ព័ត៍មានទាន់​ហេតុការណ៏
Search

ឌុ​ម កែវ​ដា ចាញ់ Pek Thieng ខ​ណៈ ​រឿង សា​រ័ត្ន ​ឈ្នះ Phat Ka

ឌុ​ម កែវ​ដា អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ Pek Thie ng ក្នុង​ការជួបប្រកួត​គ្នា​ទម្ងន់ ​៦៣,៥០០ ​គីឡូក្រាម នៅក្នុង​កម្មវិធី​ប្រដាល់ ​Carabao នៅលើ​សង្វៀន​ SEA-TV រសៀល​ថ្ងៃទី​០៥​ ឧសភា ​២០១៨​។​ Pek Thieng គេ​ទើប​មក​ប្រកួត​នៅ​កម្ពុជា​ជា​លើកដំបូងប៉ុណ្ណោះ។ កីឡាកររូបនេះគេ​រឹងមាំដែល ​កែវ ដា ពិបាក់​ក្នុងការ​កាច់​ផ្តួល​គេ​អោយ​ដួលដើម្បី​អុក​ជង្គង់​នោះ។​

ឌុ​ម កែវ​ដា វាយ​ចេញ​ក៏​យឺត ហើយ​វាយ​អត់​មាន​ផ្លែ​ល្អ​ទៀតផង ដែល​ធ្វើអោយ​ចប់​ការប្រកួត​៥​ទឹក ចាញ់ Pek Thieng ដោយ​ពិន្ទុ។ Pek Thieng មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៦៧​លើក ឈ្នះ​៥៣​លើក ចាញ់​១៥​លើក និង​ស្មើ​០១​លើក ខ​ណៈដែល ​ឌុ​ម កែវ​ដា គេ​ក៏មាន​កំណត់ត្រា​៨៧​លើក ក្នុងនោះឈ្នះ៦៩​លើក ចាញ់​១៥​លើក ស្មើ​០៣​លើក។​

ចំណែកអ្នក​ប្រដាល់​ជើង​ខ្លាំង រឿង សា​រ័ត្ន ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង ​៩១១ ​បាន​វាយ​ឈ្នះ​អ្នកប្រដាល់​ថៃ​ឈ្មោះ​ Phat Ka ដោយ​ពិន្ទុ។ ពួកគេ​ទាំងពីរ​នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៦៣,៥០០​ គីឡូក្រាមដែរ។ Phat Ka គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​យើង​ម្តង​ហើយ។ Pek Thieng អ្នក​ប្រដាល់​ថៃរូបនេះខ្ពស់ជាង ​រឿង សា​រ័ត្ន ​បន្តិច ហើយ​ផ្លែ​របស់គេ​ក៏​មុត​ស្រួច​ល្អ​ផងដែរ ទាំង​កណ្តាប់ដៃ ទាត់ និង​ជង្គង់ តែ​ភ្លាត់ស្នៀត​មក​ចាញ់ រឿង សា​រ័ត្ន ដោយ​ពិន្ទុ។

ចេង គា អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ប្រកួត​ស្មើ​ជាមួយ​អ្នក​ប្រដាល់ ​ភុ​ន សោ​ភ័​ណ្ឌ ក្នុង​ប្រភេទទម្ងន់​ ៦៥​ គីឡូក្រាម។ ពីរ​នាក់​នេះមាន​កម្ពស់​ប្រហែល​គ្នា និង​មាន​ប្រវត្តិ​ប្រកួតប្រហាក់ប្រហែលគ្នា​ដែរ។

​ជ័យ ស៊ី​នេ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ ក៏​ប្រកួត​ចាញ់ ណា​ម ម៉ូ​រ៉ា​ក់ អ្នកប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ដោយ​ពិន្ទុ​ដែរ ​ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​ ៦០ ​គីឡូក្រាម។ ស៊ី​នេ​ត ធ្លាប់​ជួប ​ម៉ូ​រ៉ា​ក់ ពីរលើក ដែល​លើក​ទី​១​ ចាញ់​ដោយ​ពិន្ទុ​ និង ​លើក​ទី​២​ មក​សងសឹកបាន​ត្រឹមស្មើគ្នា​ប៉ុណ្ណោះ។

