ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ក្រឡាហោម​ស ខេង ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ខាងមុខ

ភ្នំពេញ ​៖ ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​អំពាវនាវ​ដល់​សាធារណជន​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​នៅ​ពេល​ធ្វើដំណើរ​នៅ​លើ​ដងផ្លូវ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​បង្ការ​និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ដែល​នឹង​ឈានចូល​មកដល់​នាពេល​ខាងមុខនេះ។

សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​នៅក្នុង​សេចក្តីអំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​សុ​វត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៨​ខែមីនា ​ឆ្នាំ​២០១៨​ថា​ គណៈកម្មាធិការ​ជាតិ​សុ​វត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សូម​កោតសរសើរ​ចំពោះ​អ្នកប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់​ដោយមាន​ឆន្ទៈ​ក្នុងការ​ចូលរួម​គោរព​និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុលផុស​ក្នុង​ពេលធ្វើ​ចរាចរណ៍​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការបាត់​បង់ជីវិត ការរង​របួស​និង​ការខូចខាត​ទ្រព្យសម្បត្តិ​ដោយសារ​ការគ្រោះថ្នាក់​ចរាច​រណ៍​នាពេល​កន្លងទៅ។

សម្តេច​ក្រឡាហោម ស ខេង​បាន​បន្តថា ​ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅតែ​បន្ត​ជា​បញ្ហា​ប្រឈម​ចំពោះមុខ​និង​យូរអង្វែង​ដែល​អាច​កើតឡើង​ភ្លាមៗ​ក្នុងករណី​អ្នកប្រើប្រាស់​ផ្លូវគោក​មានការ​ធ្វេសប្រហែស​ឬ​ខ្ជីខ្ជា​មិន​គោរព​ច្បាប់​។​

សម្តេច​ក្រឡាហោម​បាន​បន្ថែមថា​ នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៦ ​ខែមេសា ​ឆ្នាំ​២០១៨​ខាងមុខនេះ ​ចំនួន​យានយន្ត​ដែល​ធ្វើ​ចរាចរណ៍​តាមផ្លូវ​គោក​ខុស​ពី​ប្រក្រតី​ដែល​អាច​មាន​កើត​គ្រោះថ្នាក់​ចរាចរណ៍​ឬ​កកស្ទះ​ចរាចរណ៍​ដូច​បណ្តា​ឆ្នាំមុនៗ​ផងដែរ​។​

ដើម្បី​បង្ការ​និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នេះ​សម្តេច​ក្រឡាហោម​បាន​អំពាវនាវ ដ​លើ​សាធារណជន​ដូចខាងក្រោម​ ៖១៖ ត្រូវ​ពាក់មួក​សុ​វត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​។​

២៖ មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជាដាច់ខាត​។​៣៖ មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​។​៤៖ ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្ដាំ​ជានិច្ច​។​៥៖ ត្រូវ​ពាក់​ខ្សែក្រវាត់​សុ​វត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត​។​៦៖ មិនត្រូវ​បត់ ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន ឬ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​។​៧៖ ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស យានយន្ត​ជានិច្ច ពិសេស​ត្រួតពិនិត្យ​កង់ ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ​។ ​៨៖ សូមកុំ​ផ្ទុក​អ្នកដំណើរ ឬ​ទំនាញ​លើស​ច្បាប់​កំណត់​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើដំបូល និង​សូមមេត្តា​កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ​។​៩៖ មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​ជាដាច់ខាត​។​១០៖ ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកបដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​និង​១១​ក្នុងករណី​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ស្នើ​ប្រជាពលរដ្ឋ​គ្រប់រូប មេត្តា​អត់ធ្មត់ ខន្តី អធ្យាស្រ័យ​ជៀសវាង​ការប្រើ​អំពើហិង្សា ហើយ​ទាក់ទង​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត មក​ដោះស្រាយ​តាមច្បាប់​ជា​ធរមាន​។​

សម្តេច​ក្រឡាហោម​សខេង​ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​សង្ឃឹម​និង​ជឿជាក់ថា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​នឹងចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ក៏ដូចជា​អនុវត្តតាម​សេ​ក្តី​អំពាវនាវ​នេះ​ដើម្បី​នាំមក​នូវ​សុ​វត្ថិភាព​និង​សេចក្តីសុខ​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​។​

យោងតាម​របាយការណ៍ របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា​រយៈពេល​៤​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​ឆ្នាំ​២០ ១៧​កន្លងទៅ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស បាន​កើតឡើង​ចំនួន​៩៥​ករណី ស្លាប់​មនុស្ស​៤៣​នាក់ រងរបួស​ធ្ងន់​១០២ និង របួសស្រាល​៧៧​នាក់។

របាយការណ៍​ដដែល​បាន​ពន្យល់ថា ​មូល​ហេតុ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន អ្នកបើកបរ​ក្នុង​ល្បឿន​លឿន ស្រវឹង ប្រជែង មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ បត់​គ្រោះថ្នាក់ កត្តា​យានយន្ត និង​ងងុយដេក​ជាដើម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114