ព័ត៍មានទាន់​ហេតុការណ៏
Search

ច​ន ច័ន្ទ​លក្ខិណា លើក​សរសើរ​មិន​ដាច់​ពី​មាត់​លើ​ចរិត​តារា​កំប្លែង ​នាយ កុយ

​ភ្នំពេញ ​​៖​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែលជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ និង​ជា​តារា​សម្តែង​វ័យ​ជ្រេ​បន្តិច​នោះ ​ថ្មីៗ​នេះ​បាន​បើក​កកាយ​លើក​និយាយ​ពី​អត្ត​ច​រិ​តរ​បស់​តារា​កំប្លែង​ជើងចាស់​មាន​ប្រជាប្រិយភាព​គឺ ​នាយ កុយ ដោយបាន​ពោល​ពាក្យ​សរសើរ​ពេញៗ​មាត់​តែម្តង​។

​ជាការ​ពិតណាស់​ តាម​ការ​សង្កេតឃើញ​ពុំមែន​មានតែ​តារា​សម្តែង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ម្នាក់នោះទេ​ ដែល​តែង​និយាយ​លើកសរសើរ​ និង​ការគាំទ្រ​ចំពោះ​តារា​កំប្លែង​មានឈ្មោះ​ល្បីទូទាំងប្រទេស​ គឺ​នាយ កុយ សូម្បីតែ​មហាជន​គ្រប់​ស្រទាប់​វ័យ​ មិន​ថា​ចាស់ឬ​ក្មេង​នោះទេ​ គឺកន្លងមក​ពួកគាត់​តែងតែ​បង្ហាញ​នូវ​ការគាំទ្រ​ជាមួយ​ការ​លើក​សរសើរ​ពី​តារា​កំប្លែង​រូបនេះ​។

​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ចេញពី​ចិត្ត​របស់ខ្លួន​ថា ​លោកពូ​គឺ​មនុស្ស​ដែលគួរអោយ​គោរព​បំផុត ​ពីមុន​ខ្ញុំ​តែង​ឮ​គេ​និយាយ​មិនល្អ​ពី​ការដឹកនាំ​កូនក្រុម​របស់គាត់​ តែ​ពេលស្គាល់​គាត់​កាន់តែច្បាស់​ និង​ពេល​ខ្ញុំ​ចូលមក​កាន់​តួនាទី​នៃ​ការដឹកនាំ​អ្នកសិល្បៈ​ គឺ​ធ្វើឱ្យ​ខ្ញុំ​យល់ពី​គាត់​កាន់តែច្បាស់​ គាត់​គឺ​មិន​ដូច​អ្វីដែល​គេ​និយាយ​ឡើយ។

​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​រូបនេះ​បាន​បន្តថា​ គាត់ ​(​នាយ កុយ)​ គឺជា​មេក្រុម​ដ៏​មាន​ព្រហ្មវិហារធម៌ ជា​មេ​ដែលមាន​ចិត្ត​មេត្តាធម៌ និង គិតពី​សុខទុក្ខ​កូនក្រុម​ជាង​អ្វី​ទាំងអស់។ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ដែល​យល់​ពី​ទឹកចិត្ត​ដ៏​សែន​ល្អ​របស់គាត់? ខ្ញុំ​ឃើញ​ពួកគាត់​កាន់តែ​មាន​វ័យ​ជ្រេ តែ​គាត់​នៅតែបម្រើ​វិស័យ​សិល្បៈ​ទាំង​សុខភាព​មិនសូវ​មាំទាំ។

​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បន្ថែមថា ​សូម​គុណបុណ្យ​បារមី ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និង វត្ថុស័ក្ដិសិទ្ធិ​ក្នុង​លោក​តាម​ជួយ​ថែរក្សា​លោកពូ និង សិល្បករ​សិល្បការិនី​ទាំងចាស់ទាំងក្មេងទូទាំងប្រទេស​ ​សូមឱ្យ​ចៀស​ចាក​ផុតពី​ជំងឺតម្កាត់​ផ្សេងៗ​ និង​ចាក​ផុត​ទុក្ខភ័យទាំងឡាយ ​ពេលនេះ​ខ្ញុំ​បារ​ម្ភ​ពី​គាត់​ខ្លាំងណាស់​ ព្រោះ​គាត់​គឺជា​មេក្រុម​ដ៏​សែន​ល្អ​បំផុត​ ជាចាស់ទុំ​សិល្បៈ​ដ៏​គួរឱ្យ​គោរព​។

​សូមបញ្ជាក់ថា​ តារា​កំប្លែង​នាយ កុយ ពេលនេះ​ត្រូវបាន​បាត់បង់​អាជីព​កំប្លែង​តាម​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ទាំង​ស្រុង ​ក្រោយពេល​ត្រូវបាន​អ្នក​គ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​នានា​លែងបង្កើត​ឲ្យ​មាន​ការលេង​កំប្លែង​ដូច​មុនៗ​។ ​ប៉ុន្តែ​ដោយ​ការស្រឡាញ់​សិល្បៈ​ នាយ កុយ នៅតែ​បន្ត​អាជីព​មួយ​នេះ​តាមរយៈ​ការចេញ​កំប្លែង​តាម​កម្មវិធី​បុណ្យ​ ឬ ​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​ត្រូវបានផ្តល់ឱកាស​ដល់​នាយ៕