ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​ពិការ​ចំនួន​៩​នាក់​ បាន​ចូលរួម​ប្រឡង​ចម្រៀង​សម័យ​នៅ​ខេត្ត​​ស្ទឹងត្រែង

ស្ទឹងត្រែង ​៖ ​​ការ​ប្រឡង​នេះ​ បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី​០៦​ ខែ​ឧសភា ​ឆ្នាំ​២០១៨​ ក្រោម​ការ​គាំទ្រ​របស់​ក្រសួង​ព័ត៌មាន​ ដើម្បី​លើក​កម្ពស់​វិស័យ​សិល្បៈ​ជាពិសេស​ក្នុង​គោលបំណង​ជួយ​លើកស្ទួយ​ជីវភាព​របស់​បងប្អូន​ជន​ពិការ​ឱ្យ​ដល់​ទី​ជនបទ។

លោក​ដួង ​ពៅ​ អភិបាលរង​ខេត្ត​​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នេះ​ បាន​បញ្ជាក់​ថា ​៖ ​នេះ​ជា​លើក​ទី​មួយ​ហើយ ​ដែល​ខេត្តស្ទឹងត្រែង ​បាន​រៀបចំ​ពិធី​នេះ​ឡើង​ បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ ទោះបី​នៅ​ទីណា កន្លែង​ណា​ក៏ដោយ​ យើង​ត្រូវតែ​គិតគូរ​ជានិច្ច​ចំពោះ​ជន​ពិការ។

លោក​ឡា​ ពុ​ទ្ធី ​អនុប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្ត​ បាន​គាំទ្រ​ចំពោះ​ការរៀបចំ​ឲ្យ​មាន​រាត្រី​ស្រមោល​ស ​​​នេះ​ឡើង​ ព្រោះ​វា​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ក្លាហាន​របស់​បងប្អូន​ជន​ពិការ​ ទោះ​បី​ថា​ពួកគាត់​ពិការ​ដៃ​-​ពិការ -​ជើង​- ពិការភ្នែក តែ​ទឹកចិត្ត​មិន​ពិការ​ឡើយ។

លោក​វុ​ធ​ឡងឌី​ ប្រធាន​មូលនិធិ​ជនពិការ​នៃ​មន្ទី​រសង្គមកិច្ច​បាន​អះអាងថា ​៖ ​បងប្អូន​ជន​ពិការ​ពិតជា​មាន​ទេពកោសល្យ​មិន​ចាញ់​អ្នកមាន​អវយវៈ​ល្អ​នោះ​ទេ។

លោក​បន្តថា ​៖ ជាក់ស្តែង​បងប្អូន​ជនពិការ​០៩​នាក់​មាន​ជនពិការភ្នែក​ឈ្មោះ​ជុំ​រតនា​រស់នៅ​ក្រុង​ស្ទឹងត្រែង​បាន​ឡើង​ប្រឡង ច្រៀង​បទ​(​ចំប៉ា​ប៉ោយប៉ែត ទម្រង់​បទ​មនោសញ្ចេតនា​)​ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយ​ ត្រូវ​ឡើងទៅ​ប្រឡង​បន្ត​នៅ​ថ្នាក់​ជាតិ​ក្នុងពេល​ខាងមុខ​ដ៏​ឆាប់ៗ​នេះ។

សូម​​បញ្ជាក់​ថា ​៖​ បន្ទាប់ពី​​​បញ្ចប់​ការ​ប្រឡង​ចម្រៀង​នេះ ​គណៈកម្មការ​រៀបចំ​ការប្រឡង បានផ្តល់​ជា​កិត្តិយស​លើកទឹកចិត្ត​ជូន​ជា ថវិកា លេខ​១​ទទួល​បាន​៨០​ម៉ឺន​រៀល និង​ចំណាត់ថ្នាក់​ចាប់ពី​លេខ​២ ដល់​លេខ​៥​ទទួល​បាន​ម្នាក់ៗ​២០​ម៉ឺន​រៀល៕