ព័ត៍មានទាន់​ហេតុការណ៏
Search

សុះ ម៉ាច ៖ ​ចូរបង្កើត​មិត្តនិង​រក្សា​មិត្ត​ កុំ​បង្កើត​សត្រូវ​ នោះ​នឹង​រស់​នៅបាន​សេចក្តីសុខ

​ភ្នំពេញ​៖​ អរគុណ​ទេវតាដែល​តែងតែ​ប្រទាន​នូវ​មិត្ត​ដ៏​ល្អៗ ពូ​ធម៌​ មីង​ធម៌​ បងធម៌​ ប្អូនធម៌ ​ដ៏​ល្អគ្រប់ទិសទី​ជិត​ឆ្ងាយ​ក្នុងប្រទេស​ និង​ក្រៅប្រទេស​ដល់​រូបខ្ញុំ​។ ​ជា​ចំណាំ​ រៀងរាល់​ខ្ញុំ​ជួប​បញ្ហា​វិបត្តិអ្វីមួយ​ពួកគាត់​ទាំងនោះ​ហើយ​តែងតែ​ជ្រោមជ្រែង​ជួយ​ដល់​រូបខ្ញុំ​ជានិច្ច​ សន្តាន​ចិត្ត​របស់​ពួកគាត់សឹងតែ​លើស​សាច់ញាតិ​បងប្អូន​ទៅទៀត​។​ នេះ​គឺជា​សម្តី​លើកឡើង​របស់លោក សុះ ម៉ាច។​

តារាចម្រៀង​ និង​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ​២ ​អាណត្តិ​ លោក សុះ ម៉ាច បាន​បន្ត​ថា កន្លងមក​បើទោះជា​មិត្ត​ខ្លះ​មាន​បញ្ហា​ជាមួយនឹង​ខ្ញុំ ក៏​ពួកគេ​ទាំងនោះ​តែងតែ​ងាក​មក​ធ្វើ​ល្អ​នឹង​ខ្ញុំ​វិញដដែល​។ និយាយ​ទៅ​ ជា​តិ​នេះ​ខ្ញុំ​ជំពាក់​គុណ​ពួកគាត់​ទាំងនោះ​ច្រើនណាស់ ទាំងអស់នេះ​វា​ក៏ស្តែង​ចេញពី​ទង្វើ​ និង​ការ​រាប់អាន​របស់ខ្ញុំ​ចំពោះ​មិត្ត ​និង​ពលរដ្ឋ​ទូទៅ​គ្រប់​និន្នាការ​ គ្រប់ស្រទាប់វណ្ណៈ​ ដោយស្មោះ​ផងដែរ​។

​លោក សុះ ម៉ាច បាន​និយាយទៀតថា ​និយាយ​អោយ​ត្រង់​ទៅ​ការ​រាប់អាន​របស់ខ្ញុំ​ចំពោះ​ពួកគាត់ ​គឺដោយ​ការគោរព ​និង​អោយ​តម្លៃ​គ្នា​ទៅវិញទៅមក​តែប៉ុណ្ណោះ។ ​ខ្ញុំ​រាប់អាន​នរណាម្នាក់ ​មាន ​ឬ​ក្រ ខ្ពស់ ​ឬ​ទាប​យ៉ាងណា ក៏​មិនដែល​គិតថា​ខ្លួន​ខ្ញុំ​ជាតា​រា និង​មាន​គោរមងារ​ជា​ឯកឧត្តម​អី​ដែរ គឺ​ខ្ញុំតែងតែ​បន្ទាបខ្លួន​ជា​មនុស្ស​ដ៏​សាមញ្ញ​ម្នាក់ ព្រោះ​ខ្ញុំ​គិតថា​ការ​រាប់អាន​ពី​ពួកគាត់​មកលើ​រូបខ្ញុំ ​គឺ​គ្មានចង់បាន​អ្វី​ពី​ខ្ញុំ​ក្រៅ​តែ​ការស្រឡាញ់ ​និង​គាំទ្រ​អោយ​តម្លៃ​គ្នា ​និង​កិច្ចការងារ​ខ្លះ​ពាក់ព័ន្ធ​នឹងសិល្បៈ​តែប៉ុណ្ណោះ​!​។

​បន្ថែម​ពីលើ​នេះ​ តារា​ជើងចាស់​លោក សុះ ម៉ាច បានបញ្ជាក់​ថា ​ជា​ចុងក្រោយ​ខ្ញុំ​សូម​ថ្លែងអំណរគុណចំពោះ​បណ្តា​មិត្ត​ ក៏ដូចជា​អ៊ំពូ​មីង​បង​ប្អូនធម៌​ទាំងអស់ ដែល​ធ្លាប់​មានគុណ​មកលើរូបខ្ញុំ និង​សូម​ប្រកាស​បួងសួង​ដល់​ទេវតា​ សូម​លោក​ជួយ​បីបាច់​ថែរក្សា​ពួកគេ​អោយ​ជួបតែសេចក្តីសុខ​សុភមង្គល​ ប្រាសចាក​រោគា ​ជាពិសេស​សូមអោយ​សំណាងល្អ​ និង​ជោគជ័យជានិច្ច​គ្រប់​កិច្ចការងារ​។​ ចូរ​បង្កើត​មិត្ត​ និង​រក្សា​មិត្ត​ កុំ​បង្កើត​សត្រូវ នោះ​អ្នក​នឹង​រស់​នៅបានទៅដោយ​សេចក្តីសុខមិនខានឡើយ​៕