ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ោ ភា​រិ​ទ្ធ និង ​ធន់ ចាន់​តាក់ ឡើង​ដណ្តើម​បីពិន្ទុ​ពី​កីឡាករ​ថៃ ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២​

​ភ្នំពេញ ៖ កីឡាករ​ ប៉ោ ភា​រិ​ទ្ធ អ្នក​ប្រដាល់​នៃ​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ឡើង​ជួប​កីឡាករថៃ ​Phith Noy ខណៈ​កីឡាករ​ ធន់ ចាន់​តាក់ អ្នក​ប្រដាល់​នៃ​សមាគម​កីឡាប្រដាល់ក្រសួងការពារជាតិ ជួប​ប្រកួត​ជាមួយកីឡាករ​ថៃ ​Vatchharadeth ក្នុងការ​ប្រកួត​ជម្រុះលើក​ទី​២ ​ឆ្ពោះទៅ​ដណ្តើម​ខ្សែក្រវាត់នៅលើ​សង្វៀន​ CNC នា​ថ្ងៃអាទិត្យ​ ទី​១៣ ខែឧសភា ឆ្នាំ ២០១៨​ នេះ​។

​កីឡាករ​ ប៉ោ ភា​រិ​ទ្ធ ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phith Noy ក្នុង​ប្រភេទ​ទម្ងន់​ ៦៣.៥ ​គីឡូក្រាម ដើម្បី​ដណ្តើមយក​ ៣ ​ពិន្ទុ​បន្ថែម​។ កីឡាករ Phith Noy គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជាច្រើនលើកមកហើយ មាន​ឈ្នះ​ចាញ់​ជាមួយ​កីឡាករ​កម្ពុជា គេ​មាន​កម្រិត​វិជ្ជា​គុន​ខ្លាំង​គួរសមផងដែរ គឺ​ពូកែ​ស្នៀត​ជើង​ទាត់ ជង្គង់ និង​ស្នៀត​កាច់​ផ្តួល​គូប្រកួត​ឲ្យ​ដួល​មួយ​ជំ​ហ ហើយកីឡាកររូបនេះ​ក៏​ទទួលបាន​ ៣ ​ពិន្ទុ​ផងដែរ​ក្នុង​ជុំ​ទី​១​ ដោយ​យកឈ្នះ​លើ​កីឡាករ​ ធន់ ចាន់​តាក់​។

​ចំណែក​កីឡាករ​ ប៉ោ ភា​រិ​ទ្ធ ក្នុងអំឡុង​កាល​រូបគេ​មិនទាន់​ធ្លាក់កូដ គេ​ជា​កីឡាករ​ជើង​ខ្លាំង​ធ្លាប់​ឈ្នះខ្សែក្រវាត់​ទាំង​ក្នុងស្រុក​ និង​ក្រៅ​ស្រុក ព្រោះ​គេ​មាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ស្នៀតទាត់ និង​ជង្គង់​ល្អ ហើយ​មាន​កាយសម្បទា​រឹងមាំ ចិត្ត​ប្រដាល់​ធំ និង​មាន​កលល្បិច​ខ្ពស់​ក្នុងការប្រកួត​។ តែ​មួយរយៈ​ចុងក្រោយ ត្រូវបាន​មហាជន​រិះគន់ និង​ដាក់​ការសង្ស័យ​ពី​ការប្រកួតរបស់​រូបគេ​ថា​មិន​អស់ពី​សមត្ថភាព​ គឺ​ឡើងទៅ​គម្រប់​កិច្ច​ក្នុងឋានៈ​ជា​អ្នកចាញ់ តែយ៉ាងណា​ការប្រកួត​ជម្រុះ​នេះ​គេ​បាន​ ៣​ ពិន្ទុ​នៅក្នុង​ដៃ​ហើយ ដោយ​យកឈ្នះ​លើ​កីឡាករ​ថៃ Vatchharadeth។ ចាំមើល​កីឡាករ​ ប៉ោ ភា​រិ​ទ្ធ ជួប​កីឡាករ​ថៃ Phith Noy អាច​យកឈ្នះ​ដណ្តើមយក​ ៣ ពិន្ទុ​បន្ថែម​ ឬ​យ៉ាងណា​?​។

​ដោយឡែក​កីឡាករ​វ័យក្មេង ធន់ ចាន់​តាក់ ត្រូវ​ជួប​ជាមួយ ​Vatchharadeth ដណ្តើម​រក​ ៣ ​ពិន្ទុ​ដូចគ្នា។ ការជួបគ្នា​រវាង​កីឡាករ​ទាំងពីរ​នាក់​នេះ ​មិនមាន​ប្រភព​ណា​អះអាងថា ខាង​ណា​មានប្រៀប​ជាង​ខាងណា​នោះទេ ព្រោះ​កីឡាករ​ថៃ​ Vatchharadeth ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ប្រទេស​កម្ពុជាជាច្រើនលើក ដូចនេះ​ការ​វាយ​របស់គេ​គឺ​ដឹង​ពី​ស្នៀត​របស់​កីឡាករ​កម្ពុជា​ច្រើន​។ កីឡាករទាំងពីរ​នាក់​នេះ​ក្នុង​ជុំ​ទី​១ ​ភ្លា​ត​ស្នៀត​ចាញ់​គូប្រកួត​ដូចគ្នា​ទើបតែ​មាន ១ ​ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ​។​
​ចំណែក​កីឡាករ ​ធន់ ចាន់​តាក់ បើទោះជា​បច្ចុប្បន្ន​កំពុង​ទទួលបានការ​គាំទ្រ​យ៉ាងច្រើន​កុះករ ពី​អ្នកស្នេហា​វិស័យ​កីឡាប្រដាល់​កម្ពុជា ជាមួយនឹង​ការចេះ​ប្រើ​ក្បាច់​គ្រប់​ស្នៀត ជាពិសេស​រូបគេចូលចិត្ត​ប្រើ​ស្នៀត​កណ្តាប់ដៃ ​និង​កែង ដែល​អាច​វាយ​ចេញ​ជា​ប្រយោល​ក៏បាន ចូល​កៀកក៏បាន ដើម្បី​ផ្ដួល​គូប្រកួត​របស់ខ្លួន រួមផ្សំ​ជាមួយ​កម្លាំង​ស៊ុ​ហ្វ​ដ៍​ខ្លាំង​របស់គេ​ផង​នោះ ក៏គេនៅមាន​ចំណុចខ្សោយ​ផងដែរ​ គឺ​ត្រង់​វាយ​ចេញ​ហើយ​មិនសូវ​ការពារ ដូចនេះ​ការប្រកួត​រាល់លើក​ភាគច្រើន​គឺ​បែក​ខ្លួនឯង បើទោះជា​ឈ្នះ ​ឬ​ក៏​ចាញ់​ក៏ដោយ​។ ចាំមើល​កីឡាករ​ ធន់ ចាន់តាក់ និង​កីឡាករ​ថៃ ​Vatchharadeth នរណា​ជា​អ្នកទទួលបាន ​៣​ ពិន្ទុ​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114