ព័ត៍មានទាន់​ហេតុការណ៏
Search

ចាន់ ប៊ុន​ហឿន ផ្តួល Laopie​ ទឹក​២ ឯ រិ​ទ្ធ ភូ​លូ ផ្តួល​ Thungmun ទឹក​៤

​ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ពួកគេ​ទាំងពីរ​នាក់ ​បាន​ផ្តួល​ថៃ​មុន​ទឹក​ទី​៥ ​ដូចគ្នា ក្នុង​ការជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើសង្វៀន​បាយ័ន​បឹង​ស្នោ កាលពី​រសៀល​ថ្ងៃទី​០៦​ ខែឧសភា ​ឆ្នាំ២០១៨។​

ចាន់ ប៊ុន​ហឿន អ្នកប្រដាល់​ជើង​ខ្លាំងរបស់កម្ពុជា បាន​ផ្តួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ​ឈ្មោះ Laopie Sor.Anucha ក្នុង​ទឹក​ទី​៤ បន្ទាប់ពី​អ្នក​ប្រដាល់​ថៃ​រូបនេះ ត្រូវ​កែង​របស់ ​ប៊ុន ​ហឿន វាយ​ចំក្បាល ព្រមជាមួយ​ជង្គង់​អុក​ចូល​ពោះ​ទឹក​នោះ។ Laopie នេះមុន​ជួប​ ចាន់ ប៊ុន​ហឿន ​នេះគេ​ក៏​ប្រកួត​ចាញ់​ រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ ដោយ​ពិន្ទុដែរ។ ចំណែក ​ចាន់ ប៊ុន​ហឿន ជើង​ខ្លាំង​របស់​កម្ពុជា​នេះ គេ​ក៏បាន​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Thonnpetch Phor. ក្នុង​ទឹក​ទី​១​ ដែរមុន​មកជួប Laopie នេះ។ ចាន់ ប៊ុន​ហឿន ជា​លើក​ទី​១៨ របស់គេហើយដែល​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​នោះ ក្នុងចំណោម​២៦​លើក ដែល​គេ​ជួប​ប្រកួតជាមួយ​ថៃ។

​ចំពោះអ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ​វិញ គេ​បាន​ផ្តួល​អ្នកប្រដាល់​ថៃ​ឈ្មោះ Thungmun Sor.Muaythai Gym អោយ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៤ ដោយសារ​មាន​បញ្ហា​ជើងឆ្វេង មិនអាច​បន្ត​ការប្រកួត​ទៀត​បាន។​ ពួកគេ​ទាំងពីរប្រកួត​គ្នា​ក្នុង​ទម្ងន់ ៦០ ​គីឡូក្រាម។

​ជា​លើក​ទី​៤ ក្នុងចំណោម​៥​លើក ដែល​ រិ​ទ្ធ ភូ​លូ បាន​វាយ​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​នោះ។ រិ​ទ្ធ ភូលូ ប្រកួត​ទើបបាន​ចំនួន​៤៨​លើក​ប៉ុណ្ណោះ ក្នុងនោះវាយ​ឈ្នះ​៣៣​លើក ចាញ់​១១​លើក និង​ស្មើ​០៤លើក ខ​ណៈដែល Thungmun Sor.Muaythai Gym គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៣​លើក ឈ្នះ​៦០លើក ចាញ់១៩លើក និង​ស្មើ​០៤​លើក។

​ដោយឡែកអ្នក​ប្រដាល់​ លី កែវ​ឡុង ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ បាន​វាយ​ឈ្នះ គុជ​សា ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា​ក្នុង​ទឹក​ទី​៣។ រីឯ ឈាន រស្មី អ្នក​ប្រដាល់​ក្លិប​រាជសីហ៍ខេត្តបន្ទាយមានជ័យ ត្រូវ ​សុខ វិ​រៈ ​អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង វាយ​អោយសន្លប់​ក្នុង​ទឹក​ទី​២ ហើយ ​ឡេង ម៉ៅ ក្លិប​ម៉ៃ​ទី​ក្រាំង​យ៉ូ​វ បាន​ផ្តួល​ ហេង សុផាត ក្លិប​ព្រៃទទឹងខេត្តបាត់ដំបង អោយ​សន្លប់​ក្នុង​ទឹក​ទី​២​ដែរ៕

