ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ​សរសើរ​ស​ម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ថា ដឹកនាំរាជរដ្ឋាភិបាល​បានល្អ

ភ្នំពេញ​៖ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កោត​សរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលបាន​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកបដោយ​ជោគជ័យ និង​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយបញ្ហា​ប្រឈម​ទាំងពួង​របស់​ប្រទេស​ប្រកបដោយ​បញ្ញាញាណ​។

នៅ​ក្នុង​ព្រះរាជសារ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​បើក​បវេសនកាល​នៃ​រដ្ឋសភា សម័យ​ប្រជុំរដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ ព្រឹក​ថ្ងៃទី៩ ខែ​មេសា ​នេះ នៅ​វិមាន​រដ្ឋសភា​មានខ្លឹមសារ​បញ្ជាក់​ថា នៅក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​នេះ ខ្ញុំព្រះករុណាខ្ញុំ​សង្កេតឃើញថា ប្រទេស​កម្ពុជា​បានទទួល​ជោគជ័យ​ក្នុងការ​សម្រេច​បាន​កំណើន​ផលិតផល​ក្នុងស្រុក តាមរយៈការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច និងកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ជា​រៀងរាល់ឆ្នាំ​។

រាជរដ្ឋាភិបាល​បាន​បន្ត​ជំរុញ​ការអនុវត្ត​ផែនកា​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល សំដៅ​លើកស្ទួយ​អនាម័យ សុខភាព សុខុមាលភាព​របស់​ប្រជាជន​បាន​កាន់តែ​ល្អប្រសើរ ជាពិសេស​ប្រជាជន​ក្រីក្រស្ត្រី និង កុមារ​។ លើសពីនេះក៏បាន​អនុវត្តន៍​គោលនយោបាយ​អភិវឌ្ឍន៍​ប្រព័ន្ធ​សុវត្ថិភាព​សង្គម ការ​គាំពារ​សង្គម សម្រាប់​ជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ការ​ការពារ ​និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ និង​គោលនយោបាយ​ជាតិ សម្រាប់​មនុស្ស​ចាស់។ រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ ក៏បាន​ប្រឹងប្រែង​អភិវឌ្ឍ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ដឹកជញ្ជូន​គ្រប់​ប្រភេទ រួម​ជាមួយ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ឲ្យ​ក្លាយទៅជា​ប្រព័ន្ធ​ភស្តុភារកម្ម​មួយ​ដ៏​រស់​រវើក​រួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ និង​លើកស្ទួយ​ជីវភាព សុខុមាលភាព​របស់​ប្រជាជន។

ព្រះរាជសារ​ក៏បានអបអរសាទរ​ដល់​រាជរដ្ឋាភិបាល ដែល​តែងតែបាន​ប្រកាន់​ភ្ជាប់​នូវគោលការណ៍សាមគ្គី​ជាតិ ដើម្បី​រួបរួម​ពួតដៃគ្នា​រវាង​ប្រជាជាតិ​កម្ពុជា​ទាំងអស់ ទាំង​ក្នុង និង​ក្រៅប្រទេសលើ​គ្រប់​មជ្ឈដ្ឋាន និង​និន្នាការនយោបាយ ដើម្បី​កសាង និង​ការពារជាតិ​សមិទ្ធផល​សង្គម និង​ការធានា​ឲ្យ​មាន​ឯកភាព​ជាតិ​បូរណភាព​ទឹក​កដី អធិបតេយ្យភាព​ជាតិ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព។

​ព្រះរាជសារ​ក៏បាន​កោត​សរសើរ និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​អគ្គ​មហាពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម​អនុប្រធាន​នៃ​រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធាន​គ​ណៈកម្ម​ការ​ទាំង​១០ និង​សមាជិក សមាជិកា នៃ​រដ្ឋសភា​ទាំងអស់ ដែល​បាន​ខិតខំយកចិត្តទុកដាក់​បំពេញ​ភារកិច្ច​របស់ខ្លួន​ក្នុង​ការបម្រើ​សង្គមជាតិ​។

​ព្រះរាជសារ​ក៏បាន​ប្រសិទ្ធពរ​បវ​រសួស្តី​ជ័យ​មង្គល​មហា​ប្រសើរ ជូន​សម័យប្រជុំរដ្ឋសភា​លើក​ទី​១០ នេះ សូម​មាន​សក្តានុពល​ខ្លាំងក្លា បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួនបាន​ប្រកបដោយ​ជោគជ័យ​យ៉ាងត្រចះត្រចង់ និង​ឆ្លៀត​ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី នា​ពេល​ខាងមុខនេះ ខ្ញុំ​សូម​ជូនពរ​បវ​រមហាប្រសើរ សូម​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​អនុប្រធាន និង​សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​នៃ​រដ្ឋសភា ព្រមទាំង​ប្អូន​ជនរួមជាតិ​ទាំងអស់ សូម​បាន​ប្រកប​តែ​នឹង​ព្រះ​ពុទ្ធពរ គឺ អាយុ វ​ណ្ណៈ សុ​ខៈ និង​ព​លៈ ​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114