ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ោ ភា​រិ​ទ្ធ ជួប​ថៃ Soun Tepheap ឯ​ផុន ផាន់​ណា ជួប​ប្រេ​ស៊ី​ល Thago Augusto នៅ​SEA-TV

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ប៉ោ ភា​រិ​ទ្ធ ឬ​យ៉េន ឌី​ណា នឹងត្រូវ​ប្រកួត​ជម្រះបញ្ជី​ជាមួយ​អ្នក​ប្រដាល់​ថៃ Soun Tepheap នៅក្នុង​កម្មវិធី​ប្រដាល់​Ganzberg Top Fighter លើស​ង្វៀន SEA-TV នាយ​ប់ ថ្ងៃ​សៅ​រ៍ ទី​០៧​ ខែមេសា ឆ្នាំ​២០១៨​នេះ ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម ។​

Soun Tepheap​នេះ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់​នៅ​ស្រុកថៃ ក្នុង​ប្រភេទ​ទម្ងន់​៦០ គ​.​ក្រ​នេះ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​វាយ​ខ្លាំង​និង​ល្អ ។ Soun Tepheap​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប្រមាណ​៥​លើក​ហើយ​កន្លងមក ដោយ​វាយ​ឈ្នះ​ច្រើនជាង​ចាញ់ ដូចជា​ធ្លាប់​ឈ្នះ​មាស ច័ន្ទ​មាន ,​ឈ្នះ គង់ សំបូរ , ឈ្នះ​ស៊ឹម វណ្ណ​ដេ​ត ឈ្នះ​ប៉ោ ឌី​ណា​ជាដើម ហើយ​គេ​ក៏​ធ្លាប់​ជួប​ប្រកួត​ជាមួយ ឃីម បូរ៉ា និង យ៉េន ឌី​ណា​ផងដែរ ។

​បើតាម​លោក ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV បាន​ប្រាប់​អោយដឹងថា Soun Tepheap គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ថ្វីដៃ​ល្អ និង ខ្លាំង ។ Soun Tepheap នេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៣​លើក វាយ​ឈ្នះ​៧១​លើក ចាញ់​១២​លើក មិនដែល​ស្មើ ។​

​ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា​អាច​ឈ្នះ​ប៉ោ ភា​រិ​ទ្ធ​បាន​នោះឡើយ ហើយ​ប៉ោ ភា​រិ​ទ្ធ​ក៏​មិនដឹងថា​អាច​យកឈ្នះ Soun Tepheap នេះ បាន​ឬ​អត់​នោះដែរ ? ព្រោះ​ប៉ោ ភា រិ​ទ្ធ មួយរយៈ​ចុងក្រោយ​នេះ គេ​ស្រុត​ធ្លាក់​ចុះខ្សោយ​ច្រើនជាង​មុន ។​

​ប៉ោ ភា​រិ​ទ្ធ ពីមុន​ជា​ជើង​ខ្លាំង​របស់​កម្ពុជា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ ។ គេ​មានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ​ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺ​គ្មាន​ញញើត​ខ្លាច​អ្វី​បន្តិច​ទេ ។ ភា​រិ​ទ្ធ មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ គេ​ចុះខ្សោយ​ដោយ​វាយ​ចាញ់​ថៃ​ជា​បន្តបន្ទាប់ ។

Soun Tepheap អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កម្ពស់​ស្មើគ្នា​ជាមួយ​ប៉ោ ភា​រិ​ទ្ធ​បន្តិច គឺ​១,៦៧​ម៉ែត្រ​ដូចគ្នា ហើយ​ប្រវត្តិ​ប្រកួត​របស់​ប៉ោ ភា​រិ​ទ្ធ ក៏​ប្រហាក់ប្រហែល​ថៃ​ដែរ គឺ​ចំនួន​៧០​លើក ឈ្នះ​៥៨ លើក ចាញ់​១២ លើក មិនដែល​ស្មើ ។​ចាំមើល រវាង​ប៉ោ ភា​រិ​ទ្ធ និង Soun Tepheap ជួបគ្នា​លើក នេះ តើន​រណា​ឈ្នះ​នោះ ?

ចំពោះ ផុន ផាន់​ណា អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា នៃ​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ នឹងត្រូវ​ឡើង​ប្រកួត​សាក​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​ប្រេ​ស៊ី​ល​ឈ្មោះ Thago Augusto ។​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម ។

នេះ​ជា​គូប្រកួត​ដ៏​សំខាន់ ដែល​គេ​ជឿ​ថា ​អ្នក​ប្រដាល់​ប្រេ​ស៊ី​ល​រូប​នេះ គឺជា​គូប្រកួត​ដ៏​ខ្លាំង​សម្រាប់​ផុន​ផាន់​ណា​ហើយ​។ Thago Augusto គេ​រឹងមាំ​និង​មាន​ស្នៀត​ប្រដាល់​ល្អ ។ នេះ​បើតាម​អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​អោយដឹង ។ អ្នក​ប្រដាល់​ប្រេ​ស៊ី​ល​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​២៨​លើក ឈ្នះ​១៨​លើក ចាញ់​១០​លើក មិនដែល​ស្មើ ។​និយាយ​រួម អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​អ្នក​ប្រដាល់​មិន ធម្មតា​ឡើយ។

ផុន ផាន់​ណា កាលពី​៤​ឆ្នាំមុន គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​យើង គេ​មាន​ប្រវត្តិ​ប្រកួត​មិន​តិចជាង​៩០​លើក ឈ្នះ​៦៧​លើក ចាញ់​២០​លើក និង​ស្មើ​០៣​លើក ។ គេ​ធ្លាប់​ផ្តួល​អ្នក​ប្រដាល់ បរទេស​អស់​ច្រើន​នាក់​មកហើយ ។ អ្នក​ប្រដាល់​ប្រេ​ស​ស៊ី​ល​នេះ គឺអាច​ស៊ីសង​គ្នា​បាន ព្រោះ​ផាន់​ណា​គេ​មិន​ខ្លាំង​ដូច​ពីមុន​នោះទេ ។ គេ​នៅសល់តែ​បទពិសោធន៍​ក្នុងការ​ប្រកួត និង មាន​កលល្បិច សំរាប់​ទប់ទល់​ជាមួយ​អ្នក​ប្រដាល់​ប្រេ​ស៊ី​ល​រូបនោះ​ប៉ុណ្ណោះ​។

ទោះជា​យ៉ាងណា សម្រាប់​ការ​ជួបគ្នា​រវាង​អ្នក​ប្រដាល់​ប្រេ​ស៊ី​ល Thago Augusto និង ផុន​ផាន់​ណា​នេះ គឺ​មិនអាច​ទស្សន៍ទាយ​មុន​ថា​នរណា​ជា​អ្នកឈ្នះ​នោះទេ ។ ចាំមើល​ផុន​ផាន់​ណា អាច​យក ឈ្នះ Thago Augusto បាន​ឬ​អត់​?

ចំណែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ពុទ្ធ សំបូរ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នឹង​ជួប​ប្រកួត​ជាមួយ​លិញ ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គី ឡូ​ក្រាម ។ ឯ លី ភា អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ត្រូវ​គេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ កូយ ឡាយ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ជួប​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ដែរ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114