ព័ត៍មានទាន់​ហេតុការណ៏
Search

OPPO F7 ទើប​ចេញ​ក្រោយ​ តែបើ​ប្រៀបធៀប​ជាមួយ iPhone X ក៏​មិន​ណ​យ​ដែរ!

ភ្នំពេញ ​៖​ ដោយសារ​កាលពី​ថ្មីៗ​នេះ ក្រុមហ៊ុន​OPPO ទើបតែ​បានប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ខ្លួន​ចុងក្រោយ គឺ OPPO F7 ដែលមាន​រូបរាង​ស្អាត និង​លក្ខណៈពិសេសៗ​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន ស្រដៀង​នឹង iPhone X​។ ដូច្នេះ ថ្ងៃនេះ​យើង​សាកល្បង​ធ្វើការ​ប្រៀបធៀប​វា​ជាមួយ iPhone X ចង់ដឹងថា​ទូរ​សព្ទ​អេក្រង់​ឆក​មានតម្លៃ​ខ្ទង់ 300 ដុល្លារ និង​ខ្ទង់ 1,000 ដុល្លារ​ទាំងពីរ​នេះ​មាន​ចំណុច​ល្អ​ពិសេស​អ្វីខ្លះ ដែល​អាច​ប្រៀបធៀប​គ្នា​បាន​?

រូប​បរា​ង និង​រចនាបថ​៖ ជាដំបូង​យើង​មក​មើលរូប​រាង​របស់​ទូរ​សព្ទ​ទាំង ២ នេះ​សិន អាច​និយាយបានថា OPPO F7 និង iPhone X ពិតជា​ស្រស់ស្អាត​ទាន់សម័យ​។ ដោយ iPhone X ត្រូវបាន​ក្រាល​ផ្ទៃ​ខាងក្រោយ​ដោយ​កញ្ចក់ និង​ស៊ុម​ជា​លោហធាតុ Stainless Steel និង​មាន​កាមេរ៉ា​លៀន​ចេញមក​បន្ដិច ចំណែកឯ OPPO F7 ក៏បាន​ផ្លាស់ប្ដូរ​ខ្នង​ខាងក្រោយ​មក ជា​កញ្ចក់​ដែរ និង​ស្រោប​មកដល់​មុខ ជា​ប្រភេទ Uni-Body ប៉ុន្តែ​កាមេរ៉ា​មិន​លៀន​មក​ច្រើន​ទេ ហើយក៏​ឃើញ​មាន​ស៊េ​ន​ស័​រ​ស្កេ​ន​ម្រាមដៃ​ផងដែរ​។​

iPhone X មាន​កម្រាស់ ៧.៧ មី​លី​ម៉ែត្រ និង​ទម្ងន់​ដល់ ១៧៤ ក្រាម​ ខណៈពេល​ដែរ OPPO F7 មាន​កម្រាស់ ៧.៨ មី​លី​ម៉ែត្រ និង​ទម្ងន់ ១៥៨ ក្រាម​។ ទៅលើ​ការ រចនា​យើង​អាច​ឲ្យ​ពិន្ទុ​ទៅ OPPO F7 ជាង iPhone X ដោយសារតែ​វា​មាន​រូបរាង​សាមញ្ញ​ទម្លាប់​ចាស់ កាមេរ៉ា​ក៏​មិន​លៀន​ចេញ​ខ្លាំង ហើយ​វា​ក៏មាន​ទម្ងន់​ស្រាល ងាយស្រួល​កាន់​ជាង​ផងដែរ បើទោះជា​អេក្រង់​របស់​វា​ធំ​ជាង iPhone X ឆ្ងាយ​ក៏ដោយ​។ ប៉ុន្តែ​សម្រាប់​ប្រិយមិត្ត​មួយចំនួន ប្រហែលជា​ស្រលាញ់​រូបរាង Compact របស់ iPhone X ជាង​ដោយ​មិន​ខ្វល់​ពី​ទម្ងន់​ទេ វា​ក៏​អាស្រ័យ​ទៅតាម​អ្នកប្រើប្រាស់​ដែរ​។​

