ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ ប៉ាន សូរ​ស័ក្ដិ​៖ ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល អាច​បង្ខិត និង​បង្កើត​ភាពងាយស្រួលដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ការជួប​ជាមួយ​អតិថិជន​

ទីក្រុង​ហ្សឺ​ណែវ ៖​ នៅ​ព្រឹត្តិការណ៍ «​សប្ដាហ៍​ស្ដីពី​ពាណិជ្ជកម្ម​តាម​អេ​ឡិ​ក​ត្រូ​និ​ច (E-Commerce Week)» ដែល​រៀបចំ​ដោយ​សន្និសីទ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍ (UNCTAD) លោក ​ប៉ាន សូរ​ស័ក្ដិ បាន​ថ្លែងថា សង្កត់ធ្ងន់​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ដើម្បី​កាត់បន្ថយ​របាំង​សម្រាប់ការនាំចេញ ដើម្បី​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម អាចមាន​ឱកាស​ចូលរួម​ធ្វើ​ពាណិជ្ជកម្មនៅក្នុង​ទីផ្សារ​សកលលោក​បាន ជាពិសេស​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល អាច​បង្ខិត និង​បង្កើត​ភាពងាយស្រួល​ដល់​សហ​គ្រាស​ធុន​តូច និង​មធ្យម​ទាំងនោះ​ក្នុង​ការជួប​ជាមួយនឹង​អតិថិជន និង​ធ្វើការ​ផ្សព្វផ្សាយ​លក់ទំនិញ​របស់ខ្លួន​។​

​លោករដ្ឋមន្ត្រីបានបន្ថែមថា ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ​ដែលមាន​ភាពទូលំទូលាយ នឹង​ជំរុញ​ឲ្យមានគំនិត​ច្នៃប្រឌិត និង​ន​វា​នុ​វត្ត​ថ្មីៗ​សម្រាប់ធ្វើ​ពាណិជ្ជកម្ម បង្កើន​សហគ្រិនភាព និង​បង្កើតការងារ​សម្រាប់​ស្ត្រី យុវជន និង​អ្នកជំនួញ​ដទៃទៀត ដូចជា​ប្រជាពលរដ្ឋ​នៅតាម​ជនបទជាដើម​។​

​លោក​បញ្ចប់​បទ​អន្តរាគមន៍​ដោយ​គូសបញ្ជាក់ថា ទោះបីជា​ប្រព័ន្ធ​ឌីជីថល​មាន​ផលប្រយោជន៍​ច្រើនក៏ពិតមែន បញ្ហា​ប្រឈម​ទាំងឡាយ ដូចជា កង្វះខាត​ចំណេះដឹង​លើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​រឹង និង​ទន់ លិខិតបទដ្ឋាន​គតិយុត្តិ ត្រូវតែ​ដោះស្រាយ​ឲ្យ​បាន​រួចរាល់មុននឹង​អាច​ទាញយក​ផលប្រយោជន៍​នេះ​បាន ហើយ​ឯកឧត្តម​ក៏បាន​អំពាវនាវ​បន្ថែមទៀតទៅកាន់​ដៃគូ​អភិវឌ្ឍ​ដើម្បី​ជួយ​កម្ពុជា​ក្នុង​ការងារ​នេះ​។​

​នៅ​រសៀល​ថ្ងៃ​ដដែល លោក​រដ្ឋមន្ត្រីក៏បាន​អញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចពិភាក្សា​លើ «​បែបផែន​អភិវឌ្ឍនៃ​ផ្លា​ត់​ហ្វ​ម​ឌីជីថល (Development Dimensions of Digital Platforms)» ដែលមាន​ការចូលរួម​ពីថ្នាក់ដឹកនាំ​កំពូលៗ​មកពី​ប្រព័ន្ធ​អង្គការសហប្រជាជាតិ និង​ឯកឧត្តម Roberto Azevedo អគ្គនាយកនៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផងដែរ​។ នៅក្នុង​កិច្ចពិភាក្សា​នេះ ឯកឧត្តម​រដ្ឋមន្ត្រីក៏បាន​ចូលរួម​មតិ​ផងដែរ ដោយ​លើកឡើងថា​ប្រព័ន្ធ​បច្ចេកវិទ្យា​មានការ​ផ្លាស់ប្ដូរ​ជា​លំដាប់ ហើយ​ផ្លា​ត់​ហ្វ​ម​ឌីជីថល​បានរួម​ចំណែក​ធំ​មួយ​ដល់​ការ​ប្រែក្លាយ​គំរូ​ធុរកិច្ច (Business Model) ដើម្បីស្វែងរក​ផលចំណេញ​ជាអតិបរិមា​។​

