ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​ហ៊ុន សែន ថ្លែង​ចំណុច​គន្លឹះ​សំខាន់ៗ​ចំនួន​៥​នៅក្នុង​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​(GMS)​លើក​ទី​៦

​ភ្នំពេញ ៖​ នៅ​ព្រឹក​ថ្ងៃទី៣១ ខែមីនា​នេះ មេដឹកនាំ​នៃ​ប្រទេស​មហា​អនុតំបន់​មេគង្គ​(GMS) រួមមាន​កម្ពុជា​ចិន​ឡាវ​មី​យ៉ាន់​ម៉ារ​ថៃ​និង​វៀតណាម​ បាន​ជួបជុំគ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​(GMS)​លើក​ទី​៦​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ ​នេះ​បើ​យោងតាម​ប្រភពពី​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​ទៅកាន់​មេដឹកនាំ​នៃ​ប្រទេស GMS ក្រោម​ប្រធានបទ​ការធ្វើ​អានុភាវូបនីយកម្ម​កិច្ច​សហប្រតិបត្តិការ​រ​យៈ​ពេល​២៥​ឆ្នាំ ​ដើម្បី​មហា​អនុ​តំបន់​មេគង្គ​ប្រកបដោយ​ចីរភាព​សមាហរណកម្ម​និង​វិបុលភាព។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ដោយ​ផ្តោត​ទៅ​លើ​ចំណុច​គន្លឹះ​សំខាន់​ចំនួន ៥ ក្នុងនោះ​រួមមាន​៖ ទី​១. ស្របគ្នា​នឹង​ចក្ខុវិស័យ​របស់​កម្ពុជា​ក្នុង​ការ​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ក្នុង​ការ​តភ្ជាប់​ទាំង​ផ្នែក​ទន់ និង​ផ្នែក​រូបវន្ត តាមរយៈ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ថាមពល ដែល​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​ពិពិធ​កម្ម​សេដ្ឋកិច្ច ការ​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ផលិតភាព​ក្នុង​វិស័យ​សំខាន់ៗ​រួមមាន កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍​។ ការ​តភ្ជាប់​របៀង​សេដ្ឋកិច្ច​សំខាន់ៗ​ជាអាទិ៍​របៀង​ត្បូង​-​ជើង​,​របៀង​កើត​-​លិច​និង​របៀង​ភាគ​ខាងត្បូង​រួម​ទាំង​គម្រោង​សាងសង់ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត​លើ​ការ​ជំរុញ​ការ​តភ្ជាប់​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ជាពិសេស​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ថាមពល ការ​ជំរុញ​អនុវត្ត​កិច្ចព្រមព្រៀង​សម្រួលការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ឆ្លងកាត់​ព្រំដែន​និង​ការ​អភិវឌ្ឍ​ទីក្រុង​តាម​របៀង​សេដ្ឋកិច្ច ដើម្បី​រួមចំណែក​ដល់​ពិពិធ​កម្ម​សេដ្ឋកិច្ច​តំបន់​ឲ្យ​កាន់តែ​ទូលាយ​។

​ទី​២.​ខ្ញុំ​យល់​ឃើញ​ថា មហា​អ​នុ​តំបន់​មេគង្គ​មាន​សក្តានុពល​ខ្ពស់​សម្រាប់​បង្កើត​បណ្តាញ​ផលិតកម្ម​តំបន់​មួយ​ប្រកបដោយ​ភាព​ប្រកួតប្រជែង និង​ប្រសិទ្ធភាព​ដែល​អាច​បែងចែក​ប្រយោជន៍​សមស្រប​ដល់​ប្រទេស​ជា​សមាជិក​។ ដូច្នេះ​ទៅមុខ​យើង​គួរ​បង្កើន​ការ​យកចិត្តទុកដាក់​លើ​ការ​តភ្ជាប់​ផ្នែក​ទន់​ផង​ដែរ ដើម្បី​ទាញ​អត្ថប្រយោជន៍​ឲ្យ​បាន​ពេញលេញ ពី​ការ​វិនិយោគ​លើ​ការ​តភ្ជាប់​រូបវន្ត​រួម​ទាំង​ការ​តភ្ជាប់​ឌីជីថល និង​ការផ្ទេរ​បច្ចេកវិទ្យា ព្រមទាំង​ពី​ការធានា​ចលនា​ដោយ​សេរី និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​លំហូរ​ពលកម្ម ពាណិជ្ជកម្ម និង​ការ​វិនិយោគ ដោយ​បំពេញ​គ្នា​ទៅវិញទៅមក​នៅ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់​។ ដោយ​ទទួលស្គាល់​សារៈសំខាន់​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការ​ដឹកជញ្ជូន​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​ក្នុង​វិស័យ​ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍ កម្ពុជា​ស្នើ​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់ រួមគ្នា​ព​ន្លឿ​ន​ការអនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ «​កិច្ចព្រមព្រៀង​សម្រួលការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​» តាមរយៈ​ការ​ធ្វើ​បច្ចុប្បន្នភាព​នីតិវិធី​អនុវត្ត​និង​ជំរុញ​អនុវត្ត​គំនិត​ផ្តួច​ផ្តើម​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