អេក្រង់ និង​កម្រិត​បង្ហាញ​ភាពច្បាស់​៖ X និង OPPO F7 សុទ្ធតែ​ជា​ទូរស័ព្ទ​មាន​អេក្រង់​ឆក​ដូចគ្នា ដោយ OPPO F7 បាន​ប្រើប្រាស់​នូវ​អេក្រង់ LTPS IPS LCD មាន​ទំហំ ៦.២៣ អ៊ី​ញ លាត​ប្រហែល ៨២.៥% នៃ​ផ្ទៃ​ខាងមុខ ជា​អេក្រង់​ទ្រវែង​មាន​វិមាត្រ 19:9 Ratio មាន​កម្រិត​បង្ហាញ Full HD+ (2280 x 1080 ភិ​ច​ស៊េ​ល​) និង​ដង់ស៊ីតេ​អេក្រង់ ៤០៥ ppi​។ ចំណែកឯ iPhone X វិញ​មាន​អេក្រង់ OLED ទំហំ ៥.៨ អ៊ី​ញ​លាត​ប្រហែល ៨២.៩% នៃ​ផ្ទៃ​ខាងមុខ កម្រិត​បង្ហាញ​ក្បែ​នឹង Quad HD ដែរ​គឺ (1125 x 2438 ភិ​ច​ស៊ែ​ល​) និង​ដង់ស៊ីតេ​អេក្រង់ 458 ppi​។ ទៅលើ​ទំហំ​អេក្រង់​គឺ OPPO F7 ធំ​ជាង​ប្រមាណ​ជិត​កន្លះ​អ៊ី​ញ​ដែរ ប៉ុន្តែ​អេក្រង់ OLED របស់ iPhone X ជា​អេក្រង់​ល្អ​ជាង មាន​ដង់ស៊ីតេ​ខ្ពស់ បង្ហាញ​បាន​ច្បាស់​ម៉ត់​ជាង ព្រមទាំង HDR10 ទៀតផង អញ្ចឹង​ពិន្ទុ​អេក្រង់ iPhone X គឺ​ប្រាកដជា​ទទួលបាន​មេដៃ​។

កម្លាំង​ម៉ាស៊ីន​៖ កម្លាំង​ម៉ាស៊ីន យើង​ដឹង​យ៉ាងច្បាស់​ណាស់​ថា iPhone X ខ្លាំង​មិនធម្មតា​ទេ ព្រោះ​វា​ប្រើ​ឈី​ប A11 Bionic រ៉េ​ម​ដល់ ៣ ជីកា​បៃ ទំហំ​ផ្ទុក ៦៤ ឬ ១២៨ ជីកា​បៃ និង​ដំណើរការ​ដោយ iOS 11។ ចំណែកឯ OPPO F7 ប្រើប្រាស់​ឈី​ប Helio P60 ទើបនឹង​ចេញ​ថ្មី មាន​រ៉េ​ម​ទំហំ ៤ ឬ ៦ ជីកា​បៃ អង្គ​ផ្ទុក​ទិន្នន័យ ៦៤ ឬ ១២៨ ជីកា​បៃ ហើយ​វា​ក៏មាន​សមត្ថភាព​បន្ថែម microSD បាន​ដល់ ២៥៦ ជីកា​បៃ​ផងដែរ​។ F7 ដំណើរការ​ដោយ Android Oreo និង​ប្រើប្រាស់​ផ្ទៃ​អ៊ី​ធើ​ហ្វេ​ស ColorOS 5.0 ជំនាន់​ចុងក្រោយ​។

ទៅលើ​កម្លាំង iPhone X ប្រាកដជា​កប់​ហើយ ប៉ុន្តែ OPPO F7 ក៏​មិន​អន់​ដែរ ព្រោះ​ឈី​ប Helio P60 គឺជា​ឈី​ប​តូច និង​មាន​បច្ចេកវិទ្យា​បញ្ញា​សប្ប​និមិត្ត AI ជំនួយ​គ្នា​ទៅលើ​ល្បឿន ម្យ៉ាងទៀត​វា​ក៏មាន​រ៉េ​ម​ធំ និង​អាច​បន្ថែម​មេម៉ូរី​ខាងក្រៅ​បាន​ផងដែរ ដូចនេះ​វា​ក៏​ស្ថិតនៅលើ​លំដាប់​លើស​បង្គួរ​ផងដែរ​។
​កាមេរ៉ា​៖ iPhone X គឺជា​ទូរ​សព្ទ​ដែលមាន​កាមេរ៉ា​ល្អ​បំផុត​របស់ Apple ជាពិសេស​កាមេរ៉ា​ភ្លោះ​នៅ​ខាងក្រោយ ដែ​មាន​ទំហំ ១២ មេ​ហ្គា​ភិ​ច​ស៊ែ​ល​ទាំង ២ គ្រាប់​កម្រិត Aperture f/1.8 និង f/2.4 និង​មានមុខ​ងារ​ទប់​លំនឹង OIS ទាំង ២ គ្រាប់​ដូចគ្នា ជំនួយ​ទៅដល់​ការថត​វី​ឌី​អូ 4K ល្បឿន ៦០ ហ្វ្រេ​ម​បាន​យ៉ាង​ល្អ​។ ចំណែក​កាមេរ៉ា​ក្រោយ​របស់ OPPO F7 មាន​ទំហំ ១៦ មេ​ហ្គា​ភិ​ច​ស៊ែ​ល Aperture f/1.8 ធំ​ផងដែរ និង​ថត​វី​ឌី​អូ​ត្រឹម Full HD ប៉ុណ្ណោះ​។​

