ព័ត៍មានទាន់​ហេតុការណ៏
Search

វ៉ាន់ នី​ឡា ឡាំប៉ា​ទាមទារ​យុត្តិធម៌​ ខណៈ​នាង​ថា​យុត្តិធម៌​មាន​ត្រឹមតែ​ក្រដាស​ប្រកាស​សាលក្រម​ក្លែងក្លាយ​១​សន្លឹក

ភ្នំពេញ ​៖​ រហូតមកទល់​ពេលនេះ​ ការផ្តល់​ភាព​យុត្តិធម៌​ចំពោះ​ជនរងគ្រោះ​គឺ​តារាចម្រៀង​តូច​ច្រឡឹង​កញ្ញា វ៉ា​និ នី​ឡា នៅតែ​មិនទាន់​ត្រូវបាន​អនុវត្តន៍​ទោស​ទណ្ឌ​លើ​បុគ្គល​ដែល​ត្រូវជា​អតីត​សង្សារ​លោក គុយ សិទ្ធ​សក្ដិ នៅឡើយ​ទេ​ ​ខណៈ​ភាគី​ជនរងគ្រោះ​នៅតែ​បន្ត​ប្រកាស​ទាមទារ​រក​យុត្តិធម៌​តាមរយៈ​ការ​ចាប់ខ្លួន​អតីត​សង្សារ​ពាក់ព័ន្ធ​ករណី​ហិង្សា​និង​ទម្លាយ​រូបអាក្រាត​នៅលើ​បណ្តាញ​សង្គម។

ស្រប​ពេលដែល​បណ្តឹង​ត្រូវបាន​បញ្ចប់​និង​មានការ​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​លោក​គុយ សិទ្ធិ​សក្តិ​អតីត​សង្សារ​របស់ខ្លួន​(​វ៉ាន់ នី​ឡា​)​ដោយ​អនុវត្តន៍​ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​និង​សងជំងឺចិត្ត​ជា​ទឹកប្រាក់​ចំនួន​២០០​លាន​រៀល​គិត​មកទល់ពេលនេះ​គឺ​ជនជាប់ចោទ​មិនទាន់​ត្រូវបាន​ចាប់ខ្លួន​នៅឡើយ​ទេ​ ទើប​ធ្វើ​ឲ្យ វ៉ាន់ នី​ឡា កើត​ទុក្ខ​មិន​សុខ​ចិត្តបាន​ចេញមុខ​រិះគន់​ប្រព័ន្ធតុលាការ​ជាថ្មី​។​

កញ្ញា វ៉ាន់ នី​ឡា បាន​សរសេរ​បញ្ជាក់​ភ្ជាប់​សាលក្រម​កំបាំងមុខ​មក​ថា ​ហ្នឹងហើយ​បងប្អូន​ទាំងអស់គ្នា មើលទៅ​ណា៎ ប្រព័ន្ធ​ច្បាប់​តុលាការ​ស្រុក​ខ្មែរ ខ្ញុំ​មិនទាន់​បានទទួល​ភាពយុត្តិធម៌​ស្អី​ទេ បង​បង​សារព័ត៌មាន​កុំ​យល់ច្រឡំ ភាពយុត្តិធម៌​សម្រាប់​ខ្ញុំ​មាន​ត្រឹមតែ​ក្រដាស​ប្រកាស​សាលក្រម​ក្លែងក្លាយ ដែល​គ្មាន​ប្រសិទ្ធភាព​តែមួយ​សន្លឹក​ប៉ុណ្ណោះ​។​

តារាចម្រៀង វ៉ាន់ នី​ឡា និយាយ​បន្តថា ហើយក៏​គ្មាន​ខាង​តុលាការ​មួយរូប​ណា​អើពើ​នឹង​រក​ដំណោះស្រាយ​អោយ​ខ្ញុំ​ចេញ​ជា​រូប​ជា​រាង​ទៅតាម​សេចក្តីប្រកាស​សាលក្រម​នោះដែរ​។​ខ្ញុំ​សូមជម្រាបថា​ខ្ញុំ​អត់​បាន​ឈឺ​ចុកចាប់​នឹង​រឿង​ដែល​អា​ម​នុស្ស​ពាល​នឹង​វា​រៀបការ​ទេ តែ​ខ្ញុំ​ឈឺ​ព្រោះ​មនុស្ស​ដែល​ត្រូវ​ជាប់ទោស​វា​បែរជា​រួចខ្លួន​សប្បាយរីករាយ​ក្អាកក្អាយ​មិនតែប៉ុណ្ណោះ​ថែមទាំង​ប្រកាស​ក្តែ​ងៗ​រៀបការ​ទាំង​វា​មិនទាន់​ចេញមុខ​ដោះស្រាយ​រឿងក្តី​ចប់សព្វគ្រប់។

វ៉ាន់ នី​ឡា បាន​លើកឡើងថា ស្រុក​ខ្មែរ​គ្មាន​ភាពយុត្តិធម៌​សម្រាប់​ប្រជារាស្ត្រ​ឡើយ ​គ្នា​គេ អោយ​ចាំ​។​

គួរ​រម្លឹកថា ចៅក្រម​សាលា​ដំបូល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​០៥​ខែសីហា​ឆ្នាំ​២០១៧​កន្លងមក​បានចេញ​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ជន​ត្រូវ​ចោទ​លោក គុយ សិទ្ធិ​សក្តិ ចំនួន​២​ករណី​គឺ​ទី​១-​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​និង​ទី​២-​ធ្វើការ​ចែកចាយ​រូបភាព​អាសអាភាស ដោយ​តម្រូវ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​និង​សងជំងឺចិត្ត​ជា​ទឹកប្រាក់​ចំនួន​២០០​លាន​រៀល​ទៅ​ឲ្យ​ដើមបណ្ដឹង​រដ្ឋប្បវេណី​កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នី​ឡា៕