ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្លោចចិត្ត! សិល្បករ​ជើងចាស់​ជំនាន់ ចាន់ តារា​ទី,ខៃ ប្រសិទ្ធ លោក ចៅ ចាន់ណា​រី មិនគួ​ធ្លាក់ខ្លួនក្នុងស្ថានភាព​បែបនេះ​ទេ

​ភ្នំពេញ៖ ក្រោយពេល​បាត់​ខ្លួន​ពី​វិស័យ​សិល្ប​អស់​រយៈកាល​ជាច្រើន​ឆ្នាំ ​ស្ទើរតែ​មហាជន​ភ្លេចមុខបាត់ទៅហើយ​នោះ​ ពេលនេះ​ក៏​ស្រាប់តែ​តារា​សម្តែង​ជើងចាស់​លោក ចៅ ចាន់ណា​រី លេចវត្តមាន​ជាថ្មី​បង្ក​ការភ្ញាក់ផ្អើល​ និង​នឹកស្មាន​មិន​ដល់​លើ​ស្ថានភាព​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។

​ស្ថិតក្នុង​ស្ថានភាព​រស់​នៅលើផ្ទះ​តូច​សង់ជាប់​នឹង​ដី​បែប​លក្ខណៈ​ប្រជាពលរដ្ឋ​ធម្មតា​ តារា​សម្តែងលោក ចៅ ចាន់ណា​រី ហាក់​កំពុង​តែមាន​ជីវភាព​ក្រក្សត់​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​សោះឡើយ​។ មិនតែប៉ុណ្ណោះ​ក៏មាន​ទស្សនិកជន​ជាច្រើន​បាន​សម្តែង​ការ​អាណិ​ត​អាសូរ​ តាមរយៈ​ការទម្លាយរូបភាព​ពី​សំណាក់​តារា​កំប្លែង​ជើងចាស់​គឺ​នាយ កុយ។

​តារា​កំប្លែង​នាយ កុយ បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​របស់លោក ចៅ ចាន់ណា​រី ដូច្នេះ​ថា ​ខ្ញុំ​បាន​ជួបបង ចៅ ចាន់ណា​រី មើល​គាត់​សឹង​មិន​ស្គាល់ ​គាត់​ជាតា​រា​រួម​ជំនាន់ ​ចាន់ តារា​ទី,ខៃ ប្រសិទ្ធ​ និង ទេព រិន្ទ​ដា​រ៉ូ​។​ ឥឡូវ​គាត់​ចាស់​ជាង​មុន​ឆ្ងាយ​ណាស់​ដោយមាន​ជំងឺ​បេះដូង​ផង ខ្ញុំ​បាន​ណាត់​គាត់មកជួប​លោក ហេង ឡុង នៅ​ថ្ងៃ​០៩ ​ខែមេសា ​ឆ្នាំ​២០១៨​ នៅ​កន្លែងធ្វើកា​របស់គាត់​។

​ដោយឡែក​ជាមួយគ្នា​នៃ​ការ​បង្ហោះ​ពី​សំណាក់​តារា​កំប្លែង​នាយ កុយ នេះដែរ​ ក៏មាន​តារា​សម្តែង​ពហុជំនាញ​អ្នកនាង ខាត់ សុ​ឃីម បានបង្ហាញ​អារម្មណ៍​ស្លុតចិត្ត​ និង​អាណិតអាសូរ​ដល់​តារាជើងចាស់ ចៅ ចាន់ណា​រី ផងដែរ​។

​សូមបញ្ជាក់ថា​ លោក ចៅ ចាន់ណា​រី គឺជា​តារា​សម្តែង​ដែលមាន​ឈ្មោះ​ល្បី​ និង​ទទួលបាន​ការគាំទ្រច្រើន​ពី​មហាជន​ អំឡុង​ពេលដែល​លេចមុខ​សម្តែង​ក្នុង​ខ្សែភាពយន្ត​ខ្មែរ​គឺ​រឿង កូន​ពស់កេងកង និង​បណ្តា​ខ្សែភាពយន្ត​រឿង​ភាគ​របស់​ខ្មែរ​ជាច្រើន​ទៀត​៕