Ouy Sayam ​សងសឹក ​ឈុត សេរី​វ៉ាន់​ថង ​មិនបាន​សម្រេច ក្នុងពេល​ ខាំ ខ្លា​នាង​ ចាញ់ Saravuth
អ្នក​ប្រដាល់​ថៃ ​Ouy Sayam ដែល​ឡើងមក​សងសឹក​ ឈុត សេរី​វ៉ាន់​ថង អ្នក​ប្រដាល់​ក្លិប​រា​ហ៊ូ​កីឡាខេត្តបាត់ដំបង​នោះ ធ្វើ​មិនបាន​សម្រេច​នោះឡើយ ដោយ​ត្រូវ​ខាតដើម​ថែមទៀត ដោយសារត្រូវ​ វ៉ាន់​ថង ​វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​៤​ដដែល​។ ការជួប​សងសឹក​នេះ នៅលើ​សង្វៀន​Barrley Black របស់ ​SEA- TV កាលពី​រសៀល​ថ្ងៃទី​០៦​ ឧសភា ​២០១៨។​

Ouy Sayam អ្នក​ប្រដាល់​ថៃ​រូបនេះ កាលពី​ថ្ងៃទី​២៧​ មករា​ ២០១៨ បាន​ត្រូវ​អ្នក​ប្រដាល់​វ័យក្មេង ឈុត សេរី​វ៉ាន់​ថង វាយ​អោយ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៤ បន្ទាប់ពី ​សេរី​វ៉ាន់​ថង ទាត់​ត្រូវ​ចង្កេះមួយ​ជើង​ដួល​ក្រោក​លែងរួច​នោះ។ ដោយសារតែ​មិន​អស់ចិត្ត ទើប​គេ​សុំ​ឡើង​មកជួប​សងសឹក សេរី​វ៉ាន់​ថង ​វិញ​នាពេលនេះ ប៉ុន្តែ​ត្រូវ​បរាជ័យដោយ​ត្រូវ​ សេរី​វ៉ាន់​ថង ដាល់​ពោះ​និង​ដាល់​មុខអោយសន្លប់​ក្នុង​ទឹក​ទី ​៤ ​ដូច​លើក​មុន​ដែរ។​

ចំពោះ ​ខាំ ខ្លា​នាង អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដែល​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ Saravuth វិញនោះ បាន​វាយ​ចាញ់​ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។ ពីរ​នាក់​នេះប្រកួត​គ្នា​ក្នុងប្រភេទ​ទម្ងន់​ ៥១ ​គ​.​ក្រ។ អ្នក​ប្រដាល់​ថៃ​នេះ លើក​មុន​វាយ​ស្មើ​ជាមួយ ​ប៊ុន សុធា អ្នក​ប្រដាល់ក្លិប​ក្រសួងការពារជាតិ។​ លើក​នេះ Saravuth បាន​យកឈ្នះ​ ខាំ ខ្លា​នាង ដោយ​ពិន្ទុ។

​ការប្រកួត​ជាមួយ​ថៃ ខាំ ខ្លា​នាង វាយ​ចេញ​យឺត និង​បែប​ប្រចាំ ពោលគឺ​ទាល់តែ​ថៃ​វាយ​មកលើទើបគេ​វាយ​សង​វិញ និយាយ​រួម​គឺ​វាយ​ក្រោយ​គេ ដែល​ធ្វើអោយ​ចាញ់​ប្រៀប​ថៃ។​ កាលពី​ជួបថៃ​លើក​មុន ខ្លា​នាង ក៏​វាយ​ចាញ់ Kiev Ba​ ដែរ ហើយ​ចាញ់​ក្នុង​ទឹក​ទី​១​ថែមទៀត។

