ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ កុយ តំណាង​ឲ្យ​មូលនិធិ​សិល្បករ​ចាស់ជរា​ នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​នាយ​ប៉េងប៉ោះ

ភ្នំពេញ​៖ ​ក្រោយពី​ទទួលបាន​ដំណឹង​នៃ​ការធ្លាក់​ខ្លួន​ឈឺ ​និង​កំពុង​ជួប​ជីវភាពខ្វះ​ខាតសម្រាប់ថ្លៃព្យាបាល​ជំងឺ​តារា​កំប្លែង​ល្បីឈ្មោះ​ទូទាំងប្រទេស​ នាយ កុយ ដែល​តំណាង​ឲ្យ​មូលនិធិសិល្បករ​ចាស់ជរា​បាន​នាំយក​ថវិកា​ និង​អំណោយ​ឧបត្ថម្ភ​ជួយ​ដល់​លោក ស៊ាន សុផល ហៅ​នាយ​ ប៉េងប៉ោះ ក្រុម​ល្ខោនបាសាក់​នាយ ប៉េងប៉ោះ ប្រចាំ​ខេ​ត្តពង់​ចាម​។

​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ ដែលមាន​លោក ហេង ឡុង ជាប្រធាន​បាន លើកឡើងថា​ កាលពី​រសៀល​ថ្ងៃទី​២៤​ ខែមេសា ​ឆ្នាំ​២០១៨​ លោក ជួង ជឺ ហៅ​នាយ កុយ តំណាង​ឲ្យ​មូលនិធិ​សិល្បករ​ចាស់ជរា ​បាន​នាំយក​ថវិកា​ដែលជា​អំណោយ​មូលនិធិ​សិល្បករចាស់ជរា ​ដើម្បី​ជូន​ដល់​សិល្បករ​ឈ្មោះ ស៊ាន​ សុផល ហៅ​នាយ ​ប៉េងប៉ោះ ​ក្រុមល្ខោនបាសាក់​នាយ ​ប៉េងប៉ោះ ​ខេ​ត្តពង់​ចាម ​ដែល​កំពុង​វះ​ក្រួស​ក្នុង​ប្រ​មាត់​នៅ​គ្លីនិក ខ្វាត់​ផូ ខេត្តកំពង់ចាម​។

​ប្រភព​បាន​បន្តថា ​សមា​គម​សូម​គោរព​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់​ ដែល​បានជួយឧបត្ថម្ភ​ដល់​”​មូលនិធិ​សិល្បករ​ចាស់ជរា ​”​ជាពិសេស​សូម​គោរព​ថ្លែងអំណរគុណ​ដល់សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែល​បាន​ឧបត្ថម្ភ​ថវិកាដើម្បី​ទ្រទ្រង់​ដល់​សិល្បករ​ចាស់ជរា​ក្នុង​រយៈពេល​៥​ឆ្នាំ​។

​ប្រភព​ដដែល​នេះ​បាន​បន្ថែមថា ​សមាគម​សិល្បករ​ខ្មែរ​ ក៏​សូម​គោរព​ជូនពរ​សម្តេច​ទាំងពីរ និង​សប្បុរសជន​ទាំងអស់​ឲ្យ​មាន​សុខ​ភាពល្អ​បរិបូណ៌ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​វាងវៃ អាយុ​យឺនយូរ ដើម្បីដឹកនាំ​កសាង​ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ថ្កុំថ្កើង​រុងរឿង​ត​ទៅមុខទៀត​។​

សូមបញ្ជាក់ថា​ នេះ​ពុំមែន​ជា​លើកទីមួយ​នោះទេ ​ដែល​ក្រុមការងារ​របស់​មូលនិធិ​សិល្បករ​ចាស់ជរា តែងតែ​បង្ហាញ​សកម្មភាព​ជួយ​សង្គម​តាមរយៈ​ការជួយឧបត្ថម្ភ​ថវិកា ​ឬ​សម្ភារៈ​ផ្សេងៗ​ដល់​សិល្បករ​-​សិល្បការិនី​ខ្មែរ​ដែល​ធ្លាក់ខ្លួន​ឈឺ និង​បាត់បង់​សមត្ថភាព ​ឬ​មាន​ជីវភាព​ខ្វះខាត​ជាដើម​៕