ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​សង្ឃឹមថា តុលាការ​នឹង​ផ្ដន្ទាទោសជន​ឆបោក ​២ ​នាក់ ឲ្យ​សមនឹង​ទង្វើរបស់គេ​

ភ្នំពេញ​៖ ខណៈដែល​តុលាការ​ក្រុងភ្នំពេញ គ្រោង​នឹង​ប្រកាស​សាលក្រមសំណុំរឿងចំនួនពីរដាច់ដោយឡែក​ពីគ្នា ដោយមាន​ជនជាប់ចោទ​ម្នាក់​ឈ្មោះ ស៊ុន សៀង មាន​តួនាទីជា​មន្ត្រី​កង​អង្គរក្ស និង​ម្នាក់ទៀត​ឈ្មោះ ហេង សាន ជា​អតីត​សមាជិក​ក្រុមប្រឹក្សាឃុំត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត (​ត្រូវបាន​ប្រកាស​ដកដំណែង​នៅក្រោយពេលតុលាការ​ចាប់ខ្លួន​) នៅ​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ ​ខាងមុខ​នោះ ក្រុមពលរដ្ឋអាជ្ញាធរ​មូលដ្ឋាននៅ​ខេត្តកំពត និង​ដើមបណ្ដឹង​ផង បានផ្តល់​ក្តីសង្ឃឹម​យ៉ាង​មុតមាំចំពោះតុលាការ​ថា ​នឹង​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​ពួកគាត់​ជា​ជនរងគ្រោះ​បាន ពោល គឺ​នឹងផ្ដន្ទាទោសជនជាប់ចោទទាំង ​០២ ​នាក់​ខាងលើ ​ឲ្យ​សម​នឹង​ទង្វើ​ដែល​ពួកគេ​បានក្លែង​ស្នាមមេដៃពលរដ្ឋ ហត្ថលេខា និង​ត្រា​អាជ្ញាធរ​ដែនដី ដើម្បី​រៀបចំ​ឯកសារ​ទិញ​លក់​ដី​ក្លែងក្លាយ ដើរបោកប្រាស់គេ​យកប្រាក់​។

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ ​កន្លងទៅ លោក កូយ សៅ ចៅក្រមជំនុំជម្រះនៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ចែ សុង ជា​តំណាង​អយ្យការ​សវនាការ បាន​បើកសវនាការជំនុំជម្រះ​ទោសជនជាប់ចោទ ទី​១​ ឈ្មោះ ស៊ុន សៀង ភេទ​ប្រុស អាយុ៤៨​ឆ្នាំ មុខរបរជា​មន្ត្រី​កង​អង្គរក្ស និង​ទី​២​ ឈ្មោះ ហេង សាន ភេទ​ប្រុស អាយុ៤៥ឆ្នាំ ជា​អតីត​សមាជិកក្រុមប្រឹក្សាឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ចំនួនពីរសំណុំរឿង​៖

សំណុំរឿង​ទី​១ ពីបទឆបោកប្រាក់​ថ្លៃ​កក់​ដីចំនួន ៥ ​ម៉ឺន​ដុល្លារ ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ ​២០១៣ នៅរាជធានី​ភ្នំពេញ យោងតាម​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាចប្រឈម​នឹង​ការ​ផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦​ខែ ទៅ​ ៣ ​ឆ្នាំ​។​

​សំណុំរឿង​ទី​២ មាន​ចំនួនបីបទចោទប្រកាន់ ទី​១​ ពីបទក្លែងបន្លំស្នាម​មេដៃ​ពលរដ្ឋ ហត្ថលេខា និងត្រា​អាជ្ញាធរនៅ​ខេត្តកំពត យោងតាម​មាត្រា ៦២៦ និង​មាត្រា ៦២៧ នៃ​ក្រមព្រហ្មទណ្ឌ ដែលអាច​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​ពី១​ឆ្នាំ ទៅ​៣​ឆ្នាំ​, ទី​២ ​ពីបទប្រើប្រាស់​លិខិត​ក្លែង យោងតាម​មាត្រា ៦២៨ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី ១ឆ្នាំ ទៅ​៣​ឆ្នាំ និង​ ទី​៣​ ពីបទឆបោកប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​ ២០១៣ នៅ​រាជធានី​ភ្នំពេញ យោងតាម​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​នឹង​ការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦​ខែ ទៅ​៣​ឆ្នាំ​។​

