ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Abe នៅតែ​បដិសេធ ​ខណៈ​រឿងអាស្រូវ​បន្ត​កើនឡើង

កាលពី​ថ្ងៃ​ពុធ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​បដិសេធ​ថា លោក​មិន​បានធ្វើ​អន្តរាគមន៍​ដើម្បី​ទទួលបាន​ការអនុគ្រោះ​ចំពោះ​ផែនការ​របស់​មិត្តភក្តិ​ដើម្បី​បង្កើត​សាលា​ពេទ្យសត្វ​មួយ​ទេ​ថ្វីបើ​របាយការណ៍​ថ្មី​បង្ហាញថា គាត់​បាន​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​មិត្តភក្តិ​ក៏ដោយ។

អត្រា​គាំទ្រ​របស់លោក Abe បាន​រងគ្រោះ​ដោយសារ​រឿងអាស្រូវ​ជាច្រើន​លើ​ការសង្ស័យ​អំពី​កាន់​ប្រកាន់​បក្ខពួក​និង​ការ​លាក់បាំង​ខណៈ​ការចោទប្រកាន់​ថ្មីៗ​ជាច្រើន​បានធ្វើ​ឲ្យ​មានការ​សង្ស័យថា​តើ​លោក​អាច​កាន់អំណាច​បាន​រយៈ​ពេល​យូរ​ប៉ុនណា​ទៀត​។​

រឿងអាស្រូវ​មួយ​ក្នុងចំណោម​រឿងអាស្រូវ​ទាំងនោះ​គឺពាក់ព័ន្ធ​នឹង​ការសង្ស័យថា លោក Abe បាន​ជួយ​មិត្តភក្តិ​ឈ្មោះ Kotaro Kake ដែលជា​នាយក​ប្រតិបត្តិ​សាលា Kake Gakuen ដើម្បី​បង្កើត​សាលា​ពេទ្យសត្វ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ដែល​ត្រូវបាន​លើកលែង​ពី​ច្បាប់​ដែល​កំណត់​ចំនួន​សាលារៀន​បែបនេះ​។​

យ៉ាងណាក្តី លោក Abe បាន​បដិសេធថា គាត់​មិនដែល​ណែនាំ​មន្ត្រី​ឲ្យ​ផ្តល់​ការអនុគ្រោះ​ដល់​ការបង្កើត​សាលា​ពេទ្យសត្វ​ថ្មី​ដំបូង​របស់​ជប៉ុន​ក្នុង​រយៈពេល​ជាង​៥០​ឆ្នាំ​មកនេះ​ទេ​។​

លោក Abe បាន​អះអាង​សារជាថ្មី​ចំពោះ​ក្រុមប្រឹក្សា​សភា​កាលពី​ថ្ងៃ​ពុធ​ថា លោក​ទើបតែ​ដឹង​អំពី​សំណើ​របស់លោក Kake នៅពេល​វា​ត្រូវ​បានអនុម័ត​នៅក្នុង​ខែមករា​ឆ្នាំ​២០១៧​ប៉ុណ្ណោះ​។​

លោក​បាន​ឆ្លើយតប​ទៅនឹង​សំណួរ​នានា​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សប្តាហ៍​នេះ​បាន​ដកស្រង់​កំណត់ហេតុ​ខែមេសា​ឆ្នាំ​២០១៥​ពី​មន្ត្រី​ម្នាក់​នៅក្នុង​តំបន់ Ehime ដែល​បាន​និយាយថា លោក Kake និង​លោក Abe បាន​ពិភាក្សា​អំពី​សំណើ​នេះ​ខណៈពេល​ទទួលទាន​អាហារ​ជាមួយគ្នា​។​

លោក Abe បាន​ប្រាប់​ក្រុមប្រឹក្សា​សភា​នៅក្នុង​ការឆ្លើយតប​ទៅនឹង​សំណួរ​អំពី​កំណត់ហេតុ​នោះ​ថា “​គ្មាន​នរណាម្នាក់​បានទទួល​ការណែនាំ​ពី​ខ្ញុំ​ទេ​”​។​

ករណី​សាលា​ពេទ្យសត្វ​ដែល​បាន​លេចឡើង​កាលពី​ឆ្នាំមុន​គឺជា​ផ្នែក​មួយ​នៃ​រឿងអាស្រូវ​ជាច្រើន​ដែល​បាន​បំផ្លាញ​ការគាំទ្រ​របស់លោក Abe នៅពេលដែល​គាត់​កំពុង​ព្យាយាម​ស្វែងរក​អាណត្តិ​ទី​៣​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​នៅក្នុង​ការបោះឆ្នោត​ខែកញ្ញា​។​

លោក Abe ក៏បាន​បដិសេធ​ផងដែរ​ថា គាត់​ឬ​ប្រពន្ធ​របស់គាត់​មិន​បានធ្វើ​អន្តរាគមន៍​ក្នុង​ការលក់​ដី​រដ្ឋ​ដែល​បាន​បញ្ចុះតម្លៃ​យ៉ាងច្រើន​ដល់​ប្រតិបត្តិ​ករ​សាលារៀន​មួយ​ផ្សេងទៀត​ឈ្មោះ Moritomo Gakuen ដែលមាន​ទំនាក់ទំនង​ជាមួយ​ភរិយា​របស់គាត់​ទេ​៕ REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114