ព័ត៍មានទាន់​ហេតុការណ៏
Search

លោក កែន ស​ត្ថា ចូលរួម​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ទំនប់​រូង ភូមិ​អំពេ​ង ក្នុង​ឃុំ​អង្កោល ស្រុកដំណាក់​ចង្អើរ

កែប​៖ ស្ពាន​ទំនប់​រូង ស្ថិតក្នុង​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវបាន​បើកការដ្ឋាន​សាងសង់នៅ​រសៀល​ថ្ងៃ​សុក្រ​ ៥​រោច ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤​ខែឧសភា ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​ដោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប ក្រោម​វត្តមានលោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប អមដំណើរ​ដោយ​សហការី និង​មន្ត្រីជំនាញ​ជាច្រើនរូប​។

លោក​ ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​ប្រាប់​ឱ្យដឹងថា ស្ពាន​ដែលត្រូវ​បើក​ការដ្ឋាន​សាងសង់​ត្រង់ចំណុច​ភូមិ​អំពេ​ង ឃុំ​អង្កោល​នេះ ជា​ប្រភេទ​សំណង់​លូ​ជ្រុងបេតុង​មុខ​ពីរ ស្ថិត​លើ​កំណាត់​ផ្លូវ​លេខ​ ១៣៣២​ អា មាន​ប្រវែង​ទទឹង​ ៨,៦០​ ម៉ែត្រ បណ្តោយ ៦,៧៥​ ម៉ែត្រ ​និង​កម្ពស់ ​២,៧០ ​ម៉ែត្រ​។​

លោក​បាន​បញ្ជាក់ថា ចំពោះ​ការសាងសង់ គឺ​ត្រូវបានដាក់តាំង​ផ្លាក​សញ្ញា​ចរាចរណ៍​ចំនួន ​៥ ​​ផ្លាក បង្គោល​បង្ហាញផ្លូវ​ចំនួន ​២០ ​បង្គោល ដោយ​ត្រូវប្រើ​រយៈពេល​សាងសង់​ប្រហែល​ ៤ ​ខែ ទើប​បញ្ចប់​ការងារ​នេះ​។​ ជាមួយនេះដែរ ក្រៅពី​ការងារសាងសង់ មន្ត្រី​ជំនាញ​ក្នុង​អង្គភាព ក៏​មានការ​មមាញឹក​ក្នុង​ការងារ​ថែទាំ​ដងផ្លូវ​នៅតាមខ្សែក្រវាត់​ក្រុង​-​ខេត្ត​យ៉ាង​ផុលផុស ដូចជា​ការ​កែលំអ​សួន ការបាញ់ទឹក​លាង​សម្អាត​ផ្លូវ​ក្នុងទីប្រជុំជន ពិសេស​ការងារ​ជួសជុល​ផ្លូវ​ជាដើម​។

លោក ​កែន ស​ត្ថា អភិបាលខេត្ត​កែប លោក​ក៏បាន​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានខាងលើ ត្រូវ​ចេះ​សហការគ្នា​ជួយ​ថែទាំ​សម្បត្តិ​សាធារណៈ​ទាំងអស់គ្នា​ដូចជា ​ស្ពាន ផ្លូវថ្នល់ ជាដើម​។ ​លោក​បាន​បញ្ជាក់ថា ចំពោះ​ការបើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅលើ​កំណាត់​ផ្លូវ​លេខ ១៣៣២ ​ស្ថិតក្នុង​ភូមិ​អំពែង ឃុំ​អង្កោល​នេះ មន្ត្រី​ជំនាញ​នឹង​ចាប់​អនុវត្ត​យ៉ាង​មមាញឹកចាប់ពីពេលនេះ​តទៅ ដោយ​ប្រើ​រយៈពេល​តែត្រឹម ​៤​ ខែ​ប៉ុណ្ណោះ​ ឱ្យបាន​រួចរាល់​ជា​ស្ថាពរសម្រាប់​ងាយស្រួល​ការធ្វើ​ចរាចរ​ដល់​អ្នក​ដំណើរ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែលរស់នៅក្នុង​មូលដ្ឋាន​ខាងលើ​តែម្តង​។​

ទន្ទឹមនេះ លោក​អភិបាលខេត្តក៏បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ក្មួយៗ​ជា​យុវវ័យ ត្រូវខិតខំ​រៀនសូត្រ​ឱ្យបាន​ចេះដឹង​ជ្រៅជ្រះ ធ្វើដំណើរ​ត្រូវ​ប្រុងប្រយ័ត្ន​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​៕