ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​ក្រសួងការបរទេស​ ៖ កម្ពុជា​នៅ​តែ​មាន​ឆន្ទៈ​បន្ត​កិច្ចសហប្រតិបត្តិការ​ពេញលេញ ជាមួយ​អាមេរិក ក្នុង​ការ​អនុវត្ត​អនុស្សរណៈ​នានា

ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​អះអាងថា រហូតមកដល់​ពេលនេះ កម្ពុជា​នៅតែមាន​ឆន្ទៈ​បន្ត​កិច្ច​សហប្រតិបត្តិការ​ពេញលេញ ជាមួយ​អាមេរិក ក្នុងការ​អនុវត្ត​អនុស្សរណៈ​នានា ទាំង​ការទទួលយក​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ត្រឡប់មក​កម្ពុជា​វិញ ក៏ដូចជា​ការស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨​ថា រហូតមកដល់​ពេលនេះ មិនទាន់មាន​ព័ត៌មាន​ពាក់ព័ន្ធ​និង​ការ​ផ្លាស់ប្តូរ​ជំហរ​របស់​រដ្ឋាភិបាល​អាមេរិក​លើ​ការ​រឹត​បណ្តឹង​ទិដ្ឋាការ​លើ​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​កម្ពុ​ជា​នៅឡើយ​ទេ ហើយ​ជា​មួយ​គ្នា​នេះ រាជរដ្ឋាភិបាល​កម្ពុជា នៅ​តែ​មាន​ឆន្ទៈ​ក្នុង​ការបន្ត​កិច្ច​សហប្រតិបត្តិការ​ពេញលេញ ជាមួយ​រដ្ឋាភិបាល​អាមេរិក ក្នុង​ការ​អនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំងពីរ​លើ​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​នោះ​។

លោក​បញ្ជាក់​ថា “​ចំពោះ​បញ្ហា​នេះ​អត់​មានអី​ផ្លាស់​ប្តូរ​ទេ ពីព្រោះ​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ច្បាស់​កន្លងមកហើយ​ថា យើង​នឹង​ចាប់ផ្តើម​ឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​លើ​ការស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន​នៅ​កម្ពុជា​ហ្នឹង បន្ទាប់​ភ្លាម​ពី​ការ​ដកចេញ​ទៅវិញ​នូវ​ការ​រឹត​ត្បិត​ទិដ្ឋាការ​លើ​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​កម្ពុ​ជា ដូច្នេះ​បញ្ហា​ទី​១ ក៏​អត់​មាន​អ្វី​ផ្លាស់​ប្តូរ ហើយ​បញ្ហា​ទី​២ ក៏​អត់​មាន​អ្វី​ផ្លាស់ប្តូ​រដែរ​”​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៨ ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ចំនួន​៤៣​នាក់ ក្នុងចំណោម​៥១​នាក់ ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​បញ្ជូន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដោយសារតែ​ពួកគេ​ពូកែ​ប្រព្រឹត្តិ​បទល្មើស ហើយ​តាម​លោក កែវ វណ្ណ​ថន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា មុនដំបូង អាមេរិក​គ្រោង​នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​ចំនួន​៥១​នាក់ ប៉ុន្តែ​បន្ទាប់ពី​សួរនាំ គឺ​មាន​ចំនួន​ត្រឹមតែ​៤៣​នាក់​ប៉ុណ្ណោះ ហើយ​ក្នុងចំណោម​នោះ មាន​ប្រុស​ចំនួន​៤០​នាក់ និង​ស្រី​ចំនួន​៣​នាក់​។

លោក​បន្ត​ថា ពួកគាត់​ទាំងនោះ បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក តាំង​ពីមុន​ឆ្នាំ​១៩៩៤ មក​ម្ល៉េះ ហើយ​បាន​ប្រព្រឹត្ត​ល្មើស​ធ្ងន់ធ្ងរ រហូតដល់​ជាប់ពន្ធនាគារ​នៅ​អាមេរិក​។ ក្រោយពេល​ជាប់ពន្ធនាគារ​រួចហើយ ពួកគាត់​ត្រូវ​បាន​អាមេរិក សម្រេច​បញ្ជូន​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ ដែល​អ្នកខ្លះ​មាន​បញ្ហា​សុខភាព​ផងដែរ​។

រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជូន និង​ទទួលយក​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ ចាប់តាំងពី​ឆ្នាំ​២០០២ ហើយ​កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ណា ដែល​ប្រព្រឹត្តល្មើស​ច្បាប់​ឲ្យ​ត្រឡប់​មក​មាតុភូមិ​វិញ ក្រោយពេល​អនុវត្ត​ទោស​រួចរាល់ ហើយ​បើ​តាម​របាយការណ៍ គិត​ត្រឹម​ដើមឆ្នាំ​២០១៧ អាមេរិក​បាន​បញ្ជូន​ព​ល​រដ្ឋ​ខ្មែរ​ជាង​៥០០​នាក់ ត្រឡប់មក​កម្ពុជា​វិញ។

តែ​កិច្ចព្រមព្រៀង​ស្តីពី​ការ​បញ្ជូន និង​ទទួលយក​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក​នេះ មាន​ចម្រូង​សម្រាស់​ខ្លះ បន្ទាប់ពី​កម្ពុជា​បាន​ផ្តល់​ជា​យោបល់​ទៅ​អាមេរិក ឲ្យ​មានការ​ពិចារណា​លើ​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ ដូចជា​ការធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​នេះ​ជាដើម ដើម្បី​ឆ្លើយតប​នឹង​ទិដ្ឋភាព​ជាក់ស្តែង ដូចជា ទិដ្ឋភាព​មនុស្សធម៌ និង​មេត្តាធម៌​ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114