ព័ត៍មានទាន់​ហេតុការណ៏
Search

ការប្រកួតប្រជែង​មនុស្ស​យន្ត​តំបន់​អាស៊ាន ២០១៨ ក្រុម​យុវ​សិស្ស​កម្ពុជា​ទទួលបាន​ជ័យលាភី​ជាម្ចាស់​ពានរង្វាន់​លេខ​១ ក្នុងចំណោម​៤​ប្រទេស​

ភ្នំពេញ ​៖ ក្រុម​យុវ​សិស្ស​កម្ពុជា ​ដែល​បាន​ប្រកួតប្រជែង​លើ​វិញ្ញាសា​មនុស្ស​យន្ត​តំបន់​អាស៊ាន “2018 ASEAN Regional Robotics Competition” ហើយ​ទទួលបាន​ជ័យលាភី​ជា​ម្ចាស់​ពានរង្វាន់​លេខ​១ ក្នុងចំណោម​៤​ប្រទេស បាន​និវត្ត​មកដល់​ប្រទេស​កម្ពុជា​ហើយ​កាលពី​រសៀល​ថ្ងៃទី​០១ ឧសភា ​នេះ។​

ក្រុម​យុវ​សិស្ស​កម្ពុជា ​ដែល​ដណ្តើមបាន​ជ័យលាភី​លេខ​១ ​ជូន​ជាតិ​នេះ ត្រូវបាន​លោក ​ច័ន្ទ រ័ត្ន ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ក្រសួង​អប់រំ យុវជន​និង​កីឡា​ និង​ក្រុម​យុវ​សិស្ស​រាប់សិបនាក់​បាន​ទៅ​ទទួល​ស្វាគមន៍​ដល់​ព្រលានយន្តហោះ​ភ្នំពេញ ជាមួយនឹង​បាច់ផ្កា​កិត្តិយស​។​

​ក្រុ​មសិ​ស្សានុសិស្សមកពី​វិទ្យាល័យ​ទួល​ទំពូង ដែលទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុងការប្រកួតប្រជែង​មនុស្ស​យន្ត​តំបន់​អាស៊ាន ឆ្នាំ​ ២០១៨ (​ក្រុម​STEM Cambodia នេះ​មាន​គ្នា​ ៣ ​នាក់។ ការប្រកួត​នេះទទួលបាន​ពិន្ទុ ២៥៧ ច្រើនជាង​ក្រុមផ្សេងៗ​ទៀត ដែល​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់ សម្រាប់​ការប្រកួត​ប្រភេទ Scout Class ដោយ​ការបង្កើត​មនុស្ស​យន្ត​ក្នុង​ទឹក ហើយ​នេះ​ជា​លើកទីមួយ​ហើយដែល​តំណាង​សិស្សានុសិស្សកម្ពុជា បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នេះ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​។​

លោក​ ច័ន្ទ រ័ត្ន ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ក្រសួង​អប់រំ យុវជន​និង​កីឡា ដែល​បានអញ្ជើញ​មក​ទទួល​យុវ​សិស្ស​ជ័យលាភី ម្ចាស់​ពានរង្វាន់​លេខ​១ ថ្នាក់ជាតិ​ដល់​ព្រលានយន្តហោះបាន​មានប្រសាសន៍​លើកឡើងថា ក្នុងនាម​ក្រសួង​អប់រំ យុវជន​ និង​កីឡា លោកពិតជា​រីករាយ​យ៉ាងខ្លាំងចំពោះ​យុវ​សិស្ស​កម្ពុជា​យើង​ ដែល​ដណ្តើមបាន​ជ័យលាភី​នេះ។​

លោក​បន្តថា ការប្រកួតប្រជែង​មនុស្ស​យន្ត​តំបន់​អាស៊ាន “2018 ASEAN Regional Robotics Competition” ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២១ ដល់ ២៣ ខែមេសា ឆ្នាំ​២០១៨ នៅ​ប្រទេសឥណ្ឌូណេស៊ី កន្លងមកនេះ គឺមាន​យុវ​សិស្ស​មកពី​៤​ប្រទេស ក្នុងនោះ​រួមមានប្រទេស​ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ប្រទេស​កម្ពុជា ហើយ​ក្នុងចំណោម​ ៤​ ប្រទេស​នេះ​មានតែ​កម្ពុជា​ទេដែលជា​ប្រទេស​មិនទាន់​រីកចម្រើន​ខ្លាំង​ដូច​គេ ប៉ុន្តែ​បែរជា​ប្រទេស​យើង​ដណ្តើមបាន​ជ័យលាភី​ដ៏មាន​កិត្តិយស​នេះ យើង​ពិត​ជាមាន​មោទនភាព​យ៉ាងខ្លាំង​។

លោក ​ច័ន្ទ រ័ត្ន បានបញ្ជាក់​បន្ថែមថា ការប្រលង​ប្រកួតប្រជែង​នៅក្រៅ​ប្រទេស កន្លងមកនេះ​យុវសិស្ស​របស់​យើង​បាន​ប្រកួតប្រជែង​ជាមួយ​បរទេស​ជាច្រើន​វិញ្ញាសា​រហើយ​ដែរ តែសម្រាប់ការប្រកួតប្រជែង​មនុស្ស​យន្ត​តំបន់​អាស៊ាន “2018 ASEAN Regional Robotics Competition”​នេះ វា​ជាការ​ប្រកួត​ជា​លើក​ទី​១ ហើយ​វា​ក៏​ជាការ​ប្រកួត​ដែល​កម្ពុជា​ទទួលបានជ័យលាភី​លេខ​១​ តែម្តង។ លោក​ថាវា​ពិតជា​អស្ចារ្យសម្រាប់​ក្រុម​យុវ​សិស្ស​របស់​យើង ដោយ​ក្រុម​របស់គាត់​មាន​គ្នា​ ៣ នាក់ បាន​បង្កើតជា​តុក្កតា​យន្ត​មួយ ហើយ​ពួកគាត់​បាន​បញ្ជា​អោយតុក្កតា​យន្ត​មួយ​នេះអាច​រើស​សំរាម​ចេញពី​បាត​ទឹកបាន។ ជាងនេះទៅទៀត​ក្រុម​យុវ​សិស្សទាំង ​៣​ ក៏​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ពី​មនុស្ស​យន្ត ដោយ​ទាញយក​រូបមន្ត​គណិតវិទ្យា​មកធ្វើជា​អំណះអំណាង​។​

គួររំឭកថា យុវ​សិស្ស​ជ័យលាភី គឺជា​ម្ចាស់​ពានរង្វាន់​លេខ​១ ​ថ្នាក់ជាតិ បានរៀបចំ​ឡើង​លើក​ទី​១ នៅក្នុង​ព្រឹត្តិការណ៍​មហោស្រព​វិទ្យាសាស្ត្រ និង​គណិតវិទ្យា​លើក​ទី​៤ កាលពី​ខែមីនា​កន្លងទៅ ហើយយុវ​សិស្ស​ដែល​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ពី​មនុស្ស​យន្ត ដោយ​ទាញយក​រូបមន្តគណិតវិទ្យា​មក​ធ្វើជា​អំ​ណះ​សំណាង​នោះ គឺ​យុវ​សិស្ស​ឈ្មោះ ​តេង ទិ​ត្យ​វិទូ ភេទប្រុស អាយុ១៧​ឆ្នាំ ដែលជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១១​ នៃ​វិទ្យាល័យ​ទួល​ទំពូង និង​មាន​លំនៅ​ក្នុង​សង្កាត់បឹងត្របែក ខណ្ឌចំការមន​៕