ព័ត៍មានទាន់​ហេតុការណ៏
Search

របាយការណ៍​ ៖ កូរ៉េខាងជើង​ត្រៀមខ្លួន​ពិភាក្សា​អំពី​ការ​លុបបំបាត់​នុយក្លេអ៊ែ​រ​ជាមួយ​សហរដ្ឋអាមេរិក

របាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​បាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​កូរ៉េខាងជើង​បាន​ប្រាប់​សម​ភាគី​អាមេរិក​ថា លោក​គីម​ជុង​អ៊ុន​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ។

​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​សំណើ​ត្រូវបាន​ធ្វើឡើង​ដោយផ្ទាល់​ទៅកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បន្ទាប់ពី​សំណើ​លើក​មុន​ត្រូវបាន​ពាំនាំ​តាមរយៈ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង​លោក ជុង​អ៊ីយ៉ុង​។​

​រដ្ឋបាល​លោក ត្រាំ បាន​ប្រាប់​កាសែត The Wall Street Journal និង Washington Post កាលពី​ថ្ងៃអាទិត្យ​ថា “​សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា លោក​គីម​ជុង​អ៊ុន​មាន​ឆន្ទៈ​ចង់​ពិភាក្សា​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​”​។​

​ក្រុង​វ៉ាស៊ីនតោន​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ក្រុម​អ្នកសង្កេតការណ៍​នៅពេលដែល​ខ្លួន​ប្រកាស​កាលពី​ខែ​មុន​ថា ខ្លួន​បាន​យល់ព្រម​នឹង​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​រវាង​លោក​ត្រាំ​និង​លោក​គីម​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ចុងខែ​ឧសភា​ខាងមុខនេះ​។​

​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិនបាន​បញ្ជាក់​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ទេ​ចាប់តាំងពី​ពេលនោះ​មក​ដែល​ធ្វើ​ឲ្យ​កាសែត​ចុះផ្សាយ​ថា មន្ត្រី​អាមេរិក​មានការ​ព្រួយបារម្ភ​ថា ក្រុង​សេ​អ៊ូ​ល​បាន​និយាយ​បំផ្លើស​នូវ​ឆន្ទៈ​របស់​កូរ៉េខាងជើង​ក្នុងការ​ចរចា​លើ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ពុំទាន់​មាន​ព័ត៌មាន​ច្បាស់លាស់​ណាមួយ​ទាក់ទង​នឹង​កាលបរិច្ឆេទ​ឬ​ទីកន្លែង​នៃ​កិច្ចប្រជុំ​ដែល​បានស្នើ​ឡើង​នោះទេ​។​

​ការសម្រេចចិត្ត​របស់​លោក​ត្រាំ​ដើម្បី​ទទួលយក​ការអញ្ជើញ​ចូលរួម​កិច្ចពិភាក្សា​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​អ្នកឯកទេស​ខាង​គោលនយោបាយ​បរទេស​និង​បុគ្គលិក​របស់គាត់​។ ប៉ុន្តែ​មនុស្ស​ជាច្រើន​នៅតែ​សង្ស័យថា​តើ​ពួកគេ​អាច​ទទួលបាន​ជោគជ័យ​ដែរ​ឬក៏​យ៉ាងណា​។​

​ការអភិវឌ្ឍ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងត្បូង​បានរៀបចំ​កិច្ចប្រជុំ​កម្រិត​ការងារ​ដែលមាន​បំណង​ដាក់ចេញ​ពិធីការ វិធានការ​សន្តិសុខ​និង​ការផ្សព្វផ្សាយ​អំពី​កិច្ចប្រជុំ​កំពូល​រវាង​លោក​គីម​និង​លោក​ប្រធានាធិបតី​មូ​ន​ចេ​អ៊ី​ន​នៅ​ថ្ងៃទី​២៧​ខែមេសា​។​

​ការផ្សះផ្សារ​ដែល​កំពុង​បន្ត​គឺ​ត្រូវបាន​ជំរុញ​ដោយ​កីឡា​អូឡាំពិក​រដូវរងា​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដែល​ក្នុង​ព្រឹត្តិការណ៍​នោះ​កូរ៉េខាងជើង​បាន​បញ្ជូន​អត្ត​ព​លិ​ក ក្រុម​លើកទឹកចិត្ត​និង​ប្អូនស្រី​របស់លោក​គីម​ក្នុងនាម​ជា​បេសកជន​ម្នាក់​។​

​ចាប់តាំងពី​ពេលនោះ​មក លោក​គីម​បានចាប់ផ្តើម​ការសន្ទនា​ការទូត​ដែល​ធ្វើ​ឲ្យ​គាត់​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ជាមួយ​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​ហើយ​ធ្វើ​ឲ្យ​គាត់​មានដំណើរ​ទស្សនកិច្ច​ទៅ​បរទេស​ជា​លើកដំបូង​ចាប់តាំងពី​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​២០១១​មក​។ ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកទីមួយ​របស់លោក​គីម​គឺ​ទៅ​ប្រទេស​ចិន​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114