​នៅក្នុង​សវនាការ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨​ កន្លងទៅ ជនជាប់ចោទ​ទាំង០២​នាក់ បាន​បដិសេធថា ​ពួកគេ​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​រប​ស់​តុលាការ​នោះទេ​។ ដោយ​ពួកគេទាំងពីរ​នាក់ បាននាំគ្នា​ឆ្លើយ​ដាក់ឈ្មោះ នាក់ វិចិត្រ ដែល​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់ចរាចរណ៍​បាត់ទៅហើយ ឲ្យ​មក​ទទួលខុសត្រូវចំពោះមុខ​ច្បាប់​ជំនួស​ពួកគេដែលជាមនុស្ស​រស់​។​

​បើទោះជា​ក្រុម​ជនជាប់ចោទ​បាន​បដិសេធ និង​ច្រាន​ឲ្យ​ខ្មោច​មក​ទទួលខុសត្រូវ​ជំនួស​យ៉ាងណាក្តី ក៏នៅក្នុង​សវនាការគេ​មិនឃើញ​មាន​សាក្សី ឬ​ភស្តុតាងដោះ​បន្ទុក ដែល​ក្រុម​ជនជាប់ចោទអាចយកមក​បង្ហាញ​តុលាការ និង​សាធារណជន​ឲ្យជឿជាក់​លើ​ការអះអាង​របស់​ពួកគេថា​ជា​ការពិត​នោះទេ​។

​បើ​យោងតាមកំណត់ហេតុ​ធ្វើ​កោសលវិច័យរបស់​សមត្ថកិច្ច​ជំនាញ នៃ​អគ្គស្នងការ​នគរបាល​ជាតិបានបញ្ជាក់​ជូនតុលាការ​យ៉ាងច្បាស់​ថា ឯកសារទិញ​លក់​ដី​នៅ​ខេត្តកំពត ដែល​ជនជាប់ចោទឈ្មោះ ស៊ុន សៀង និង​ឈ្មោះ ហេង សាន យកទៅ​ប្រើប្រាស់ ដើម្បី​ឆបោកជនរងគ្រោះ​នោះ គឺ​ពិតជា​បាន​ក្លែងបន្លំ​ស្នាម​មេដៃ​ពលរដ្ឋ​ជា​ម្ចាស់​ដី ហត្ថលេខា និង​ត្រាអាជ្ញាធរ​មូលដ្ឋានប្រាកដ​មែន​។

​ដោយឡែកក្រុម​មេធាវី​ការពារ​សិទ្ធិឲ្យ​ជនជាប់ចោទ​ទាំងពីរ​នាក់ គឺ​លោក នូ ចន្ថា និង​លោក ថា សុ​ភ័ក្រ ដែល​ទើបតែ​ត្រូវបាន​សាច់ញាតិ​ជនជាប់ចោទ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រឿងស៊ីដាច់​លុយ​រត់ការ​ដោះលែង ២៥០០០ ​ដុល្លារ​នោះ បាន​ថ្លែង​ការពារ​ថា កូនក្តី​ពួកលោកជាមនុស្ស​ល្អ​ត្រឹមត្រូវ​ មិនបានក្លែងបន្លំ ស្នាម​មេដៃ ហត្ថលេខា និង​ត្រា​អាជ្ញាធរ ដើម្បីបង្កើត​លិខិត​ទិញ​លក់​ដី​ក្លែងក្លាយ​យកទៅ​បោកប្រាស់ជនរងគ្រោះដូច​តុលាការ​ចោទប្រកាន់នោះទេ​។

​ក្រុម​មេធាវី​ការពារ​ជនជាប់ចោទ​បាន​បន្ថែម​ថា កូនក្តី​លោកមាន​ដី​ប្រគល់ជូន​ជនរងគ្រោះ​គ្រប់​ចំនួនតាម​ការ​ព្រមព្រៀងគ្នាអត់​មាន​បោក​ទេ​។​ ចំណែក​ក្រុម​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនរងគ្រោះបានបញ្ជាក់​ក្នុង​អង្គ​សវនាការ​ថា ជនជាប់ចោទពិតជា​បាន​ឆបោក​លុយ​កូនក្តី​ពួកលោកជាច្រើនលើក​ច្រើនសារ ដោយ​គ្មាន​ដី​ប្រគល់​ឲ្យកូនក្តី​ពួកលោក​ដូច​ការលើកឡើង​ឡើយ​។ ក្រុម​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនរងគ្រោះ បានស្នើ​សុំ​ឲ្យ​តុលាការ​ប្រកាស​សាលក្រម​ចាត់​របៀប​លើសំណុំ​រឿងនេះ ដើម្បី​បើក​ការ​ស៊ើបសួរ​បន្ថែមទៀត និង​ចុះទៅ​មើល​ទីតាំង​ដី​ជាក់ស្តែង​ ថា​តើដីដែល​ជនជាប់ចោទ​អះអាង​នោះ ជនរងគ្រោះ​ជា​អ្នកកាន់កាប់ ឬ​ជា​ដី​របស់​ប្រជាពលរដ្ឋ​កំពុងកាន់កា​ប់​។

