ព័ត៍មានទាន់​ហេតុការណ៏
Search

ឈឿន ឆៃ​ដែន ជួប Peithang ខ​ណៈ ប៊ុន ​សុធា ​ជួប​ Bandasak​ នៅ​សង្វៀន​ស្ទឹងមានជ័យ

ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង ប៊ុន សុធា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់ក្រសួងការពារជាតិ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើ​សង្វៀន​បាយ័នស្ទឹងមានជ័យ នា​រសៀល​ថ្ងៃ​សៅ​រ៍ ទី​១២​ ខែឧសភា ឆ្នាំ២០១៨ ​នេះ​។ ឈឿន ឆៃ​ដែន គេ​នឹងត្រូវជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​ Peithang Sor.Muaythai។ ពួកគេ​ទាំងពីរនឹង​ជួបប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥០០​ គីឡូក្រាម។

Peithang Sor. គេ​ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ។ ​អ្នក​ប្រដាល់​ថៃរូបនេះខ្លាំង​គួរសម​ដែរ នេះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​អោយដឹង។ ទោះជា​យ៉ាងណា Peithang Sor. ជួប​ជាមួយ​ ឈឿន ឆៃ​ដែន លើក​នេះក៏​មិនជា​ធានា​ប៉ុន្មាន​ដែរ ព្រោះ ​ឆៃ​ដែន គេ​បានត្រៀមខ្លួន​យ៉ាង​ល្អសម្រាប់​ការប្រកួត​នេះ។ យ៉ាងណា ឆៃ​ដែន​ លើក​នេះអាច​ថា​គេ​មានការប្រុងប្រយ័ត្ន​ជាង​មុន ដែល​ធ្វើអោយ Peithang Sor. ពិបាក​សង្ឃឹម​ឈ្នះ​ណាស់។

Peithang Sor. មាន​កំណត់​ត្រា​ប្រកួត​ចំនួន៧១​លើក ឈ្នះ​៥៩​លើក ចាញ់​១២​លើក​ ស្មើ​០១​លើ។ តែបើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់ ​ឆៃ​ដែន គឺ​តិចជាង​ច្រើន​គួរសម​ដែរ។ Peithang Sor. គូ​របស់ ​ឈឿន ឆៃ​ដែន​ នេះគេ​ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ​ក្នុង​ប្រភេទ​ទម្ងន់​ ៦៣, ៥ ០០​ គីឡូក្រាម។​ នេះ​បើតាម​ការអោយដឹងពី​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត។ ប៉ុន្តែ​យ៉ាងណា Peithang Sor. ប្រហែលជា​ពុំ​អាចជាអ្នកខ្លាំង​នៅ​ស្រុក​ខ្មែរ​នោះឡើយ សម្រាប់​ការជួប​ប្រកួត​ជាមួយ ​ឈឿន ឆៃ​ដែន​ នោះ ព្រោះ​ឆៃ​ដែន គេ​ដឹង​និង​ស្គាល់​ពី​សមត្ថភាព​ និង​កលល្បិច​របស់​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មកហើយ ក្នុងការជួប​ប្រកួត​កន្លងមក។

​ឆៃ​ដែន មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​១០៣​លើក គេ​វាយ​ឈ្នះ​៧៣​លើក ចាញ់​២៥​លើក និង​ស្មើ​០៥លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ​អោយ​សន្លប់​ចំនួន​ ៣០ ​លើក​។​ នេះ​ជា​លើក​ទី​៣៥ របស់​ ឈឿន ឆៃដែន​ ហើយ ដែល​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ ដែល​ ៣៤ ​លើក​កន្លងមកគេ​វាយ​ឈ្នះ​បាន​២៣​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក។ ឆៃ​ដែន គេ​ជា​អតីត​ម្ចាស់​ខ្សែក្រវាត់​ជើងឯករបស់​អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន។ គេ​មាន​កណ្តាប់ដៃ​ខ្លាំង​ និង​ទម្ងន់​ជើង​ទាត់​ធ្ងន់។ ប៉ុន្តែ​យ៉ាងណា ឈឿន ឆៃ​ដែន ឡើង​ប្រកួត​លើក​នេះ ប្រហែលជា​មិន​ដូច​ជួប​អ្នក​ប្រដាល់​ថៃ​មក​មុន​នោះទេ ព្រោះអ្នក​ប្រដាល់ Peith ang Sor. ដែល​មក​លើក​នេះគេ​ខ្លាំង​គួរសម​ដែរ។​ ឈឿន ឆៃ​ដែន ប្រកួត​ចុងក្រោយ​នេះបាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Chhork Sor. ក្នុង​ទឹក​ទី​១ កាលពី​ថ្ងៃទី២២ ​មេសា​ ២០១៨។ ចាំមើល រវាង ​ឈឿន ឆៃ​ដែន និង Peithang Sor.Muaythai តើន​រណា​ជាអ្នកឈ្នះ​ក្នុងការ​ជួបគ្នា​លើកដំបូង​នេះ?។

