ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ​ ​យាង​ជា​ព្រះអធិបតី​ដ៏​ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នៅ​ខេត្តស្វាយរៀង

ស្វាយរៀង៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៤​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៨ ព្រះមហាក្សត្រ​ខ្មែរ​ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅ​វេលា​ម៉ោង​៨និង​១០​នាទី​ បាន​យាង​ដល់ទី​ព្រះ​ស្រែ​នៃ​បរិវេណ​វិទ្យាល័យ​ស្វាយរៀង​ស្ថិត​ក្នុងភូមិ​ព្រះ​វង់ សង្កាត់​ស្វាយរៀង ​ក្រុង​ស្វាយរៀង​ ខេត្ត​ស្វាយរៀង​ហើយ ដើម្បី​ធ្វើជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល។

មិន​ខុស​បណ្តា​ឆ្នាំ​កន្លងទៅ​នោះ​ដែរ ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នា​ព្រឹក​ថ្ងៃនេះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រីរាជការ​តាម​ក្រសួង​ស្ថាប័ន​នានា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ។

ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នៅ​ឆ្នាំនេះ​ ធ្វើឡើង​នៅ​ទី​ព្រះ​ស្រែ ក្នុងភូមិ​ស្រះ​វង់ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ដែលមាន​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ធ្វើជា​ស្តេច​មាឃ និង​លោកស្រី ឈុន ណា​រី ធ្វើ​មេ​ហួ​។​

នៅក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នៅក្នុង​ខេត្តស្វាយរៀង ក៏​មិន​ខុសពី​បណ្តា​ឆ្នាំ​កន្លងទៅ​ដែរ នៅ​កន្លែង​ប្រារព្ធ​ពិធី​មានការ​រៀបចំ​តាំង​បង្ហាញ​នូវ​ផលិតផល​កសិកម្ម សិប្បកម្ម​ក្នុងស្រុក ក៏ដូចជា​បង្ហាញ​នូវ​សកម្មភាព​នានា​របស់​ក្រសួង​ស្ថាប័ន​នានា។

ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ត្រូវបាន​រៀបចំ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ដើមរដូវ​វស្សា ដែល​ជា​ព្រះ​ប្រវេណី​របស់​ព្រះមហាក្សត្រ​ផង ហើយក៏​ដើម្បី​ជា​ការ​ប្រកាស​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​ថា រដូវវស្សា​បាន​ឈាន​ចូល​មកដល់ និង​ជា​ការ​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុកទេស ជាពិសេស​ផ្សង​មើល​ពី​ការ​ដាំដុះ និង​ការ​បង្កបង្កើន​ផល​របស់​ប្រជាពលរដ្ឋ។

ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​កាលពី​ដើមឡើយ​រៀបចំ​ធ្វើឡើង​តែ​នៅ​វាល​ព្រះមេរុ ក្បែរ​ព្រះបរមរាជវាំង​តែប៉ុណ្ណោះ តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ព្រះរាជ​ពិធី​តែង​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​តាម​បណ្តា​ខេត្ត ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​បាន​ចូលរួម និង​ស្វែងយល់​ពី​ព្រះរាជ​ពិធី​មួយ​នេះ។

នៅ​ខេត្តស្វាយរៀង​នេះ​ជា​លើកដំបូង​ ដែលមាន​ពិធី​ច្រត់ព្រះនង្គ័ល​ជា​ប្រវត្តិសាស្ត្រ​ព្រមទាំង​មាន​អញ្ជើញ​ចូលរួម​ប្រមាណ​ជាង​២០០០០​នាក់​មើល​តាមដាន​ពី​សកម្មភាព​ច្រត់ព្រះនង្គ័ល​ប្រកប​ភាព​សប្បាយ​រីករាយ​ក្រៃលែង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114