ផ្នែក​កាមេរ៉ា​ក្រោយ គឺ​មិនអាច​ប្រជែង​ជាមួយ និង​កាមេរ៉ា​ភ្លោះ​របស់ iPhone X បានទេ​ព្រោះ​វា​គឺជា​កាមេរ៉ា​លំដាប់​កំពូល​ទៅហើយ ប៉ុន្ដែ OPPO F7 ក៏​ជា​កាមេរ៉ា​ល្អ​ក្នុង​លំដាប់​បង្គួរ​ដែរ ព្រោះ​វា​ក៏មាន​មុខងារ Portrait ថត​ព្រាល នៅលើ​លេន​តែមួយ​គ្រាប់​ប៉ុណ្ណោះ ហើយ​ក៏មាន​មុខងារ Vivid Mode ចាប់​រូបភាព​មាន​ពណ៌​លេច​ស្រស់ និង​មាន Scene ថតរូប ១៦ សំរាប់​អ្នក​មិនសូវ​ចេះ​កំណត់​ប្លង់​ផងដែរ ដូចជា​ថតរូប​អាហារ​, ថ្ងៃ​លិច​, នៅ​កន្លែង​ពន្លឺ​ទាប​, បែប​ទេសភាព ។​ល​។​

អ្វីដែល OPPO ព្យាយាម​ខ្លាំង​គឺ​កាមេរ៉ា​ខាងមុខ វា​គឺជា​កាមេរ៉ា​ប្រើប្រាស់​ស៊េ​ន​ស័​រ​ធំ​បំផុត​ដំបូង​គេ របស់​ក្រុមហ៊ុន Sony គឺ​ស៊េ​ន​ស័​រ IMX576 ដែល​ចាប់​រូបភាព​ក្នុង​ទំហំ ២៥ មេ​ហ្គា​ភិ​ច​ស៊ែ​ល កម្រិត Aperture f/2.0 ប្រើប្រាស់​លេន​ទូលាយ​ល្អ និង​មុខងារ HDR ចាប់​រូប​ភាបស្រស់ស្អាត​ជាមួយ​មុខងារ​ជំនួយ​សម្រស់​ជំនាន់ ២.០​។ ឯ​កាមេរ៉ា​មុខ​របស់ iPhone X មាន​ទំហំ ៧ មេ​ហ្គា​ភិ​ច​ស៊ែ​ល Aperture f/2.2 ថតរូប​ភាព​បាន​ស្អាត​ល្អ និង​ថត​ព្រាល​ផ្ទៃ​ខាងក្រោយ​បាន​ផងដែរ​។

ពិន្ទុ​កាមេរ៉ា​មុខ​គឺ OPPO F7 ទទួល​បាន​ល្អ​ជាង ដោយសារតែ​ស៊េ​ន​ស័​រ​ចាប់​រូបភាព​ធំ​ជាង iPhone X ប្រហែល ៣.៥ ដង ហើយ​ក្រុមហ៊ុន​បំពាក់​នូវ​បច្ចេកវិទ្យា​បញ្ញា​សប្ប​និមិត្ត​ដែល​ធ្វើការ​បាន​ប្រសើរ​មែនទែន វា​ចាប់​យកមុខ​មនុស្ស​យើង​ចំនួន ២៩៦ ចំណុច​នៅពេល​ថត ដែល​គណនា​ដឹង​នូវ ភេទ​, អាយុ​, ទម្រង់​មុខ​, ប្រភេទ​ស្បែក​, ពណ៌​ស្បែក ហើយក៏​ធ្វើការ​កែកុន​មុខ​របស់​អ្នក ឲ្យ​ទៅជា​ស្រស់ស្អាត មិន​ប្លែក​ពី​ធម្មតា​ច្រើន​ឡើយ ជាមួយនឹង​បច្ចេកវិទ្យា​ជំនាញ​ខាង​សម្រស់ ដែល​គណនា​ទម្រង់​មុខ​បាន​ដល់ ៨ លាន​ប្រភេទ​ឯណោះ​។

