ព័ត៍មានទាន់​ហេតុការណ៏
Search

ផាន់​ គ្រាន់ ​ចាញ់​ Loom Leng ខ​ណៈ មាស ច័ន្ទ​មាន ឈ្នះ​ដោយ​ស្វ័យប្រវត្តិ

ក្នុងការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក ​Barrley Black ទម្ងន់ ​៦៣,៥០០ គីឡូក្រាម នៅសង្វៀន​ទូរទស្សន៍ ​SEATV នា​រសៀល​ថ្ងៃអាទិត្យ ​ទី​០៨ ​ខែមេសា ឆ្នាំ​២០១៨ ដែលជា​ការប្រកួត​ជុំចុងក្រោយនោះ អ្នក​ប្រដាល់​កម្ពុជា ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ LoomLeng​ ដោយ​ពិន្ទុ ខ​ណៈដែល​អ្នក​ប្រដាល់​កម្ពុជា​ មាស ច័ន្ទ​មាន ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ឈ្នះ​ដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​អ្នក​ប្រដាល់​ថៃ Den Phichhit បោះបង់ចោល​ការប្រកួត។

​ផាន់ គ្រាន់ វាយ​ចាញ់ ​LoomLeng ដាច់​តែម្តង ដោយ​ចៅក្រម​ទាំង​៥​រូប បានផ្តល់​ពិន្ទុ​អោយ ​Loom Leng ​ឈ្នះ​ទាំងអស់ គឺ​៥​ទល់នឹង​សូន្យ។ ទោះជា​យ៉ាងណាក្តី ការបរាជ័យ​របស់​ ផាន់ គ្រាន់ ​ក្នុងជុំ​ចុងក្រោយនេះ ពុំមែន​ជាការ​រាំងស្ទះ​ដល់​ការ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែរ ពោល គឺ​គេ​នៅតែ​ជាប់បានទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រដណ្តើម​ខ្សែក្រវាត់​ជើងឯក Barrley Black ទម្ងន់​ ៦៣,៥០០​ គីឡូក្រាមដដែល ដោយ​ជួប​ជាមួយ ​Loom Leng ដដែល​នេះ។

​ការប្រកួត​៤​ជុំ ផាន់ គ្រាន់​ឈ្នះ​៣ ចាញ់​១​ប្រកួត គឺ​ឈ្នះ​ថៃ Luok Ton ដោយ​ពិន្ទុ និង​ឈ្នះ Ko lab Dam ដោយ​ពិន្ទុ ,​ឈ្នះ Den Phichhit ក្នុង​ទឹក​ទី​៣ និង​ចាញ់ ​LoomLeng ​ចុងក្រោយ​នេះ បាន​១០​ពិន្ទុ​។ ឯ Loom Leng ៤​ជុំ​គេ​ឈ្នះ​ទាំង​៤​ជុំ​ដែរ ដោយ​ជុំ​ទី​១ Loom Leng វាយ​ឈ្នះ ​វេ​ង សុ​ភ័​ក្រ ​ដោយ​ពិន្ទុ​, ជុំ​ទី២ គេ​វាយ​ឈ្នះ ​ឌុ​ម កែវ​ដា ក្លិប​ម្កុដ​រាជសីហ៍​ដោយ​ពិន្ទុ,ជុំ​ទី​៣​ ឈ្នះ​ មាស ច័ន្ទ​មាន ​ក្នុង​ទឹក​ទី​២ និងជុំ​ទី​៤ ​ឈ្នះ​ ផាន់ គ្រាន់​ ដោយ​ពិន្ទុ មាន​១២​ពិន្ទុ។

​ចំពោះ មាស ច័ន្ទ​មាន វិញ ទោះជា​បានឈ្នះ Den Phichhit ដោយ​ស្វ័យប្រវត្តិ​ក្តី ក៏​នៅតែ​ធ្លាក់​ដែរ ដោយសារតែ​ក្នុង​រូបមន្ត​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​នេះ តម្រូវ​ជ្រើស​យកតែ​ពីរ​នាក់​ប៉ុណ្ណោះ គឺលេខ​១ ​ពូ​ល​ខ្មែរ និង​លេខ​១​ ពូ​ល​ថៃ ដើម្បី​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមយក​ខ្សែក្រវាត់​នោះ។ ដូច្នេះអ្នក​ដែល​បាន​ឡើងទៅ​ផ្ដាច់ព្រ័ត្រ​នោះ គឺ​ពូ​ល​កម្ពុជាមាន ​ផាន់ គ្រាន់ ហើយ​ពូ​ល​ថៃ​គឺ ​Loom Leng។​

