ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ុង វិ​រះ ជួប Farmai Manopchai , ពេជ្រ ម្ទេសខ្មាំង​ជួប​Yodsuper នៅ​សង្វៀន​បឹង​ស្នោ

អ៊ុង វិ​រះ អ្នក​ប្រដាល់​ជើង​ខ្លាំង​នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូផ្គង​អោយ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Farmai Manopchai នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​០៨ ខែធ្នូ ឆ្នាំ២០១៨​នេះ នៅលើ​សង្វៀន​បាយ័ន​បឹង​ស្នោ។

អ៊ុង វិ​រះ និង Farmai Manopchai នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៨៣​គីឡូក្រាម ។ អ៊ុង វិ​រះ​លើក​នេះ ប៉ះចំ​ជើង​ខ្លាំង​ហើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ មិន​ត្រឹមតែ​វាយ​ខ្លាំង​ទេ គឺ​មាន​កំណត់ត្រា​ប្រកួត ច្រើន​ថែមទៀត។ ដូចនេះ​មិនធម្មតា​ទេ យក​ថៃ​ជើង​ខ្លាំង​មក​ជួប​អ៊ុង វិ​រះ លើក​នេះ ដោយសារតែ​យក មក​លើក​មុនៗ ត្រូវ​អ៊ុង វិ​រះ បំបាក់​តែ​ក្នុង​២​ឬ​៣​ទឹក​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា អ៊ុង វិ​រះ គេ​មិន​ខ្លាច​នោះ​ឡើយ ដោយ​គេ​បាន​អះអាង​ថា ការ​ឈ្នះ​ចាញ់ មិន អាច​ថា​មុន​បានទេ គឺ​ទាល់តែ​ប្រកួត​គ្នា ទើប​ដឹង​ថា ​អ្នកឈ្នះ​អ្នកណា​ចាញ់​បាន។ អ៊ុង វិ​រះ​ក្នុងការ ប្រកួត​ចុងក្រោយ​នៅ​សង្វៀន​ស្ទឹងមានជ័យ​នេះ គេ​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​Takunsingha ។​ គិត​ត្រឹម​ពេលនេះ អ៊ុង វិ​រះ ​គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​បរទេស​ជាង​៣០​នាក់​ហើយ ក្នុង​នោះ​មាន​ថៃ​៣០​នាក់​ផងដែរ។

អ៊ុង វិ​រះ គេ​មាន​ផ្លែ​កណ្តាប់ដៃ​និង​ជង្គង់​ល្អ​ណាស់ ហើយ​ថែមទាំង​មាន​កម្លាំង​កាយសម្បទា​ល្អ រឹងមាំ មិន​ចាញ់​អ្នក​ប្រដាល់​បរទេស​ឡើយ ។ ហើយ​បើ​ប្រកួត​ជាមួយ​ខ្មែរ​គ្នាឯង​វិញ អ៊ុង វិ​រះ​ហាក់ដូច ជា​រក​ដៃគូ​មិនបាន​នោះទេ ព្រោះ​គេ​ឈ្នះ​រហូត។

អ៊ុង វិ​រះ មានចិត្ត​ប្រដាល់​ធំ មិន​ចេះ​ខ្លាច មិនចេះ​ញញើត គ្រាន់តែ​គេ​ខ្វះ​ល្បិចកល​ក្នុងការ​ផ្តួល គូប្រកួត​តែប៉ុណ្ណោះ។ ទោះជា​យ៉ាងនេះ​ក្តី អ្នក​ប្រដាល់​ថៃ Farmai Manopchai មិន​ប្រាកដ​ថា ​អាច យកឈ្នះ​លើ​អ៊ុង វិ​រះ បាន​នោះឡើយ​។ ប៉ុន្តែ​យ៉ាងណា អ៊ុង វិ​រះ ក៏​មិនអាច​មើលស្រាល​អ្នក​ប្រដាល់ ថៃ​នោះដែរ។

Farmai Manopchai នេះ បើតាម​លោក Prosith Phalamkeson ដែលជា​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​ឲ្យ​ដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ « នៅ​ថៃ​គាត់​មានការ​ប្រកួត​ច្រើន​គួរសម លទ្ធផល​ក៏​ឈ្នះ ច្រើនដង​ផង​ដែរ ខ្ញុំ​គិតថា​លើក​នេះ​គាត់​ត្រូវ​ជួបនឹង​អ៊ុង វិ​រះ​ពិតជា​ល្អមើល​»​។

