប័ន IDP ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា​«​នេះ​គឺជា​ឱកាស​តែមួយគត់​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​ដែលមាន​គម្រោង​សិក្សា​នៅ​បរទេស​” លោក​បាន​បន្ថែម​ផងដែរ​ថា “​ដោយយោង​តាម​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ការទទួលបាន​ការអប់រំ​អន្តរជាតិ​អាចជា​ទ្រព្យសម្បត្តិ​មួយ​ដ៏​មាន​ឥទ្ធិពល​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​។ ដូចនេះ​ប្រជាពលរដ្ឋ​កម្ពុជា​ដែលមាន​ចំនួន​កាន់តែ​ច្រើនឡើង កំពុង​ជ្រើស​រើសយក​ការសិក្សា​នៅក្រៅ​ប្រទេស​ក្នុង​ផែនការ​អប់រំ​របស់​ពួកគេ​ដោយ​ជឿជាក់ថា​នេះ​នឹង​ធានា​លើ​ការប្រកួតប្រជែង​សម្រាប់​អាជីព​របស់​ពួកគេ​នាពេល​អនាគត​»​។

ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​កំពុង​ក្លាយជា​ជម្រើស​ដ៏​មាន​ប្រជាប្រិយភាព​មួយ ដោយសារ​មាន​សិស្ស​និស្សិត​កម្ពុជា​រាប់រយ​នាក់ ជ្រើសរើស​ទៅ​សិក្សា​នៅ​ទីនោះ ជា​រៀងរាល់ឆ្នាំ​។​

លោកស្រី Nguyen Thi Lam Giang អ្នកតំណាង​មកពី សាកលវិទ្យាល័យ Waikato បាន​មានប្រសាសន៍ថា​«​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​ពួកយើង​មក​ចូលរួម​កម្មវិធី​នេះ​។ ពួកយើង​ធ្លាប់​មក​ចូលរួម​ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា​មកហើយ ហើយ​ថ្ងៃនេះ​ខ្ញុំ​មក​ទីនេះ​ដើម្បី​ផ្តល់​ពត៌មាន​ទាក់ទង​នឹង​កម្មវិធីសិក្សា​របស់​សាកលវិទ្យាល័យ​របស់​ពួកយើង​ដូចជា ផ្នែក​គ្រប់គ្រង ផ្នែក​ជំនួញ ផ្នែក​វិស្វកម្ម ផ្នែក​អប់រំ ផ្នែក​បដិសណ្ឋារកិច្ច​និង​ទេសចរណ៍​។ ពួកយើង​ក៏​ផ្តល់​ដំបូន្មាន​ទៅលើ​មូល​ហេតុដែល សិស្ស និស្សិត​កម្ពុជា គួរតែ​ជ្រើសរើស​ទៅ​សិក្សា​នៅ​ប្រទេស​ណូ​វេ​ល​ហ្សេ​ឡង់ និង អត្ថប្រយោជន៍​ដែល​សិស្ស និស្សិត​ទទួលបាន​ក្រោយ​បញ្ចប់​ការសិក្សា​នៅ​ទីនោះ​»​។

ចំណែក​កញ្ញា រស់ ស្រី​ម៉ុំ និស្សិត​ឆ្នាំ​៤ ផ្នែក​ទេសចរណ៍ នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ដែល​បាន​ចូលរួម​នៅក្នុង​ពិព័រណ៍​នោះបាន​មានប្រសាសន៍ថា​«​ខ្ញុំ​ចង់​សិក្សា​នៅ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ ពីព្រោះ​ប្រទេស​នេះ​គឺជា​ប្រទេសមួយ​ដ៏​ស្រស់ស្អាត​ក្នុងចំណោម​ប្រទេស​ដទៃទៀត​នៅលើ​ពិភពលោក ហើយ​វិស័យ​អប់រំ​នៅ​ទីនោះ មាន​ភាព​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​» ។​

លោក ឈាង វ៉ាន់​តាក់ ប្រធាន​ផ្នែក​ទំនាក់ទំនង​សិស្ស និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស បាន​មាន​ប្រសា​ស​ន៌​ថា​«​យើង​ផ្តល់​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការផ្តល់​សេវាកម្ម​ដ៏​ល្អ​បំផុត​សម្រាប់ សិស្ស​និស្សិត និង អាណាព្យាបាល​ហើយ​នេះ​គឺជា ឱកាស​ដ៏​កម្រ​សម្រាប់​សិស្សានុសិស្ស និង​អាណាព្យាបាល មកជួប​អ្នកតំណាង​សាលា​មកពី​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​ដោយ​ឥតគិតថ្លៃ​»៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114