ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ​សង្ឃឹម​ថា រដ្ឋសភា​​ នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​សហការ​ជាមួយ​ស្ថាប័ន​ជាតិ​កំពូល​នានា​ថែមទៀត ដើម្បី​សម្រេច​បាន​ទិសដៅ​រួម​របស់​រាជរដ្ឋាភិបាល​កម្ពុជា

​ភ្នំពេញ​ ៖ ​ ព្រះករុណា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សង្ឃឹមថា រដ្ឋសភាជាតិ ដែលជាតំណាង​ប្រជាពលរដ្ឋ ​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​សហការ​ជាមួយ​ស្ថាប័ន​ជាតិ​កំពូល​នានាថែមទៀត ដើម្បី​សម្រេចបាន​ទិសដៅ​រួម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ជំហាន​ៗ ធានា​បាន​នូវសង្គម​កម្ពុ​ជាមួយ​ដែល​រឹងមាំ មាន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់សង្គម មានការ​អភិវឌ្ឍ​​ប្រកបដោយ​ចីរភាព និង​សមធម៌។

នៅក្នុង​ព្រះរាជសារ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​បើក​បវេសនកាល​នៃ​រដ្ឋសភា សម័យ​ប្រជុំរដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ ព្រឹក​ថ្ងៃទី៩ ខែ​មេសា ​នេះ​នៅ​វិមាន​រដ្ឋសភា មានខ្លឹមសារ​បញ្ជាក់​ថា នៅក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​នេះ ខ្ញុំព្រះករុណាខ្ញុំ​សង្កេតឃើញថា ប្រទេស​កម្ពុជា​បាន​ទទួល​ជោគជ័យ​ក្នុងការ​សម្រេច​បាន​កំណើន​ផលិតផល​ក្នុងស្រុក តាមរយៈការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិ​បាល​ ដែល​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ជា​រៀងរាល់​ឆ្នាំ។

រាជរ​ដ្ឋា​ភិ​បាល​បាន​បន្ត​ជំរុញ​ការអនុវត្តផែនកា​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល សំដៅ​លើកស្ទួយ​អនាម័យ សុខភាព សុខុមាលភាព​របស់​ប្រជាជន​បាន​កាន់តែ​ល្អប្រសើរ ជាពិសេស​ប្រជាជន​ក្រីក្រ ស្ត្រី និង កុមារ។ លើសពីនេះ ក៏បាន​អនុវត្តន៍​គោលនយោបាយ​អភិវឌ្ឍន៍​ប្រព័ន្ធ​សុវត្ថិភាព​សង្គម ការ​គាំពារ​សង្គមសម្រាប់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ ការ​ការពារ​ និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ និង​គោលនយោបាយ​ជាតិ​សម្រាប់​មនុស្ស​ចាស់។

រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ ក៏បាន​ប្រឹងប្រែង​អភិវឌ្ឍ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ដឹកជញ្ជូន​គ្រប់​ប្រភេទ រួម​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ឲ្យ​ក្លាយទៅជា​ប្រព័ន្ធភស្តុភារ​កម្ម​មួយ​ដ៏​រស់​រវើក​ រួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ចជាតិ និង​លើកស្ទួយ​ជីវភាព​សុខុមាលភាព​របស់​ប្រជាជន។ ខ្ញុំព្រះករុណា ខ្ញុំ​សូម​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល ដែល​តែងតែបាន​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​សាមគ្គី​ជាតិ ដើម្បី​រួបរួម​ពួតដៃគ្នារវាង​ប្រជាជាតិ​កម្ពុជា​ទាំងអស់ ទាំង​ក្នុង និង​ក្រៅ​ប្រទេស លើ​គ្រប់​មជ្ឈដ្ឋាន និង​និន្នាការ​នយោបាយ ដើម្បី​កសាង និង​ការពារ​ជាតិ សមិទ្ធផល​សង្គម និង​ការធានា​ឲ្យ​មាន​ឯកភាព​ជាតិ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព។

ខ្ញុំ​សូម​កោត​សរសើរ និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះសម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម​អនុប្រធាន​នៃ​រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធាន​គ​ណៈកម្ម​ការ​ទាំង​១០ និង​សមាជិក សមាជិការ នៃ​រដ្ឋសភា​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញភារកិច្ច​របស់ខ្លួន​ក្នុង​ការបម្រើ​សង្គមជាតិ​យើង។​ សូម​កោត​សរសើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលបាន​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកបដោយ​ជោគជ័យ និង​បាន​ខិតខំ​ប្រឹងប្រែង ដោះស្រាយបញ្ហា​ប្រឈម​ទាំងពួង​របស់​ប្រទេសប្រកបដោយ​បញ្ញាញាណ។

ព្រះរាជសារ​ក៏បាន​ប្រសិទ្ធពរ​បវរ​សួស្ដី​ជ័យ​មង្គល​មហាប្រសើរ ជូន​សម័យប្រជុំរដ្ឋសភា​លើក​ទី​១០នេះ សូម​មាន​សក្តានុពល​ខ្លាំងក្លា បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួនបាន​ប្រកបដោយ​ជោគជ័យយ៉ាង​ត្រចះត្រចង់ និង​ឆ្លៀត​ក្នុងឱកាស​ចូលឆ្នាំថ្មីនាពេល​ខាងមុខនេះ ខ្ញុំ​សូម​ជូនពរ​បវរមហាប្រសើរ សូម​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តមអនុប្រធាន និង​សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​នៃ​រដ្ឋសភា ព្រមទាំង​ប្អូនជនរួមជាតិ​ទាំងអស់ សូម​បាន​ប្រកប​តែ​ព្រះ​ពុទ្ធពរ គឺ អាយុ វ​ណ្ណៈ សុ​ខៈ និង​ព​លៈ ​កុំបីឃ្លៀងឃ្លាត​ឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114