អ៊ុង វិ​រះ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជាង​១០០ លើក​ហើយ ដែល​ក្នុង​ចំនួន​នេះ គេ​វាយ​ឈ្នះ​៨៨ លើក ចាញ់​៨​លើក​និង​ស្មើ​០៨​លើក ហើយ​គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​ដែរ​នៅក្នុង​ស្រុក​ខ្មែរ​នេះ​។ ចាំមើល តើ​អ៊ុង វិ​រះ ឬ Farmai Manopchai ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​គ្នា​នេះ ។

ចំណែក ពេជ្រ ម្ទេសខ្មាំង ត្រូវ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ឈ្មោះ Yodsuper Yaya Muaythai ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក។

ម្ទេសខ្មាំង គេ​ទើបតែ​ធ្លាក់​ពី​ការប្រកួត​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៥៧​គីឡូក្រាម។ ពេលនេះ ពេជ្រ ម្ទេសខ្មាំង គេ​ស្ម័គ្រ​ឡើង​ប្រកួត​សាក​ជាមួយ Yodsuper Yaya នេះ ប៉ុន្តែ​មិនដឹងថា​ ម្ទេសខ្មាំង អាច​ទៅ រួច​ឬ​អត់​នោះទេ​? ព្រោះ Yodsuper Yaya គេ​មាន​ស្នៀត​ប្រដាល់​ល្អ ពិសេស​ស្នៀត​ទាត់​របស់គេ ហើយ​គេ​រឹងមាំ​វាយ​មិនចេះ​ហត់​ថែមទៀត។

ទោះជា​យ៉ាងណា មិនអាច​និយាយ​មុន​ថា អ្នកណា​ឈ្នះ​អ្នកណា​ចាញ់​រវាង​ពេជ្រ ម្ទេសខ្មាំង និង Yodsuper Yaya នេះ ។ ពេជ្រ ម្ទេសខ្មាំង គេ​ក៏​ខ្លាំង​ដែរ គេ​ធ្លាប់​ជួប​ថៃ​ជាង​២០​នាក់​ហើយ​កន្លង មក ដោយ​វាយ​ឈ្នះ​ថៃ​១៨ ចាញ់​២​លើក​និង​ស្មើ​១​លើក ។ ពេជ្រ ម្ទេសខ្មាំង ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ គេ​បាន​វាយ​ឈ្នះ​Kropetch Site Jarchath ដោយ​ពិន្ទុ។

យ៉ាងណា សម្រាប់​ការជួប​ជាមួយ​ម្ទេសខ្មាំង ជើង​ខ្លាំង​របស់​កម្ពុជា​ម្នាក់នេះ Yodsuper Yaya មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ទេ ព្រោះ​ម្ទេសខ្មាំង​គេ​វាយ​ខ្លាំង​និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ ហើយ​មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន​។​ ចាំ​មើល ពេជ្រ ម្ទេសខ្មាំង​អាច​យកឈ្នះ Yod super Yaya បានដែរ​ឬ​អត់​?

ពេជ្រ ម្ទេសខ្មាំង មានកំណត់​ត្រា​ប្រកួត​ចំនួន​៩២​លើក ក្នុង​នោះ​វាយ​ឈ្នះ​៨៦​លើក ចាញ់​០៥ លើក និង​ស្មើ ០១​លើក។ ​ចំណែក Yodsuper Yaya គេ​មាន​កំណត់ត្រា​ប្រកួត​ប្រមាណ ៨៤​លើក ឈ្នះ ៦៨​លើក ចាញ់​១៤​លើក និង​ស្មើ​០២​លើក។

​ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ឡៅ ផា​នាថ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជ​សី ហ៍ នឹងត្រូវ​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ។ ពួកគេ​ទាំងពីរ នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ឡៅ ផា​នាថ គេ​មិន​ធ្លាប់​ជួប​នូវ ដា​រ៉ូ ទេ​កន្លងមក ។ ដូច្នេះ ការជួបគ្នា​លើក​នេះ ជាការ​ជួប​លើក​ទី​១​របស់​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ។ ពួកគេ​ទាំងពីរ​នេះ មាន​សមត្ថភាព​បច្ចេកទេស មិនជា​លើ គ្នា​ប៉ុន្មាន​ទេ ហេតុនេះ ការជួបគ្នា​លើក​នេះ មិនដឹងថា នូវ ដា​រ៉ូ អាច​យកឈ្នះ​ឡៅ ផា​នាថ បាន​ឬក៏ អត់​នោះទេ ?

​យ៉ា​ម ខេមរា អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារកំព្រា ក៏​នឹង​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​វង្ស ពិសី អ្នក ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៧២ គីឡូក្រាម​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114