ព័ត៍មានទាន់​ហេតុការណ៏
Search

នៅក្នុង​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​ សម្បូរ​ចោ​រចូលទៅ​លួច​ទ្រព្យសម្បត្តិ​អ្នកជំងឺ​

ប៉ោយប៉ែត​ ៖ ​ អ្នកជំងឺ​ជា​ច្រើន​នាក់ រួម​ទាំង​បុគ្គលិក​ពេទ្យ​ផង​ដែរ បាន​ដង្ហោយ​ហៅ​ថ្នាក់លើឱ្យជួយ​ធ្វើអន្តរាគមន៍​ផង ពីព្រោះ​មាន​ក្រុម​ចោរហារយ ​បាន​ចូល​មក​បន្លំ​លួច​ទ្រព្យសម្បត្តិ​នៅ​ទីនោះ​ជា​រៀងរាល់​ថ្ងៃ ហើយ​ករណី​ខាងលើ​នោះ​ ខាង​គ្រូពេទ្យ​ក៏បាន​រាយការណ៍​សុំ​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ក្នុង​ក្រុង​ប៉ោយប៉ែត​ផង​ដែរ តែ​គ្មាន​លទ្ធផល​អ្វី​នោះទ។

​ប្រភពពី​អ្នកជំងឺ​ជាច្រើន​បាន​រាយការណ៍​មក​កម្ពុ​ជាថ្មី​ថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ ​គឺមាន​ក្រុមចោរ​ជាច្រើនបានចូលទៅ​លួច​ទ្រព្យសម្បត្តិ​របស់​ពួកគាត់ ​ខណៈដែល​ពួកគាត់​កំពុងតែ​សម្រាក​ព្យាបាលនៅក្នុង​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​សព្វថ្ងៃនេះ។ ប្រភព​ដដែល​ពី​អ្នកជំងឺ​បាន​បន្តទៀតថា​ មានពេលខ្លះពួក​ចោរ​បាន​គំរាមកំហែង​ថា បើសិនជា​អ្នកជំងឺ​ណា​ហ៊ានស្រែក ​គឺ​ត្រូវពួកវា​សម្លាប់ចោល​តែម្តង។

គេ​បាន​បន្តទៀតថា ក្នុងករណី​ដែល​ពួកចោរ​ចូលទៅ​លួច​សម្បត្តិ​អ្នកជំងឺ​នោះ ភាគច្រើន​វា​ចាប់ផ្ដើមធ្វើ​សកម្មភាព​ចាប់ពី​ម៉ោង ១២ រំលង​អធ្រា​ត្រ ​រហូតដល់​ម៉ោង ៣ ទៀបភ្លឺ​ ទើប​ស្ងប់ស្ងាត់​ទៅវិញ​ ហើយភាគច្រើន​គឺ​ក្រុម​ចោរលួច​ទូរស័ព្ទ​ និង​កាបូបដៃ​តែប៉ុណ្ណោះ ក្នុង​ខណៈជនរងគ្រោះ​ដេកលក់​នោះ​។

​លោក​ សួន​ សុផល ទទួលបន្ទុក​ផ្នែក​រដ្ឋបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ​បាន​ប្រាប់កម្ពុជា​ថ្មី​នៅ​កន្លែងកើតហេតុ​ កាលពី​ព្រឹក​ថ្ងៃទី៣០ ខែ​មីនា ​ឆ្នាំ ២០១៨ នេះ​ថា អ្វីដែលអ្នកកាសែត​ចោទសួរ​នោះ​ គឺ​វា​ពិត​ជាមាន​កើតឡើង​មែន។ លោក​បាន​បន្តទៀតថា មន្ទីរពេទ្យបង្អែក​នេះ​គឺបង្កើតឡើងនៅក្នុង​ឆ្នាំ ២០០២ មកម្ល៉េះ ​ហើយ​នៅក្នុង​មន្ទីរពេទ្យ​នេះ​គឺមាន​អគារធំៗ​ចំនួន​បួន ​ក្នុងនោះ​រួមមាន​អាគារ​វះកាត់ អាគារ​សម្រាប់​អ្នកជំងឺ​ទូទៅ អាគារ​កុមារ​ និង​អគារ​សម្ភព ហើយ​សព្វថ្ងៃនេះ​គឺមាន​អ្នកជំងឺ​សម្រាក​ចំនួន ១០០ នាក់ ​មាន​បុគ្គលិក​ក្របខ័ណ្ឌ​ចំនួន ៧៥ នាក់ ក្នុងនោះ​ក៏មាន​បុគ្គលិក​ជួល​ និង​ កម្មករ ៣០ នាក់​ទៀតផង​។

លោក​បាន​ឱ្យដឹងទៀតថា ការពិតទៅ​ក្រុមចោរ​ទាំងនោះបន្លំ​ខ្លួន​ធ្វើជា​គ្រួសារ​អ្នក​ជំងឺ​ រួច​ធ្វើ​សកម្មភាព​លួច​តែម្ដង ហើយ​រឿងរ៉ាវ​ខាងលើ​នោះ​លោក​កំពុងតែ​មានការ​បារម្ភ​ខ្លាច​ជនបង្ក​ធ្វើបាប​បុគ្គលិក​ពេទ្យ​ និង​អ្នកជំងឺ​ធ្ងន់ធ្ងរ​នាពេលខាងមុខ​ទៀត​ជាមិនខាន បើសិនជា​អាជ្ញាធរ​ និង​សមត្ថកិច្ច​គ្មាន​ការ​យកចិត្តទុកដាក់​ទេ​នោះ។ លោក​បាន​បន្តទៀតថា បើទោះជា​ខាង​មន្ទីរពេទ្យ​មាន​លុយ​តិច​ជួល​កម្លាំង​សមត្ថកិច្ច​ឲ្យ​មក​យាម​ ក៏​គ្មាន​អ្នកណា​គេ​មក​ដែរ ពីព្រោះ​យើង​មាន​ថវិកា​តិចតួច​ណាស់​សម្រាប់​ជួល​គេ​មក​យាម ហើយ​ករណី​ដែល​បាន​កើតឡើង​ខាងលើ​នោះ​ គឺ​វា​កើត​មាន​ជាង​មួយ​ឆ្នាំ​មក​ហើយ ដូច្នេះ​លោក​សំណូមពរ​ដល់​សមត្ថកិច្ច​ និង​អាជ្ញាធរ​មេត្តា​ជួយ​មាន​វិធានការ​ទប់ស្កាត់​ករណី​ខាងលើ​ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114