ព័ត៍មានទាន់​ហេតុការណ៏
Search

សិប្បកម្ម​ផលិត​ពូក​មួយ​កន្លែង​ក្នុង​ក្រុង​កំពត ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ទាំងយប់​មិនដឹង​មូលហេតុ

កំពត​ ៖ ​ ផ្ទះ​សិប្បកម្ម​ផលិត​ពូក​មួយ​កន្លែង ​ស្ថិត​ក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​កាលពី​យប់​រំលង​អធ្រា​ត ឈានចូល​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ ២០១៨ វេលា​ម៉ោង ​០២​ និង ​៤៥​ នាទី ដោយ​ការ​ឆេះ​ទីតាំង​ខាងលើនេះ ពុំទាន់​មានសេចក្តីរាយការណ៍​ណាមួយ​បញ្ជាក់​ពី​មូលហេតុ​ផ្តើម​ដោយសារ​អ្វី​ឱ្យ​ប្រាកដ​នោះទេ ប៉ុន្តែអំណាច​ភ្លើង​បាន​ឆាបឆេះ​សន្ធោសន្ធៅ ​បណ្តាលឱ្យ​ផ្ទះ​ខាងលើ​បន្ត​ឆាបឆេះ​រហូតដល់​ម៉ោងជាង០៦​ព្រឹក ក្នុង​ថ្ងៃ​ដដែល​ទើប​រលត់​។

ទាក់ទិន​នឹង​ករណី​ឆេះ​ផ្ទះ​សិប្បកម្ម​ផលិត​ពូក​នេះដែរ សេចក្តីរាយការណ៍​បានឱ្យដឹងថា ពេល​ភ្លើងកំពុង​ឆេះ​រាលដាល​ពេញបន្ទុក គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គ្គិ​ភ័យចំនួន​ ៤ ​គ្រឿង​ ដើម្បី​បាញ់​ទឹក​ពន្លត់​ខ្លាច​ភ្លើង​ឆេះ​រាលដាល​ដល់​លំនៅឋាន​ក្បែរ​កន្លែងកើតហេតុ ហើយ​អគ្គិភ័យ​នេះ​បើ​គិតពី​ទំហំ​ខូចខាត​ គឺទីតាំង​ខាងលើ​ស្ទើ​រឆេះទាំងស្រុង​ទៅហើយ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត ដែល​កំពុង​ដឹកនាំ​កម្លាំង​មកអន្តរាគមន៍​បាន​បញ្ជាក់ថា ក្នុង​ហេតុការណ៍​នេះ កម្លាំង​បាន​ប្រើ​រថយន្ត​បាញ់​ទឹក​ចំនួន​ ៤ ​គ្រឿង ដោយ​ចំណាយ​ទឹក​អស់​ ៤៥​ ឡាន​ទើប​រលត់​។​ លោកស្នងការ​បានឱ្យ​ទៀត​ថា ករណី​ឆេះ​ផ្ទះសិប្បកម្ម​ផលិត​ពូក​នេះ ​គឺ​បានធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​រាប់​ម៉ឺន​ដុល្លារ ប៉ុន្តែ​ក្នុង​ហេតុការណ៍​នោះ កម្លាំង​សមត្ថកិច្ច​ក៏បាន​ជួយ​អន្តរាគមន៍​ប្រមូល​យក​បាន​ប្រេង​ចំនួន​ ៣០ ​ពុ​យ ក្រៅពី​នោះ​បាន​ក្លាយ​ជា​ចំណី​អគ្គិភ័យ​អស់​ទៅហើយ​។

សូម​បញ្ជាក់​ថា ករណី​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ធ្វើ​សិប្ប​កម្មពូក ស្ថិតក្នុង​ទីតាំង​ខាងលើ គឺ​មិនទាន់មានប្រភព​ណាមួយ​ហ៊ាន​អះអាងថា ផ្តើម​ដោយសារ​មូលហេតុ​អ្វី​ឱ្យ​ប្រាកដ​នោះឡើយ ហើយ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ខូចខាត​ក៏​មិនទាន់​ដឹងថា​មាន​ប៉ុន្មាន​នោះដែរ ប៉ុន្តែ​ការឆេះ​ត្រង់ចំណុចសិប្បកម្ម​ខាងលើ​គឺ​បាន​កើតឡើង​ចំនួន​បី​លើក​រួចមកហើយ​៕ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114