​លោក​បន្ថែមទៀតថា ផ្លា​ត់​ហ្វ​ម​ឌីជីថល​ដែលមាន​ទ្រង់ទ្រាយ​ជាទី​ផ្សារ​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និ​ក ជា​កម្លាំងចលករ​មួយ​ដើម្បី​ជំរុញ​ឲ្យ​មានការ​គិតគូរ​ឡើងវិញ​អំពី​របៀប​ធ្វើ​ពាណិជ្ជកម្ម​ ដើម្បី​ផ្ដល់ផលប្រយោជន៍​ជា​បរិយាបន្ន​ដល់​អ្នកពាក់ព័ន្ធ ដូចនេះ​កម្ពុជា​ត្រូវតែ​បន្តដំណើរ​ទៅមុខទៀត និង​ប្រឹងប្រែង​យល់​ឲ្យ​បានច្បាស់លាស់​អំពី​ផ្លា​ត់​ហ្វ​ម​ឌីជីថល​នេះ ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ផ្លា​ត់ហ្វ​ម​ឌីជីថល​ដែលមាន​ស្រាប់ ឬ​បង្កើត​ផ្លា​ត់​ហ្វ​ម​ឌីជីថល​ក្នុងស្រុក​ដែល​ស្របតាម​បរិបទ​កម្ពុជា ដើម្បី​ជា​ច្រក​មួយ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ទៅលើ​ទីផ្សារ​ពិភពលោក​។​

​ក្រៅពី​បាន​ចូលរួម​វគ្គ​ពិភាក្សា​ទាំងពីរ​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ឆ្លៀត​ជួបពិភាក្សា​ការងារជាមួយលោកស្រី ឆា​មី​កា ស៊ី​រី​ម៉ាន​ណេ (Shamika Sirimane) នាយក​ផ្នែក​បច្ចេកវិទ្យា និង​ភស្តុភារ​នៃ​អង្គការ UNCTAD​។ នៅក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នាក្នុងការ​សិក្សា​អំពីប្រព័ន្ធ​ដឹកជញ្ជូន​ទំនិញ (delivery system) ដោយ​ប្រើ​បច្ចេកវិទ្យា ពិនិត្យ និង​បំពេញបន្ថែមកង្វះខាតរ​បស់​សេចក្ដីព្រាងច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក ជាពិសេស​លើកិច្ចការពារ​អ្នកប្រើប្រាស់​នៅក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ច្បាប់​ប្រកួតប្រជែង ការរៀបចំ​យុទ្ធសាស្ត្រពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និ​ក និង​ការចូលរួម​លើ​ការធ្វើ​បច្ចុប្បន្នភាព​ឯកសារ​វិភាគសមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ឆ្នាំ​ ២០១៩-២០២៣​។​

​សូម​រំលឹកថា ព្រឹត្តិការណ៍ «​សប្ដាហ៍​ស្ដីពី​ពាណិជ្ជកម្ម​តាម​អេ​ឡិ​ច​ត្រូ​និ​ក (E-Commerce Week)» ដែលរៀបចំ​ដោយ​សន្និសីទ​សហប្រជាជាតិ ​ស្ដីពី​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍ (UNCTAD) ធ្វើឡើងកាលពី​ថ្ងៃ​អង្គារ ០៣​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្ដិ តំណាង​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​អញ្ជើញចូលរួម​វគ្គ​ពិភាក្សា​ចំនួន​ពីរ​ទៀត​នៅក្នុង​ព្រឹត្តិការណ៍​នេះ​៕