ទោះបី​មិនបាន​ប្រកួត​ក្នុងនាម​គូ​ខ្សែក្រវាត់​ក្តី ក៏ មាស ច័ន្ទ​មាន ត្រូវគេ​ផ្តល់​ឱ​កាស​ឲ្យ​ជួប​ប្រកួត​ជាមួយអ្នក​ប្រដាល់​ថៃ​ផ្សេង ក្នុង​លក្ខ​ណៈ​មិត្តភាព​ដែរ គឺជា​មួយ​ Fa Nimith។ ប៉ុន្តែ​ មាស ច័ន្ទ​មាន ប្រកួត​បានតែ​ពីរ​ទឹក​ប៉ុណ្ណោះក៏​បោះបង់ចោល​ការប្រកួត ដោយសារ​មាន​បញ្ហា​ដៃមិនអាច​បន្តការប្រកួត​ទៀត​បាន។

​ចំពោះ​ការ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ថន វាសនា អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ បានស៊ីឡាក​យកឈ្នះ​ ហ៊ឹម សារ៉ាន់ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ក្នុង​ទឹក​ទី​៣ បន្ទាប់ពី​ សារ៉ាន់ បាន​អុក​ជង្គង់​ថែម​ចំ​ទ្រូង ក្នុងពេលដែល​អាជ្ញាកណ្តាល​ស្រែក​ឃាត់​អោយ​ឈប់​ហើយ​នោះ ។ ឯ សៀវ សំណាង អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ឈ្នះ គង់ វិ​រៈ អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​ដោយ​ពិន្ទុ៕

ង៉ែ​ត្រ រដ្ឋា ចាញ់ Kong Kang Van ដោយ​ពិន្ទុ ឯ គឹម វាសនា ចាញ់​Phich Nam Ek​ទឹក​២
​​ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក ​Carabao រដូវ​កាល​ទី​៥ ទម្ងន់ ​៦៥ គីឡូក្រាម នៅ​សង្វៀនទូរទស្សន៍​ SEA TV កាលពី​រសៀល​ថ្ងៃទី​០៧​ មេសា​ ២០១៨ ជាការ​ប្រកួត​ជុំ​ទី​៤ រវាង​អ្នកប្រដាល់​កម្ពុជា ង៉ែ​ត្រ រដ្ឋា ក្លិប​តា​ព្រហ្ម​មានជ័យ និង អ្នក​ប្រដាល់​ថៃ Kong Kang Van នោះ ង៉ែ​ត្រ រដ្ឋា ចាញ់​ដោយ​ពិន្ទុ ហើយ​អ្នក​ប្រដាល់​កម្ពុជា គឹម វាសនា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ចាញ់អ្នក​ប្រដាល់​ថៃ Phich Nam Ek ក្នុង​ទឹក​ទី​២។ យ៉ាងណា ង៉ែ​ត្រ រដ្ឋា និង គឹម វាសនា ប្រកួត​នៅ​ជុំទី​៤​នេះ គឺ​គ្រាន់តែ​ជាការ​ប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ព្រោះ​ពួកគេ​ទាំងពីរត្រូវបាន​ជ្រុះ​ធ្លាក់​ទៅហើយ។

​ចំណែក ឯក កៃ​ឈៀង អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ ​ចេង គា អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ហើយ ​លី តឿន អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ បាន​ផ្តួល ស៊ឹម ប៊ុនឆៃ អ្នកប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ក្នុង​ទឹក​ទី​២៕