​ទី​៣. យើង​ត្រូវ​បន្ត​ខិតខំ​ធានា​កំណើន​សេដ្ឋកិច្ច​មហា​អនុតំបន់​មេគង្គ​ឲ្យ​មាន​ភាព​រឹងមាំ ចីរភាព និង​បរិ​យាប​ន្ន​តាម​រយៈ​ការធានា​នូវ​ប្រសិទ្ធ​ភាពជា​អតិបរមា​នៃ​ការអនុវត្ត​កម្មវិធី​មហា​អនុ​តំបន់​មេគង្គ។ ក្នុង​ស្មារតី​នេះ ខ្ញុំ​សូម​ផ្តល់​ការ​អនុម័ត និង​គាំទ្រ «​ផែនការ​សកម្មភាព​ហាណូយ និង​ក្រប​ខណ្ឌ​វិនិយោគ​តំបន់​ឆ្នាំ​២០២២»​សម្រាប់​តម្រង់​ទិស​ការ​អនុវត្ត​កម្មវិធី​មហា​អនុ​តំបន់​មេគង្គ​ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២​។ ឆ្លៀតឱកាស​នេះ ខ្ញុំ​ក៏​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋមន្ត្រី ឧ​ត្ត​ម​មន្ត្រី និង​ក្រុមការងារ​ទាំងអស់ នៃ​កម្មវិធី​មហា​អនុ​តំបន់​មេគង្គ ដែល​បាន​ខិតខំ​រៀប​ចំ​តាក់តែង​ឯកសារ​នេះ​ឡើង រួម​ទាំង​ឯកសារ​យុទ្ធសាស្ត្រ​តាម​វិស័យ​ផ្សេង​ទៀត ដូចជា យុទ្ធសាស្ត្រ​វិស័យ​ទេសចរណ៍ សុខាភិបាល កសិកម្ម បរិស្ថាន និង​ដឹកជញ្ជូន​។

​ទី​៤. ជាមួយគ្នានេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ដៃគូ​អភិវឌ្ឍន៍​របស់​យើង​ជាពិសេស​ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់​ការផ្តល់​ហិរញ្ញប្បទាន និង​ជំនួយ​បច្ចេកទេស​នានា​។ ជាក់ស្តែង​ការតភ្ជាប់​តំបន់ ជាពិសេស​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ពិតជា​ត្រូវការ​ហិរញ្ញប្បទាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​ក្នុងនោះ​គម្រោង​ចំនួន ១២៩ គិត​ជា​ទឹកប្រាក់​ស្មើនឹង ២៩​ពាន់​លាន​ដុល្លារ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការវិនិយោគ​តំបន់​ឆ្នាំ​២០២២ នៅ​មិនទាន់មាន​ហិរញ្ញប្បទាន​នៅឡើយ​។ ក្នុងន័យ​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ប្រទេស​ជា​សមាជិក និង​ដៃគូ​អភិវឌ្ឍន៍​មេត្តា​បន្ត​ខិតខំ​កៀរគរ​ធនធាន​បន្ថែម ដើម្បី​អនុវត្ត​ផែនការ​ប្រកបដោយ​មហិច្ឆតា​របស់​យើង​ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ពេលអនាគត ដោយ​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​តំបន់​សំខាន់ៗ​ដូចជា «​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​-​ផ្លូវ​មួយ​», «​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​»​និង «​គំនិត​ផ្តួចផ្តើម​របស់​ជប៉ុន​ស្តីពី​ភាពជា​ដៃគូ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​»​ក៏ដូចជា​ការចូលរួម​របស់​វិស័យ​ឯកជន នៅក្នុង​ការអភិវឌ្ឍ​តំបន់​របស់​យើង​។

ទី​៥. ចំពោះមុខ​ការផ្លាស់ប្តូរ​ឆាប់រហ័ស​នៃ​និម្មាបនកម្ម​តំបន់ និង​ពិភពលោក​ទាំង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និង​ការវិវត្តន៍​នៃ​បច្ចេកវិទ្យា ខ្ញុំ​សូម​ស្នើ​ឲ្យ​មានការ​គិតគូរ​អំពី​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រ​បស់​យើង​ទៅមុខ ក្រោយពី​ផែនការ​ហាណូយ​២០២២ ត្រូវបាន​បញ្ចប់ ដើម្បី​ចាប់​យក​ឱកាស និង​ត្រៀម​ដោះស្រាយ​ផលវិបាក​នានា​ជាយថាហេតុ​។

​នៅ​ក្នុង​ពិធី​នោះ​ដែរ​មេដឹកនាំ​នៃ​ប្រទេស GMS បាន​ឯកភាពគ្នា​ក្នុងការ​ឈានទៅ​ប្រកាស​លើ​ឯកសារ​ផ្លូវការ​នៃ​សេចក្តី​ថ្លែងការណ៍​ទីក្រុង​ហាណូយ​ស្តីពី​ការធ្វើ​អា​នុ​ភាវូបនីយកម្ម​កិច្ច​សហប្រតិបត្តិការ​រយៈ​ពេល​២៥​ឆ្នាំ​ដើម្បី​មហា​អនុតំបន់​មេគង្គ​ប្រកបដោយ​ចីរភាព​សមាហរណកម្ម​និង​វិបុលភាព​៕