​បើ​យោងតាម​អំ​ណាន​បណ្តឹង​របស់​ជនរ​ង​គ្រោះ ឈ្មោះ ណុប ម៉ូ​វ ភេទ​ស្រី មាន​ប្តី​ឈ្មោះ ឃឹម សុខ នៅ​អំឡុង​ ២០១៣ បាន​ស្គាល់​ក្រុម​ជនជាប់ចោទ​ទាំង ​២​ នាក់​ខាងលើ ដែលជា​អ្នករកស៊ី​នៅខេត្តកំពត ដោយមាន​ការទុកចិត្ត ដោយ​ការជឿទុកចិត្ត​ទើប​ប្រគល់​លុយ​កក់​ចំនួន ៥​ ម៉ឺន​ដុល្លារឲ្យ​ទៅ​ជួយ​រក​ទិញ​ដី​ចំនួន ៦០០០​ ហិកតា ពី​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត ​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​មួយ​។​

​ក្រោយមកទៀតដើមបណ្តឹងបានប្រគល់ប្រាក់​ចំនួន ៧៥​ ម៉ឺន​ដុល្លារ​ទៀត ទៅ​ឲ្យ​ក្រុម​ជនជាប់ចោទជួយ​ទិញ​ដី​ចំនួន ២០០៥ ហិកតា​បន្ថែម​។​ ប៉ុន្តែ​ក្រោយពី​បានទទួល​លុយ​រួច ក្រុមជនជាប់ចោទបានត្រឹមតែប្រគល់​ប្លង់ដី​ក្លែងក្លាយ និង​គ្មាន​ដី​ពិត​ប្រា​កក់​ឲ្យ​ដើមបណ្តឹង​នោះទេ រួច​ក៏​រត់​គេច​ខ្លួន​បាត់ស្រមោល ទើប​ដើមបណ្តឹង​បានសម្រេច​ដាក់ពាក្យ​ប្តឹងនៅ​ខេត្តកំពត និងខេត្តកណ្តាល តែ​តុលាការមិនបាន​រក​យុត្តិធម៌​ឲ្យ​បាន ក៏​បន្ត​ប្តឹង​ឲ្យ​តុលាការក្រុង​ភ្នំពេញ​ជួយ​រកយុត្តិធម៌ រហូត​ចាប់ខ្លួនក្រុម​ជនជាប់ចោទ​បានយកមក​ផ្ដន្ទាទោស​តាមច្បាប់​តែម្តង​។​

​ដើមបណ្តឹង​បាន​ទាម​ប្រាក់​ដើម​ដែល​បាត់បង់ ដោយសារ​ក្រុម​ជនជាប់ចោទ​ឆបោក​ទាំង​ពីរលើក សរុប ៨០​ ម៉ឺន​ដុល្លារ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត សរុប​ចំនួន ៣ ​លាន ៥​ពាន់​ដុល្លារ ពី​ក្រុមជនជាប់ចោទ​។​

​គួររំលឹកថា សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ជនជាប់ចោទ​ទាំងពីរនាក់​ខាងលើនេះ ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ ដោយ​ធ្វើឡើង​តាម​ដីកាបង្គាប់​ឱ្យនាំ​ខ្លួនលេខ ១០០៦ “​ឃ​១” ដ​.​ច​.​ន ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ និង ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ ១០០៧ “​ឃ​១” ដ​.​ច​.​ន ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ របស់លោក វ៉ាន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី ឆបោក ប្រាក់​កក់​របស់​ដើមបណ្តឹង​ចំនួន ៥០,០០០​ដុល្លារ យកទៅ​ទិញ​ដី​ចំនួន ៦០០០​ ហិកតា នៅក្នុង​ខេត្តកំពត តែ​គ្មាន​ដី​ឱ្យ​ដើមបណ្តឹង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114