ព័ត៍មានទាន់​ហេតុការណ៏
Search

សុខ ធី ជួប Phetch Ngenthorng ឯ សុខ រិ​ទ្ធ ជួប Sennapha

អ្នក​ប្រដាល់​ជើង​ថ្មី សុខ ធី អ្នក​ប្រដាល់​ក្លិប​សៅ​យ៉ាន់​នាគា ខេត្តបន្ទាយមានជ័យ គេ​នឹង​ទទួលស្វាគមន៍​ការសុំ​ជួប​សងសឹក​របស់​អ្នក​ប្រដាល់​ថៃ​ Phetch Ngenthorng នៅលើ​សង្វៀន​បាយ័នស្ទឹងមានជ័យ នា​រសៀល​ថ្ងៃ​សុក្រ​ ទី​១១ ឧសភា ២០១៨​ នេះ​។ ពីរ​នាក់​នេះធ្លាប់​ប៉ះគ្នា​ម្តងហើយ​កាលពី​ថ្ងៃទី​១៨ ​វិច្ឆិកា ​២០១៧ ​កន្លងមក ដោយ ​សុខ ធី​ ឈ្នះ​ដោយ​ពិន្ទុ​។​ ពួកគេ​ទាំងពីរជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម។ អ្នក​ប្រដាល់​ពីរ​នាក់​នេះ សុទ្ធតែ​ធ្លាប់​ឆ្លងកាត់ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ដូចគ្នា។ បើ​និយាយ​ពី​បច្ចេកទេស​ និង​ល្បិចកល​ប្រកួតពួកគេ​ទាំងពីរ​មាន​ដូចគ្នា។

​សុខ ធី ជា​អ្នក​ប្រដាល់​វ័យក្មេង​ស្រករ​ក្រោយ ជា​កូនសិស្ស​របស់​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​សានសៅ​យ៉ាន់។ អ្នក​ប្រដាល់​វ័យក្មេង ​សុខ ធី​ នេះគេ​ទើបតែ​ឈ្នះ​បាន​ខ្សែក្រវាត់​ជើងឯក​គូ​បូ​តា​ទម្ងន់​ ៥៧ គីឡូក្រាម កាលពី​ថ្ងៃទី​២៧ ​មេសា​ ២០១៨ ​កន្លងមកនេះ បន្ទាប់ពី​យកឈ្នះ​ ឡុង ជិន អ្នក​ប្រដាល់​ក្លិបខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​។

​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​នៅ​ភ្នំពេញ បាន​និយាយ​អោយដឹងថា សុខ ធី​ នេះគេភាគច្រើន​ប្រកួត​តែ​នៅ​ជាយដែន និង​នៅក្នុង​ប្រទេស​ថៃ​តែប៉ុណ្ណោះ គេ​ពុំ​សូវ​ដែល​ឡើងមកប្រកួត​នៅ​ភ្នំពេញ​ឡើយ។ នេះ​ជា​លើក​ទី​១២ របស់​ សុខ ធី​ ហើយដែល​មក​ប្រកួត​នៅភ្នំពេញ​នេះ។ សុខ ធី នៅ​ក្មេងតែមាន​ស្នៀត​ប្រដាល់​ល្អ វាយ​ខ្លាំង កម្លាំងកាយ​សម្បទា​រឹងមាំ ហើយ​គេ​អាច​វាយ​បាន​គ្រប់​ស្ថានភាព​ប្រកួត​ទាំងអស់។​ ទោះបីជា​យ៉ាងណា សុខ ធី ក៏​មិន​ប្រាកដថាអាច​ឈ្នះ Phetch Ngenthorng ដែរ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ជា​ជើងចាស់​ និង​ជា​ជើងខ្លាំង​ប្រចាំ​ទម្ងន់​នេះ។