​ចំពោះ​អ្នក​ប្រដាល់ ​ប៊ុន សុធា នឹងត្រូវ​ទទួល​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Bandasak Sor. Takunpetch ក្នុង​ប្រភេទ​ទម្ងន់​ ៥៧​ គីឡូក្រាម។​ អ្នក​ប្រដាល់​ថៃ Bandasak ដែល ​ប៊ុន សុធា ត្រូវ​តស៊ូជាមួយ​នោះ ជា​ជើង​ខ្លាំង​ទម្ងន់​ ៥១​ គ​.​ក្រ​នៅ​ស្រុកថៃ។ អ្នក​ប្រដាល់​ថៃ​រូបនេះធ្លាប់​មក​ប្រកួត​នៅកម្ពុជា​ម្តង​ពីរដង​ហើយ​កន្លងមក។ Bandasak មាន​ប្រវត្តិ​ប្រកួត​៦១​លើក ឈ្នះ​៤៥​លើក ចាញ់​១៣លើក ស្មើ​០៣​លើក។ ​ជា​លើក​ទី​៤ របស់ ​ប៊ុន សុធា ដែល​បាន​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ។ សុធា វាយ​ចាញ់​ថៃ​តែ​ម្តងគត់ក្នុងជំនួប​ ៤ ​លើក​កន្លងមកនេះ។ សម្រាប់​លើក​នេះ មិនដឹងថា​ ប៊ុន សុធា អាច​យកឈ្នះ Banda sak បាន​ឬក៏​អត់​នោះទេ​?។

​ការប្រកួត​នៅក្នុង​ស្រុក សុធា វាយ​ឈ្នះ​អ្នក​ប្រដាល់​រួម​ជាតិ​ច្រើនជាង​ចាញ់ ក្នុង​ប្រភេទ​ទម្ងន់ ​៥៧ គីឡូក្រាម​នេះ ដែល​ការប្រកួត​ចុងក្រោយ​នេះ គេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់ ​អេ សា​រ័ត្ន ដោយ​ពិន្ទុ។ សុធា ​​មាន​ប្រវត្តិ​ប្រកួត​៤៨​លើក ក្នុងនោះ​វាយ​ឈ្នះ​៤៣​លើក ចាញ់​០៤​លើក និង​ស្មើ​០១​លើក។ ទោះជា​យ៉ាងណា ការ​ឈ្នះ​ចាញ់​រវាង​ ប៊ុន សុធា និង Bandasak នេះ​ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថាអ្នកណា​ឈ្នះ​នោះទេ ព្រោះថា​ការប្រកួត​គ្នា​លើក​នេះ ប៊ុន សុធា មិន​ស្គា​ល់ពី​ថ្វីដៃ​ និង​ប្រវត្តិ​របស់អ្នក​ប្រដាល់​ថៃ​នេះ​ច្បាស់​នៅឡើយ ហើយ​មួយទៀត​អ្នក​ប្រដាល់​ថៃ​រូបនេះជា​ជើង​ខ្លាំង​នៅប្រទេស​ថៃ​ផង​នោះ ដូច្នេះ​មិន​ងាយស្រួល​អោយ​ សុធា យកឈ្នះ​នោះទេ។​ ចាំមើល ប៊ុន សុធា​អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​នេះ​បាន​ឬ​អត់?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114