ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះរាជអាជ្ញា​យល់ព្រម​ពន្លឿន​នីតិ​វិធី​ច្បាប់ តាម​សំណើ​ ធី សុវណ្ណ​ថា

ភ្នំពេញ ​៖ កញ្ញា ធី សុវណ្ណ​ថា ប្រធាន​យុវជន​កិច្ចការ​សង្គម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា ទាក់ទង​សំណើសុំ​លើក​ពេល​ចូល​បំភ្លឺ​លើ​បណ្តឹង​របស់​ឈ្មោះ សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ហៅ William guang នោះ ព្រះរាជអាជ្ញា​បានសម្រេច​យល់ព្រម​ហើយ គឺ​យល់ព្រម​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក។

តាម​បណ្តឹង​របស់លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ហៅ William guang កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក ខាំ សុ​ផា​រី តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​កញ្ញា ធី សុវណ្ណ​ថា ឲ្យ​ចូល​បំភ្លឺ​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​សាកសួរ​ពី​ដំណើររឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​អោយ​មាន​ការរើសអើង ដែល​បណ្តឹង​របស់​ឈ្មោះ សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ហៅ William guang នេះ បាន​សំណូមពរ​អោយ​តុលាការ​ផ្ដន្ទាទោស​កញ្ញា ធី សុវណ្ណ​ថា ទៅតាម​ច្បាប់ និង​សងជំងឺចិត្ត​៥០០​លាន​រៀល​។ តែ​ត្រូវបាន​មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា ធី សុវណ្ណ​ថា ចំនួន​២​រូប គឺ​មេធាវី យ័ន ស៊ីណា​ល់ និង​មេធាវី ពុំ វិចិត្រ បានស្នើ​សុំ​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​លើក​ពេល​នៃ​ការចូល​បំភ្លឺ លើ​បណ្ដឹង​នេះ ដោយសារ​ជាប់​ភារកិច្ច មិនអាច​ចូល​បំភ្លឺ​បាន។

តាម​លិខិត​ចុះហត្ថលេខា​ដោយ​មេធាវី​ទាំង​ពីររូប​បាន​លើកឡើងថា កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ ២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​កូនក្តី​យើងខ្ញុំ​ឱ្យចូល​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ ព្រឹក ដើម្បី​ឆ្លើយបំភ្លឺ​លើ​បណ្ដឹង​របស់​ឈ្មោះ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ប្ដឹង​ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឲ្យ​មានការ​រើសអើង​។ ដោយហេតុថា នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ កូនក្តី​ខ្ញុំ​ត្រូវធ្វើ​ដំណើរ​ទៅ​ប្រទេស​កូរ៉េ ហើយ​មិនអាច​ត្រឡប់មក​ចូលមក​ឆ្លើយបំភ្លឺ​តាម​ការកោះហៅ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ ដើម្បី​ចៀសវាង​ការយឺតយ៉ាវ និង​នីតិ​វិធី​របស់​តុលាការ​យើងខ្ញុំ​សូម​ប្ដូរ​កាលបរិច្ឆេទ នាំ​កូនក្តី​ចូល​បំភ្លឺ​មក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​២​រសៀល​វិញ។

សូមបញ្ជាក់ថា ឈ្មោះ សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ William guang ត្រូវបាន​កញ្ញា ធី សុវណ្ណ​ថា ប្រធាន​យុវជន​កិច្ចការ​សង្គម​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ប្តឹង​ពីបទ បរិហាកេរ្តិ៍ និង​ជេរប្រមាថ​ជា​សាធារណៈ គំរាមកំហែង ថា​នឹង​សម្លាប់ ដោយមាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង ព្រមទាំង​បទ​កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២០​ម៉ឺន​ដុល្លារ​ផងដែរ​។​

បណ្តឹង​នេះ ត្រូវបាន​លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​បំភ្លឺ​ចំនួន​៣​លើក​រួចមកហើយ គឺ​ទី​១, នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩ ព្រឹក លើក​ទី​២, នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក និង​លើក​ទី​៣, នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​៩ ព្រឹក ប៉ុន្តែ​ឈ្មោះ គី វណ្ណា ដែលជា​ម្ចាស់​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ វីលៀម​ហ្គែ​ង (William guang) មិនបាន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​នោះទេ ហើយ​នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨ ឈ្មោះ William guang បានដាក់​ពាក្យ​ប្តឹងទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​បញ្ញា ធី សុវណ្ណ​ថា ពីបទ​បរិហារកេរ្តិ៍ ជា​សាធារណៈ និង​ទាមទារ​ជំងឺ​ចិត្ត​ចំនួន​៥០០​លាន​រៀល​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114