•​​យុគ យក្ស​គី​ល ស្មើ​ថៃ Ou Ronou
​យុគ យក្ស​គី​ល អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ បាន​ប្រកួត​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ថៃ Ou Ronou ក្នុងការ​ជួបគ្នា​កាលពី​ព្រឹក​ថ្ងៃទី​០៨ ​មេសា ​២០១៨ នៅលើ​សង្វៀន​ Boostrong On Fire របស់​SEATV ។ ក្នុងការ​ប្រកួត​ប្រាំ​ទឹក​នោះ យក្ស​គី​ល អ្នក​ប្រដាល់​ជើងចាស់​របស់​កម្ពុជា រក​ល្បិច​ផ្តួលអ្នកប្រដាល់​ថៃ Ou Ronou ពុំ​បា​ននោះទេ ដោយសារតែ​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​រឹងមាំ ​និង​ខ្លាំងគួរសម​ដែរ​។ ​ពួកគេ​ទាំងពីរជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៧១ គីឡូក្រាម។

​ដោយឡែកអ្នក​ប្រដាល់​ លាភ សំណាង ក្លិប​កងពលតូច​លេខ​៧០ ដែល​ឡើង​ជម្រះបញ្ជី​ជាមួយ ​សួង សុវណ្ណ​ថា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​នោះ បាន​ត្រូវ​បរាជ័យ​ដោយ​វាយចាញ់​ សុវណ្ណ​ថា ដោយ​ពិន្ទុ។ ពីរ​នាក់​នេះប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៦០​ គីឡូក្រាម។​

បាន លីម អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង ប្រកួត​ឈ្នះ ហូ សុភា អ្នក​ប្រដាល់​ក្លិបឃ្លាំងមឿង​កីឡា ដោយ​ពិន្ទុ ខ​ណៈ ជា សំណាង ក្លិប​អមតៈ​គុន​ខ្មែរ​ខេត្តសៀមរាប ត្រូវ សួរ ចាន់រាជ ក្លិប​តា​ព្រហ្ម​មានជ័យ វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​១ ប៉ុណ្ណោះ៕

•​​ប៉ោ ភា​រិ​ទ្ធ ចាញ់ Soun Tepheap ឯ ​ផុន ផាន់​ណា ចាញ់ Thago Augusto
​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ប៉ោ ភា​រិ​ទ្ធ ឬ​ យ៉េន ឌី​ណា បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ Soun Tepheap ដោយ​ពិន្ទុ នៅក្នុង​ការជួបគ្នា​ក្នុង​កម្មវិធី​ប្រដាល់​ Ganzberg Top Fighter លើស​ង្វៀន SEA-TV នា​យប់​ថ្ងៃទី​០៧ ​មេសា​ ២០១៨។ ប៉ោ ភា​រិ​ទ្ធ ធ្លាប់​ចាញ់ ​Soun Tepheap ម្តង​ហើយ​កាលពី​ជួបគ្នា​លើកមុន ហើយ​ពេលនេះ​ឡើង​សងសឹក​វិញ ប៉ោ ភា​រិ​ទ្ធ នៅតែ​វាយ​ចាញ់​ដដែល។ នៅក្នុង​ការប្រកួតទឹក​ទី​៣ ប៉ោ ភា​រិ​ទ្ធ ចង់​ខូច​ជើងឆ្វេង​ទៅហើយ ដោយសារ​ការទា​ត់រប​ស់​ថៃ តែ​ក្រោយអាជ្ញាកណ្តាល​រាប់​៨ គេ​ក៏​បន្ត​ការប្រកួត​រហូតដល់​ចប់​ទឹក​ទី​៥ និង​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។

​ចំពោះ ផុន ផាន់​ណា អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា នៃ​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ក៏​ប្រកួត​ចាញ់អ្នកប្រដាល់​មកពី​ប្រទេស​ប្រេ​ស៊ី​ល Thago Augusto ដោយ​ពិន្ទុ​ដែរ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញនោះ។​ ពីរ​នាក់​នេះជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់ ​៧១​ គីឡូក្រាម។​

ចំណែកការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ពុទ្ធ សំបូរ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវ​ លិញ ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​២។ ឯ លី ភា អ្នក​ប្រដាល់​ក្លិបសំរោង​កោង​ខេត្តបាត់ដំបង ប្រកួត​ឈ្នះ កូយ ឡាយ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង៩១១ ដោយ​ពិន្ទុ ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114