ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ទាំងអស់​ត្រូវ​រួបរួមគ្នា​គិត រួបរួមគ្នា​ធ្វើ និង​រួបរួមគ្នា​ទទួលខុសត្រូវ មិនត្រូវ​មើលបំណាំ​គ្នានោះឡើយ

​ភ្នំពេញ ៖ អាជ្ញាធរ​ចាប់ពី​ថ្នាក់​ខណ្ឌ​រហូតដល់​សង្កា​ត់ និង​ភូមិ ព្រមទាំង​មន្ត្រី​ជំនាញ​ត្រូវតែ​រួបរួមគ្នា​គិត រួបរួមគ្នា​ធ្វើ និង​រួបរួមគ្នា​ទទួលខុសត្រូវ មិនត្រូវ​មើលបំណាំ​គ្នា​នោះឡើយ បើ​យើង​ធ្វើបាន​យើង​ធ្វើទៅឲ្យ​តែ​បាន​ប្រយោជន៍​ទៅដល់​ប្រជាពលរដ្ឋ​ និង​សង្គម ហើយ​មិនត្រូវ​ឃុបឃិត​ជាមួយ​ឈ្មួញមួយ​ក្តាប់​តូច​មក​បំផ្លាញ​ផលប្រយោជន៍​សង្គម​នោះទេ​។​ មិន​ថា​អ្នកមាន​ឬ​អ្នកក្រ​នោះទេ បើ​ធ្វើ​ខុសច្បាប់​ត្រូវតែ​ទទួលទោស​តាមច្បាប់ ការលើកឡើង​ទាំងនេះនៅក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ការងារនេសាទ​ខុសច្បាប់​នៅ​ផ្ទៃ​បឹង​តា​មោក ក្រោម​អធិបតីភាពលោក សុខ សម្បត្តិ អភិបាលនៃគណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ មន្ត្រី​សាលាខណ្ឌ និង​មន្ត្រីជលផល​ខណ្ឌ សង្កាត់ និង​ប្រធាន​សហគមន៍​ជាច្រើន​នាក់​ទៀតផង​ដែរ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨​។​

​លោក​ សុខ សម្បត្តិ បានលើកឡើង​ទៀតថា បច្ចុប្បន្ន​ពូជ​ត្រី​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​បាត់បង់​ស្ទើរតែ​កូន​ខ្មែរ​ជំនាន់​ក្រោយ​លែង​ស្គាល់ទៅហើយ មិនតែប៉ុណ្ណោះ​ការបរិភោគ​ត្រីបច្ចុប្បន្ននេះ​ភាគច្រើន​សុទ្ធតែ​ជា​ត្រី​ចិញ្ចឹម​បែប​ធម្មជាតិ និង​ចិញ្ចឹម​បែប​ឲ្យ​ចំណី​ទាំងអស់មិនសូវមាន ត្រី​តាមបែប​ធម្មជាតិ​ដូច​មុន​ទៀត​នោះឡើយ ព្រោះតែ​បទល្មើស​នេសាទខុសច្បាប់ដូចជា​ ឆក់ ដា​ក់ឡុក និង​ដាក់​ស្បៃ​មុង​។​ល​។ ដែល​វា​អាច​បំផ្លាញ​មិន​ថា​ត្រី​តូច​ ឬ​ត្រី​ធំ​នោះ​។

​លោក​អភិបាលខណ្ឌ​បន្តថា សហគមន៍​នាសា​ត​ទាំងអស់​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​ពិនិត្យឡើងវិញ​នូវច្បាប់​ស្តីពី​ជលផល សមត្ថកិច្ច​មិនមាន​អំណាច​ទៅ​ចាប់​បទល្មើស​នេសាទ​នោះទេ មានតែ​មន្ត្រីជំនាញ​ប៉ុណ្ណោះ តែបើ​សហ​ការចុះ​បង្ក្រាបបាន​ត្រូវ​មើល​កាលៈទេសៈ​ផងដែរ​។ បើ​មាន​បទល្មើសណា​មន្ត្រី​ជំនាញ​បង្ក្រាប​ម្តង​ជា​ពី​ដង​ហើយ​នៅតែ​មិន​រៀងចាល​ទៀត​នោះ ត្រូវធ្វើរបាយការណ៍ និង​ពាក្យ​ប្តឹងទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ មិន​ថា​អ្នកមាន ​ឬ​អ្នកក្រ​នោះទេ បើ​ធ្វើ​ខុសច្បាប់​ត្រូវតែ​ទទួលទោស​។​

​លោក​បញ្ជាក់ថា ប្រធាន​សហគមន៍​តាម​បណ្តា​សង្កាត់ បើ​មិនមាន​សេចក្តីប្រកាស​ពី​ក្រសួង​ទេ គឺមិនអាច​គ្រប់គ្រង​នៅ​តំបន់​ណាមួយ​បានឡើយ កន្លងមក​មាន​កន្លែង​ខ្លះ​ចែក​ទឹកដី​គ្នា ហើយ​ពេលប្រជាពលរដ្ឋ​ចូលទៅ​នេសាទ​ត្រូវមាន​ការសុំច្បាប់​ទើប​អាច​រកបាន​ជាដើម ហើយ​ករណីនេះមិនត្រូវ​ឲ្យ​កើតមាន​ទៀតឡើយ​។

លោក​បន្តថា ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​អាច​នេសាទ​បាន​គ្រប់​ទន្លេ បឹងបួទាំងអស់​របស់​រដ្ឋ អោយតែការនេសាទ​នោះ​ត្រូវ​ទៅនឹង​ច្បាប់ ហើយ​កន្លងមក​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លុប​ឡូនេសាទចោល ​គឺ​ដើម្បីអោយ​សម្បូរ​ត្រី ហើយ​អោយ​ប្រជាពលរដ្ឋ​អាស្រ័យ​ផលនេសាទ​លក្ខណៈគ្រួសារ​អោយ​ត្រូវ​នឹង​ច្បាប់​។

ជា​ចុងក្រោយ​លោក​សូម​អរគុណ​ដល់​ការទប់ស្កាត់​របស់​សហគមន៍​កន្លងមក ហើយ​តទៅ​អាជ្ញាធរចាប់ពី​ថ្នាក់​ខណ្ឌ​រហូតដល់​សង្កា​ត់ និង​ភូមិ ព្រមទាំង​មន្ត្រី​ជំនាញ​ ត្រូវតែ​រួបរួមគ្នា​គិត រួបរួមគ្នាធ្វើ និង​រួបរួមគ្នា​ទទួលខុសត្រូវ មិនត្រូវ​មើលបំណាំ​គ្នា​នោះឡើយ បើ​យើង​ធ្វើបាន​យើង​ធ្វើទៅឲ្យ​តែ​បាន​ប្រយោជន៍​ទៅដល់​ប្រជាពលរដ្ឋ​និង​សង្គម ហើយ​មិនត្រូវ​ឃុបឃិត​ជាមួយ​ឈ្មួញមួយ​ក្តាប់​តូច​មក​បំផ្លាញ​ផលប្រយោជន៍​សង្គម​នោះទេ​៕