មិន​ត្រឹមតែ​ផ្ទៃមុខ​ទេ ផ្ទៃ​ខាងក្រោយ​ដែល​អ្នក​បាន​ថត ក៏​អាច​ថត​ព្រាល​បាន​ផងដែរ ឬ​ចង់​បើក HDR និង Vivid Mode ដើម្បី​ឲ្យ​ចាប់​ពណ៌​បាន​ភ្លឺ​ស្រស់ មាន​គុណភាព​ខ្ពស់ ដោយសារ​ស៊េ​ន​ស័​រ​ធំ​ច្បាស់ ថត​បាន​ទូលាយ និង​មុខងារ​ជំនួយ​ច្រើន​។

ថាមពល​ថ្ម​៖​ថ្ម​របស់ iPhone X មាន​ថាមពល ២,៧១៦ មី​លី​អំពែ ដែល​អាច​ប្រើប្រាស់​បានយូរ និង​អាច​សាក​ថ្ម​បាន​លឿន ព្រមទាំង​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​ទៀតផង​។ ចំណែកឯ OPPO F7 មាន​ថាមពល​ថ្ម ៣,៤០០ មី​លី​អំពែ ដែល​មើល​ទៅលើ​ចំនួន​លេខ វា​ធំ​ជាង​ច្រើន​គួរសម​ដែរ ហើយ OPPO ក៏បាន​បំពាក់​នូវ​មុខងារ AI Battery Management ផងដែរ សម្រាប់​សន្សំ​ថ្ម​នៅ​ពេល​ប្រើប្រាស់ ហើយ​ការ​ទុកចោល​ច្រើ​ង​ម៉ោង​ក៏​វា​មិន​ស្រក​ថ្ម​ច្រើន​នោះទេ​។ វា​មិន​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​មកជា​មួយ​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន​ជំនួស​មកវិញ នូវ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Quick Charge ព្រមទាំង​បាន​ភ្ជាប់​មក​នូវ​ក្បាល​សាក​លឿន​ក្នុង​ប្រអប់​មកជា​ស្រេច​។

តម្លៃ​៖​តម្លៃ​គឺជា​ចំណុច​ដែលមាន​អ្នក​ពិចារណា​ច្រើនជាងគេ ដោយសារ​តែមួយ​ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល និង​ជា​ស្មា​ត​ហ្វូ​ន​ពិសេស​ក្នុង​ខួប ១០ ឆ្នាំ​របស់ Apple ផងដែរ​។ ចំណែកឯ​មួយទៀត គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ OPPO ដែល​បាន​ផ្លាស់ប្ដូរ​រូបរាង​ថ្មី ជាមួយនឹង​អេក្រង់​លាត​ធំ​ជាង​មុន និង​មាន​ក្បាល​ឆក​ដូចគ្នា​។ iPhone X មិនមែន​តម្លៃ​ទាប​ឡើយ តម្លៃ​របស់​វា​គឺ ១,០៥០ ដុល្លារ​សម្រាប់​ម៉ូ​ឌែ​ល ៦៤ ជីកា​បៃ និង​តម្លៃ ១,១៥០ ដុល្លារ​ចំពោះ​ម៉ូ​ឌែ​ល ២៥៦ ជីកា​បៃ ហើយ​វា​ក៏​ជា​ស្មា​ត​ហ្វូ​ន​ដែល​មិនមាន​ធានា​នោះទេ ប្រសិនបើ​ចង់បាន​ធានា ១ ឆ្នាំ​ពី​ក្រុមហ៊ុន​វា​កាន់តែ​ថ្លៃ​ទៅទៀត ដល់​តម្លៃ ១,២២៨ និង​ម៉ូ​ឌែ​ល ២៥៦ ជីកា​បៃ តម្លៃ​លោត​ទៅដល់ ១,៤០៨ ដុល្លារ​ឯណោះ​។​
ខណៈពេលដែល OPPO F7 មានតម្លៃ​ខ្ទង់ ៣០០ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ម៉ូ​ឌែ​ល​រ៉េ​ម ៤ ជីកា​បៃ និង​ទំហំ​ផ្ទុក ៦៤ ជីកា​បៃ ចំណែក​ម៉ូ​ឌែ​ល​រ៉េ​ម ៦ ជីកា​បៃ និង​ទំហំ​ផ្ទុក ១២៨ ជីកា​បៃ តម្លៃ​នៅ​ខ្ទង់ ៤០០ ដុល្លារ​។ ដូច្នេះ ជារួម OPPO F7 និង iPhone X សុទ្ធ​តែមាន​ចំណុចខ្លាំង និង​ចំណុចខ្សោយ​រៀងៗ​ខ្លួន​។ ចុះ​ចំណែក​លោកអ្នក​វិញ យល់​យ៉ាងម៉េច​ដែរ? ៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114