ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខណ្ឌ​ដូនពេញ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​លើករាសី​សុំ​សី​រី​សួស្ដី និង​សូម​ពរជ័យ ទេវតា​ឆ្នាំ​ថ្មី ឆ្នាំច

ភ្នំពេញ ​៖ ​សាលាខណ្ឌ​ដូនពេញ ​នា​រសៀល​ថ្ងៃ​ច័ន្ទ​០៩​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​,​ស ២៥៦១ ត្រូវ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៨​នេះ ​បាន​ធ្វើ​ពិធី​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​លើករាសី​សុំ​សិរីសួស្ដី និង​សូម​ពរជ័យ ទេវតា​ឆ្នាំ​ថ្មី ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស​២៥៦២ គឺ​ត្រូវ​ថ្ងៃទី​១៤-១៥-១៦ ខែមេសា​ឆ្នាំ​២០១៨​ដ៏​ខ្លី​ខាងមុខនេះ​។

ពិធី​នេះ ​បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​ចូលរួម​ពី​លោក​ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ​និង​លោក​សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រមទាំង​លោក​-​លោកស្រី ក្នុង​ជួរ​គណៈ​អភិបាល​រួមជាមួយ​មន្ត្រីរាជការ​ក្រោម​ឱវាទ​សាលា​ខណ្ឌ​ផងដែរ ​គឺ​ក្នុង​គោលបំណង ដើម្បី​បួងសួង​សុំ​សេចក្ដីសុខ​ចម្រើន និង​ពរជ័យ​ពី​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម “​ម​ហោ​ទរា​ទេវី​” សូម​ព្រះអង្គ​តាម​ជួយ​ថែរក្សា​អភិបាល​ប្រោះព្រំ​ពរជ័យ​ដល់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល គ្រប់​ជាន់ថ្នាក់ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ពិសេស​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌដូនពេញ​ទាំងមូល បាន​ជួបតែ​សេចក្ដីសុខ​គ្រប់ប្រការ និង​រួម​សាមគ្គី​គ្នា​ដើម្បី​អភិវឌ្ឍន៍​ឲ្យ​បាន​កាន់តែ​រីកចម្រើន​ថែមទៀត ក្រោម​ម្លប់​នៃ​សុខសន្តិភាព​បាន​យូរ​អង្វែង​តរៀង​ទៅ​។

បន្ទាប់មក​ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​អភិបាលខណ្ឌ​ក៏បាន​ជួប​សំណេះសំណាល​ដើម្បី​ស្វែងយល់ នូវ​សុខទុក្ខ និង​របៀបរបប​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​សាលាខណ្ឌ​និង បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ ថ្នាក់​ក្នុង​សាលាខេត្ត​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​តាម​ជំនាញ​រៀងៗ​ខ្លួន​ដោយ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​និង​បាន​ផ្ដាំផ្ញើ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់​ក្នុង​សាលាខណ្ឌ ត្រូវ​រួម​សាមគ្គី​គ្នា ដោយ​រួមគ្នា​គិត​រួមគ្នា​ធ្វើ និង​រួមគ្នា​ដោះស្រាយ ដើម្បី​ឲ្យ​អង្គភាព​ទទួល​បាន​ការ​រីកចម្រើន​និង​ជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍន៍​ខណ្ឌ​ឲ្យ​មាន​ភាព​លូតលាស់ លើ​គ្រប់​វិស័យ ទាំង​ការងារ​បម្រើសេវា​សាធារណៈ ឈាន​ដល់​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​៕​

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114