ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​រាប់ពាន់នាក់ ​ប្រមូលផ្តុំ​គ្នា​ដើម្បី​ឧទ្ទិស​ដល់​ជនរងគ្រោះ​នៃ​ការ​សម្លាប់​រង្គាល​ក្នុង​ទីក្រុង តូ​រ៉ុ​ន​តូ

មនុស្ស​រាប់ពាន់នាក់​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ពិធី​អធិដ្ឋាន​ភ្លើងទៀន​យប់​ថ្ងៃអាទិត្យ​ដើម្បី​រម្លឹក​ដល់​មនុស្ស​ចំនួន​១០​នាក់ ​ដែល​ត្រូវ​បាន​បុក​សម្លាប់​ ដោយ​រថយន្ត​មួយ​គ្រឿង​នៅ​ទីក្រុង តូ​រ៉ុ​ន​តូ កាលពីដើម​សប្ដាហ៍​នេះ។

នៅ​ថ្ងៃ​ចន្ទ ទៀន​ចំនួន​ដប់​ដើម​ត្រូវបាន​គេ​ដាក់​នៅលើ​ឆាក​មួយ​ដើម្បី​ជាការ​ចងចាំ​ដល់​ស្ត្រី​ប្រាំបី​នាក់​និង​បុរស​ពីរ​នាក់​ដែល​រង​ការវាយប្រហារ​ដោយ​រថយន្ត​ដឹកទំនិញ​ដែល​ជួល​ដោយ​លោក Alek Minassian។

ជនរងគ្រោះ​ដែលមាន​អាយុ​ចាប់ពី​២២​ដល់​៩៤​ឆ្នាំ​គឺ​ត្រូវបាន​សម្លាប់​នៅពេល​ជនសង្ស័យ​បុក​រះ​តាម​ចិញ្ចើមផ្លូវ​នៃ​ភាគ​ខាងជើង​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​កាណាដា​មួយ​នេះ​។ មនុស្ស​ចំនួន​ដប់​ប្រាំមួយ​នាក់​ផ្សេងទៀត​ក៏បាន​រងរបួស​ផងដែរ​។​

“​សេចក្ដីស្រឡាញ់​ចំពោះ​មនុស្ស​ទាំងអស់គ្នា មិន​ស្អប់​នរណា​ឡើយ​” គឺជា​សារ​មួយ​ដែល​គេ​ឃើញ​នៅលើ​ផ្ទាំង​បដា​ធំៗ​និង​នៅលើ​អាវយឺត​ពណ៌​ខៀវ​នៅក្នុង​ហ្វូងមនុស្ស​ដែល​រួមទាំង​លោកនាយក​រដ្ឋមន្ត្រី Justin Trudeau ផងដែរ​។​

អគ្គទេសាភិបាល​កាណាដា​លោកស្រី Julie Payette ដែល​តំណាង​ឲ្យ​មហាក្សត្រី​យា​នី​Elizabeth ទី​២, អភិបាលក្រុង​តូ​រ៉ុ​ន​តូ​លោក John Tory និង​ប្រមុខ​រដ្ឋាភិបាល​ខេត្ត​ក៏​ឈរ​នៅក្នុង​ហ្វូងមនុស្ស​ផងដែរ​។​

លោក​Rabbi BarudFrydman​និយាយថា “​ទីក្រុង​តូ​រ៉ុ​ន​តូ​បាន​ទទួលរង​ការឈឺចាប់​ដូច​បណ្តា​ទីក្រុង​ផ្សេងៗ​ដែល​រងគ្រោះ​ដោយ​ការវាយប្រហារ​រថយន្ត​ដូចជា​ទីក្រុង​ឡុង​ដ៍ ប៉ារីស​និង​ប៊ែ​រ​ឡាំង​ជាដើម​”​។​

ឈ្មោះ​របស់​ជនរងគ្រោះ​ត្រូវបាន​គេ​រៀបរាប់​ហើយ​ផ្កា​កុលាប​ពណ៌​សត្រូវ​បានដាក់​តាម​ទៀន​នីមួយៗ​ដើម្បី​ជាការ​ចងចាំ​ដល់​ពួកគេ​។​

ក្រោយពី​ការសម្លាប់​នោះ ប៉ូលិស​បាន​សន្និដ្ឋានថា លោក​Minassian​អាយុ​២៥​ឆ្នាំ​គឺ​បាន​តម្រង់​គោលដៅ​លើ​ស្ត្រី​ដោយបាន​បង្ហោះ​សារ​អា​ថ៏​កំបាំង​មួយ​នៅលើ​Facebook ប៉ុន្មាន​នាទី​មុន​ការវាយប្រហារ​៕AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114