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ពុទ្ធ ភា​រិ​ន អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ប្រកួតចាញ់ រ៉ែ​ម រាជ អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៥៧ គីឡូក្រាម ។ រីឯ ភួង ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ប្រកួត​ឈ្នះ លាភ សំណាង អ្នកប្រដាល់​ក្លិប​កងពលតូច​លេខ​៧០​ ដោយ​ពិន្ទុ ក្នុងការ​ជួបគ្នា​ទម្ងន់ ​៥៧​ គីឡូក្រាម​ដែរ៕

ជា សំនៀង បោះបង់​ការប្រកួត​ទឹក​៣ ក្នុង​ការជួប Keng Kat
​ជា សំនៀង អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៣ ក្នុងពេល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ Keng Kat នៅក្នុង​កម្មវិធី​ប្រដាល់​ Boos trong Fighter On Fire​ នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាស៊ីអាគ្នេយ៍ កាលពី​ព្រឹក​ថ្ងៃទី​០៦ ​ឧសភា​ ២០១៨​។ ជា សំនៀង និង Keng Kat ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៦៥ គីឡូក្រាម។​ ​ការបោះបង់​របស់​ ជា សំនៀង បន្ទាប់ពី​គេមាន​បញ្ហា​ជើង​ស្តាំ​មាន​របួស​ធ្ងន់ធ្ងរមិន​អាច​បន្ត​ការប្រកួត​ទៀត​បាន ទើប​គ្រូពេទ្យ​សម្រេច​បញ្ឈប់លែង​ឲ្យ​ប្រកួត​តែម្តង ។

Keng Kat នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក។ គេ​ធ្លាប់​វាយ​ចាញ់ ​អ៊ុំ ចំរើន ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ និង​ធ្លាប់​វាយ​ឈ្នះ​ចាញ់​ជាមួយ ​ឡុង សុវណ្ណ​ឌឿ​ន ក្លិប​សាល​វ័​ន្ត​កីឡា​ដោយ​ពិន្ទុ ហើយក៏​ធ្លាប់​វាយ​ឈ្នះ​ចាញ់​ជាមួយ​ ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ផងដែរ។ ចំពោះ​គូប្រកួត​អម​គូ​ខ្សែក្រវាត់​វិញ សេន កុសល អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ បាន​វាយ​ឈ្នះ សួង សុវណ្ណ​ថា អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ដោយ​ពិន្ទុ​។ ហើយ វ៉ន វុន បាន​ផ្តួល រឿន សុខលី អោយ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៣៕

​មាស ច័ន្ទ​មាន ផ្តួល​ Sen Khum ទឹក​៤ ខ​ណៈ ​ឈិន ក្វាន់​ង៉ុ​យ ផ្តួល​ Abdul ទឹក​១
​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ពីរ​នាក់ ដែល​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​នៅក្នុង​កម្មវិធី​ ប្រកួត​ប្រដាល់​ជាល​ក្ខ​ណះ​មិត្តភាព​អន្តរជាតិ ​Ganzberg Top Fighter SEATV នា​ថ្ងៃទី​០៥ ​ឧសភា​២០១៨​នោះ បាន​វាយ​ឈ្នះ​ថៃ​ទាំងពីរ​នាក់។​ ក្នុងនោះ ឈិន ក្វាន់​ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ បាន​ផ្តួល​អ្នក​ប្រដាល់​បារាំង ​Abdul ក្នុង​ទឹក​ទី​១ ឯ មាស ច័ន្ទ​មាន ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Sen Khum ក្នុង​ទឹក​ទី​៤ ។

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ វៀត ប៊ុន​ឌឿ​ន​ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ វាយ​ឈ្នះ​សូត្រ ខេ​វិ​ន អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក​ក្នុង​ទឹក​ទី​៤ ហើយ សេក ចៅ​ជូត អ្នក​ប្រដាល់​ក្លិប​អង្គរធំ​មានជ័យ ឈ្នះ​ ឡុង ឡា ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង​ដោយ​ពិន្ទុ ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114