Phat Ngen Thong មក​ប្រកួត​ចុងក្រោយ​នេះ បាន​ផ្តួល​ បឺត សង្ឃឹម អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​០៥ ​ឧសភា ​២០១៨។ ចាំមើល Phetch Ngen thorng អាច​សងសឹក​យកឈ្នះ សុខ ធី បាន​វិញ​ឬ​អត់សម្រាប់​ជំនួប​សងសឹក​លើក​នេះ ?​។​

ដោយឡែក សុខ រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​សៅ​យ៉ាន់​នាគា ដែល​ត្រូវជា​ប្អូនបង្កើត​របស់​ សុខ ធី ត្រូវគេ​ផ្គូអោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Sennapha Wor.Shunthoranon​។ ពួកគេ​ទាំងពីរនឹងប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៥៤ ​គីឡូក្រាម។ Sennapha នេះធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​កន្លងមក​ដែរ។ បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​នៅ​ភ្នំពេញ បាន​ប្រាប់​អោយដឹងថា Sennapha គេ​ជា​អ្នកប្រដាល់​ដែលមាន​ថ្វីដៃ​ល្អ និង ខ្លាំង។ Sennapha​ នេះមាន​ប្រវត្តិ​ប្រកួត​ចំនួន​ ៧២ លើក វាយ​ឈ្នះ៥៤​លើក ចាញ់​១៦​លើក និង​ស្មើ​០២​លើក។

​ចំណែក សុខ រិ​ទ្ធ គេ​ក៏​ជា​ជើង​ខ្លាំង​របស់​កម្ពុជា​ក្នុង​ប្រភេទ​ទម្ងន់​ ៥៤ ​គីឡូក្រាម​នេះដែរ។ ក្រោយពេល​ឆ្លងកាត់​ការប្រកួត​ជាមួយ​ថៃ​ច្រើនលើក បានធ្វើ​ឲ្យ​គេ​មានបទពិសោធន៍​កាន់តែច្រើនក្នុងការ​ប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ​ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺ​គ្មាន​ញញើតខ្លាច​ដូច​ពីមុន​នោះឡើយ។ សុខ រិ​ទ្ធ មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀតទាត់​ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត។​ សុខ រិ​ទ្ធ ជា​អ្នក​ប្រដាល់​វ័យក្មេង​ស្រករ​ក្រោយ ជាកូនសិស្ស​របស់​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​ សាន សៅ​យ៉ាន់ ហើយ​ត្រូវជា​បង​បង្កើត​របស់​ សុខ ​ធី​។ អ្នក​ប្រដាល់​វ័យក្មេង​ សុខ រិ​ទ្ធ​ នេះគេ​ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​តែ​ ៦​ លើក​ប៉ុណ្ណោះ ដោយ​វាយឈ្នះ​ទាំង ​៦​។ ចាំមើល សុខ រិ​ទ្ធ គេ​អាច​ផ្តួល​អ្នក​ប្រដាល់​ថៃ Sennapha បានដែរ​ឬ​អត់ ?។​ សុខ រិ​ទ្ធ គេ​ផ្តួល​អ្នកប្រដាល់​ថៃ​ចុងក្រោយ​គេ​នោះ គឺ​ផ្តួល ​Petchchavanh ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​០៩ មីនា​ ២០១៨។

​ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ អ្នក​ប្រដាល់​ ហេង សុ​ភ័​ក្រ ក្លិប​ព្រៃទទឹងខេត្តបាត់ដំបង ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ ចាន់ វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ។ ពួកគេ​ទាំងពីរនឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម ។

វុត្ថា លាន់​លិញ អ្នក​ប្រដាល់​ក្លិប​អង្គរ​ធំគុន​ខ្មែរ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ ឆាយ ម៉េ​ត អ្នកប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ដោយ​ប្រកួត​ក្នុង​ទម្ងន់ ​៦០​ គីឡូក្រាម។ សម្រាប់ការជួបគ្នា​លើកដំបូង​នេះ ពុំ​ដឹងថា​អ្នកណា​ឈ្នះអ្នកណា​ចាញ់​នោះឡើយ​? ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114