ព័ត៍មានទាន់​ហេតុការណ៏
Search

ទិញ​ដី​ទុកចោល​យូរ​ឆ្នាំ​ ពេល​មក​មើល​ដី​គេ​ធ្វើ​ផ្ទះ​ជួល​អស់​ ដេញ​មិន​ចេញ​ ទាល់តែ​ប្តឹង​ទៅ​តុលាការ​អស់​លុយ​រាប់​ម៉ឺន​ដុល្លារ​ ទើបបាន​វិញ

ភ្នំពេញ ​៖ ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​មួយកន្លែង​ ដែល​ទិញ​ទុកចោល ខកខាន​មិនបាន​មក​មើល​ លុះ​នឹកឃើញ​មក​មើល​ដី ក៏ត្រូវ​គេ​លួច​ធ្វើ​ផ្ទះ​ជួល​អស់​ ដេញ​មិន​ចេញ ទាល់តែ​ប្តឹងផ្តល់​គ្នា​ទៅ​តុលាការ​ និង​ជួល​មេធាវី​ការពារ​ក្តី​ផង​ អស់​លុយ​រាប់ម៉ឺន​ដុល្លារ ​ទើប​អាច​រឹបអូស​យក​ដី​នោះ​បាន​វិញ យ៉ាង​លំបាក កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ។

គូទំនាស់​នៅក្នុង​រឿង​វិវាទ​នេះ ភាគី​ដើមចោទ​ឈ្មោះ ស៊ុយ លាង ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​29 E2 ផ្លូវ​លេខ ១៧៨ ក្រុម​៨ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ​។ ចំណែកឯ​ភាគី​ចុង ចោទ​ឈ្មោះ បាន សា​រុំ ភេទ​ស្រី​អាយុ​៥០​ឆ្នាំ​ មាន​ទីលំនៅ​ចំណុច​ដី​កើតហេតុ ស្ថិតក្នុង​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

តាម​របាយការណ៍​សាលក្រម​របស់​តុលាការ បានបញ្ជាក់​អោយដឹងថា ​៖ កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០០៩ ឈ្មោះ ស៊ុយ លាង បាន​ទិញ​ដី​ទំហំ​១០០​ម៉ែត្រ​ការ៉េ ពី​ស្ត្រី ឈ្មោះ បាន សុផាន់ នៅ​ចំណុច​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌឫស្សីកែវ (​សព្វថ្ងៃ​ខណ្ឌ​សែន​សុខ​) ដោយមាន​លិខិត​សម្គាល់​អចលនវត្ថុ​លេខ ១២០៧០៥០៩២៨៦១ ចុះ​ថ្ងៃទី​០៥ .១០.២០០៩ ទទួលស្គាល់​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់​។ ក្រោយមក​ដោយសារ​គាត់​ជាប់​រវល់​រកស៊ី ​និង​ឈឺ​ផង មិន​បានមក​ត្រួត​ពិនិត្យមើល​ដី​ ដែល​បាន​ទិញ​រួច​នោះ លុះ​ពេលទំនេរ​មក​មើល​ដី​ក៏​ត្រូវគេ​សង់ផ្ទះ​អស់ ដេញ​អោយ​រុះរើ​ក៏​មិន​ចេញ​ ទើប​ឈាន​ទៅ​ប្តឹងផ្តល់​គ្នា​តែម្តង ដោយ​ជួល​មេធាវី​ម្នាក់ ឈ្មោះ អឹម ម៉ាច អោយ​រៀបចំ​ពាក្យ​បណ្តឹង​របស់ខ្លួន​ដាក់ពាក្យ​បណ្តឹង​ចូល​តុលាការ ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​

ចំណែក​ខាង​ភាគី​ចុងចោទ​វិញ​ឈ្មោះ បាន សា​រុំ បាន​និយាយថា ដី​នេះ​គាត់​បាន​ទិញ​ពី​ប្អូនស្រី​របស់គាត់​ឈ្មោះ បាន សុផាន់ ក្នុងតម្លៃ​១៣០០០ ដុល្លារ អាមេរិក​កាលពី​ថ្ងៃទី ២៧ ខែធ្នូ ២០០៧ កក់​ប្រាក់​ចំនួន​៣០០​ដុល្លារ លុះដល់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០០៨ ទើប​ប្រគល់​លុយ​អស់​ចំនួន​១២៧០០​ដុល្លារ​ទៀត បង្គ្រប់​ចំនួន​១៣០០០​ដុល្លារ​។ ក្រោយមក​ស្រាប់តែ​ឈ្មោះ ស៊ុយ លាង មក​អះអាងថា ដី​នេះ​ជា​ដី​របស់គាត់​ទៅវិញ ហើយ​បាន​ប្តឹង​គាត់​ទៅ​តុលាការ​ទាមទារ​យក​ដី​នេះ​វិញ ហើយ​គាត់​បាន​ជួល​មេធាវី​ចំនួន​២​នាក់ ការពារ​ក្តី​នេះ ឈ្មោះ ពិន វណ្ណៈ និង​មេធាវី ឈ្មោះ កុយ គ​ន្ឋី។​

មេធាវី​របស់ ភាគី​ដើមចោទ​បាន ទាមទារ​អោយ​ភាគី​ចុងចោទ​បង់ប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ មកអោយ​កូនក្តី​របស់ខ្លួន ដោយ​លើក​ហេតុផល​ថា សង​ការ​ចំណាយ​ទៅ​លើ​ការ​ខាត​ពេលវេលា​និង​សោហ៊ុយ​ជួល​មេធាវី​រត់ការ​ក្នុង​បណ្តឹង​នេះ​ទៅ​តុលាការ​បន្ថែម​ពីលើ​ការ​រឹបអូស​យក​ដី​នេះ​មកវិញ​។​

ទំនាស់​ដីធ្លី​នេះ​ភាគី​ចុងចោទ​បាន​ស្រែកថា តុលាការ​អយុត្តិធម៌ និង​បាន​កាន់​រូប​ថត​​ថ្នាក់ដឹកនាំ​អោយជួយ​រក​យុត្តិធម៌ ដល់​ខ្លួន​នៅក្នុង​រឿងនេះ​។​

ចំណែក​ស្ត្រី​ជា​ម្ចាស់​ដី​ដើម ឈ្មោះ បាន សុផាន់ គេចខ្លួនបាត់​ដោយសារតែ​ដី​តែ១​កន្លែង​លក់​អោយគេ​ដល់​ទៅ​២​នាក់​ឯណោះ បង្ក​​អោយ​បងស្រី​បង្កើត​របស់​ខ្លួន​បាន​ខាតបង់​លុយកាក់ ជាច្រើន​ម៉ឺន​ដុល្លារ ទាំង​ថ្លៃ​ទិញ​ដី​និង​ការ​តតាំង​ក្តី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114