​វង្ស ណ​យ ឈ្នះ Sonnaraylek ទឹក​២ ខ​ណៈ នូវ ​ស្រី​ពៅ​ ចាញ់ ​Lommani​ ដោយ​ពិន្ទុ​ ​
វង្ស ណ​យ អ្នក​ប្រដាល់​កម្ពុជា ​នៃ​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​វាយ​ឈ្នះអ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី Sonnaraylek Thublarnggalleri ក្នុង​ទឹក​ទី​២ ក្នុង​ការជួប​ប្រកួត​គ្នា​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ក្នុង​កម្មវិធី​ប្រដាល់​ខា​រ៉ា​បាវ យប់​ថ្ងៃអាទិត្យ​ ទី​០៦ ​ឧសភា ​២០១៨។ វង្ស ណ​យ និង Sonnaraylek ជួបប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៧០​ គីឡូក្រាម។​ ក្នុងការ​ប្រកួត​ទឹក​ទី​២​នោះ វង្ស ណ​យ បាន​បែក​រយះ​ធំចេញឈាម​ដោយសារ​កែង​របស់​ថៃ តែ​យ៉ាងណា វង្ស ណ​យ បាន​វាយ​កែង​ឆ្វេង​សង​វិញ បណ្តាលឲ្យ ​Sonnaraylek ដួលសន្លប់។

Sonnaraylek​ អ្នក​ប្រដាល់​ថៃ​រូបនេះ ទើបតែ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តងនេះ​ទេ។​ គេ​បានធ្វើអោយ ​វង្ស ណ​យ ឈឺ​សាច់​មិនតិច​ដែរ​ទេ ដោយសារ​ត្រូវ​កែង​របស់គេ​នោះ។ អ្នក​ប្រដាល់​ថៃ​នេះមាន​កំណត់​ត្រាប្រកួត​ចំនួន​៧១​លើក ខ​ណៈ​ដែល​ វង្ស ណ​យ គេ​មាន​កំណត់​ត្រា​រហូតដល់​ ១៨៧​ លើក​ឯណោះ។

​ចំណែកកីឡាការិនី នូវ ស្រី​ពៅ អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​វាយ​ចាញ់អ្នក​ប្រដាល់​ស្រី​ថៃ Lommani Wor.Sarnthai ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​ ៥៤​ គីឡូក្រាម។​ នូវ ស្រី​ពៅ ចាញ់​ជង្គង់និង​ជើង​ទាត់​របស់​កីឡាការិនី​ថៃ។ Lommani Wor.Sarnthai ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​ល្អ​។ ដោយឡែក កូយ ឡាយ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង ​៩១១ បាន​វាយ​ចាញ់ ​លិញ ភារម្យ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ​ដោយ​ពិន្ទុ៕

ម៉ុ​ត ​ខ្លឹម​ខ្មៅ ផ្តួល តូច ទូ ​ទឹក​៣ ឯ ហួន សុខ​នី​ម ឈ្នះ ស៊ូ វ​ណ្ណៈ ​ត្រឹម​ពិន្ទុ​
​អ្នក​ប្រដាល់​មិនសូវ​ល្បីឈ្មោះ តូច ទូ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​វាយ​ចាញ់ ​ម៉ុ​ត ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ល្បីឈ្មោះ​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ក្នុង​ទឹក​ទី​៣ ក្នុងការ​ជួបគ្នា​នៅលើ​សង្វៀនបាយ័ន​ស្ទឹងមានជ័យ កាលពី​ថ្ងៃ​សៅ​រ៍ ទី​០៥​ ឧសភា ​២០១៨។​ តូច ទូ មិនអាច​ទ្រាំទ្រ​ជាមួយទម្ងន់​ជើង កណ្តាប់ដៃ​ធ្ងន់ និង កែង​របស់ ​ម៉ុ​ត ខ្លឹម​ខ្មៅ បាន​នោះទេ។

​ហួន សុខ​នី​ម អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក ប្រកួត​ឈ្នះ​ ស៊ូ វ​ណ្ណៈ អ្នក​ប្រដាល់​ក្លិប​នាគរាជមានជ័យ ដោយ​ពិន្ទុ។ ពួកគេ​ទាំងពីរប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៦៣,៥០០​ គីឡូក្រាម​។ ស៊ូ វ​ណ្ណៈ ជាអ្នក​ប្រដាល់​ស្រករ​ក្រោយ គេ​មាន​ស្នៀត​ប្រដាល់​ល្អ ចិត្ត​ប្រដាល់​រាង​តូច។​

ជ័រ ពៅ អ្នក​ប្រដាល់​ជើង​ថ្មី នៃ​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ប្រកួត​ឈ្នះ​ ឆេង អ៊ីវ​ណ្ណា​រ៉ា អ្នក​ប្រដាល់​ក្លិបសៅ​យ៉ាន​នាគា ក្នុង​ទឹក​ទី​២។ ​អ្នក​ទាំងពីរប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៦០ ​គីឡូក្រាម​។

វុត្ថា ណាវី អ្នក​ប្រដាល់​ក្លិប​អង្គរ​ធំគុន​ខ្មែរ ប្រកួត​ឈ្នះ​ ជុន សាវុធ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា​ ដោយពិន្ទុ ក្នុងការ​ប្រកួត​គ្នា​ទម្ងន់ ​៥៤ ​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114