ព័ត៍មានទាន់​ហេតុការណ៏
Search

នី សុ​ភី និង ម៉ឺន សុភា ឡើងទៅ​ជួបគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​

នី សុ​ភី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា និង ម៉ឺន សុភា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់ក្រសួងការពារជាតិ នឹង​ឡើងទៅ​ជួបគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដណ្តើម​ខ្សែក្រវាត់​ជើងឯកលេខ១ ទម្ងន់​ ៧០​ គីឡូក្រាម បន្ទាប់ពី​ពួកគេ​ទាំងពីរបានឈ្នះ​ក្នុង​ការប្រកួត​ពាក់កណ្តាលផ្ដាច់ព្រ័ត្រ​ កាលពី​រសៀល​ថ្ងៃអាទិត្យ​ ទី​២៩​ មេសា ​២០១៨​ នៅលើ​សង្វៀន​បាយ័ន​បឹងស្នោ​នោះ។

​នៅក្នុង​ការប្រកួត​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ​នេះ នី សុ​ភី បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ថៃ Rasrisingha Wor.Viwathananon ដោយ​ពិន្ទុ ក្រោយពី​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។ ហើយ​ ម៉ឺន សុភា គេ​បាន​វាយឈ្នះ​អ្នក​ប្រដាល់​ថៃ ​Watcharalek Site Kolab ដោយ​ពិន្ទុ​ដែរ។​ ដូច្នេះ នី​សុ​ភី និង ម៉ឺន​សុភា ពួកគេត្រូវ​ជួបគ្នា​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ប្រកួត​ដណ្តើម​តំណែង​ខ្សែក្រវាត់​ជើងឯក​លេខ​១ ទម្ងន់ ៧០​ គីឡូក្រាម។ ចំណែក Rasrisingha នឹងត្រូវ​ជួប​ជាមួយ Watcharalek ដើម្បី​ប្រកួត​ដណ្តើមយក​លេខ៣។

​អ្វីដែល​ជាការ​កត់សម្គាល់​នោះ គឺ​គូ​ ម៉ឺន សុភា និង Watcharalek ដែល​គូ​នេះ​ក្រុមអ្នកវិភាគបាន​ទាយថា Watcharalek នឹង​ឈ្នះ​ក្នុង​ការប្រកួត​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​នេះ ព្រោះ ​សុភា ធ្លាប់​ចាញ់ Watcharalek ដោយ​ពិន្ទុ​ម្តង​រួចមកហើយ​នៅក្នុង​ការប្រកួត​ជម្រុះ​នោះ។ ​ប៉ុន្តែ​ផ្ទុយ​មកវិញ Watcharalek បាន​ចាញ់​ពិន្ទុ​ ម៉ឺន សុភា ដោយ​ប្រផុតប្រផើយ គឺ​ ២​ទល់នឹង​៣ ពោលគឺ​ក្នុងចំណោម​ចៅក្រម​៥​រូប មាន​២​រូប​អោយ Watcharalek ឈ្នះ ឯ​៣​រូប​ទៀត គឺ​អោយ ​ម៉ឺន សុភា ​ឈ្នះ។

​ចំពោះ នី សុ​ភី គេ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Rasrisingha ដោយ​ពិន្ទុ​ដែរ។ ក្នុងចំណោម​ចៅក្រម​៥​រូប គ្រាន់តែ​ប្រកាស​លទ្ធផល​ចៅក្រម​ ៣​ រូប​ដំបូង គឺ ​នី សុ​ភី ឈ្នះ​បាត់ទៅហើយ គឺ​ចៅក្រម​លោក​ ជ័យ កុសល បានផ្តល់​ពិន្ទុ​អោយ​ នី​សុ​ភី ៩៨ Rasrisingha ៩៧ លោក​ នួន ភី​រម្យ អោយ​ នី សុ​ភី​ ៩៩ទល់៩៦ ហើយ​លោក​ ពេជ្រ សុផាន់ អោយ ​នី សុ​ភី​ ៩៨ទល់​៩៧ គឺ​បីនាក់អោយ​ នី សុ​ភី ​ឈ្នះ​ទាំង​បីនាក់។

​ដោយឡែកគូប្រកួត​អម​គូ​ខ្សែក្រវាត់​នេះ ចាន់ វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​ផ្តួល រិ​ទ្ធ ធារ៉ា អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ អោយ​សន្លប់​ក្នុង​ទឹក​ទី១។ ចំណែក ជី ឆៃលី អ្នក​ប្រដាល់​ក្លិបមជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម បាន​ផ្តួល ឡៅ រតនា អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ អោយ​សន្លប់​ក្នុង​ទឹក​ទី​៣៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114