ព័ត៍មានទាន់​ហេតុការណ៏
Search

ជាលើកដំបូង!! កូន​ខ្មែរ​មួយរូប បង្ហាញខ្លួន​ក្នុង​ប៉ុស្តិ៍ “NAT GEO” ព្រោះ​តែមាន​សមត្ថភាព ទំនាក់ទំនង​ជាមួយ​ស​ត្វ​

លោក ហ៊ី​ន រតនា គឺជា​កូន​ខ្មែរ​ដំបូង​គេ​បំផុត ដែល​បាន​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​មួយ នៃ​ស្ថានីយ៍ទូរទស្សន៍​ល្បី​មួយ របស់​សហរដ្ឋអាមេរិក ឈ្មោះថា National Geographic (NAT GEO) ដោយសារតែ​លោក មាន​សមត្ថភាព​ពិសេស ក្នុងការ​ទំនាក់ទំនង​ជាមួយ​សត្វ​ចិញ្ចឹម ពោលគឺ​សត្វ​ឆ្កែ ដែល​អាច​ឲ្យ​សត្វ​ចិញ្ចឹម​ទាំងនោះ ចេះ​ស្តាប់​បង្កា​ប់ ព្រមទាំង​មាន​ទំនាក់ទំនង​ល្អ ជាមួយ​ម្ចាស់​ថែម​ទៀតផង​។​

​កម្មវិធី​ដែល​លោក រតនា បាន​ចូលរួម​នោះ​គឺ កម្មវិធី “Cesar’s Recruit: Asian” របស់ NAT GEO ដែលមាន​ការចូល​រូ​ម ពី​បណ្តាល​ប្រទេស​ផ្សេងទៀត​នៅ​អាស៊ី ដើម្បី​ធ្វើការ​បង្ហាញ​ពី​សមត្ថភាព នៃ​ការបង្ហាត់​សត្វ​ចិញ្ចឹម​របស់ខ្លួន ទៅតាម​វគ្គ​នីមួយៗ​។​

​លោក រតនា បាន​ប្រាប់​ឲ្យ​ដឹងថា ហេតុដែល​លោក​សម្រេចចិត្ត ចូលរួម​ក្នុង​កម្មវិធី​មួយ​នេះ គឺ លោក​ចង់​ចែករំលែក​នូវ​ចំណេះដឹង ក្នុងការ​បង្ហាត់​សត្វ​ចិញ្ចឹម​ឲ្យ​ចេះ​ស្តាប់បង្គាប់ ព្រមទាំង​បង្ហាញ​ពី​របៀប នៃ​ការទំនាក់ទំនង​ល្អ​រវាង​សត្វ​ចិញ្ចឹម និង​ម្ចាស់​ផងដែរ​។​
​លោក បាន​បន្តទៀតថា​៖ “​ម្យ៉ាងទៀត ខ្ញុំ​ចង់អោយ​ពិភពលោក​ដឹងថា នៅ​ប្រទេស​កម្ពុជា ក៏មាន​ទំនួល​ខុសត្រូវ ក្នុងការ​ចិញ្ចឹមសត្វ​ឆ្កែ​, ផ្ដល់​ក្តី​ស្រឡាញ់ និង​មានការ​បង្ហាត់​សត្វ​ឆ្កែ ដូច​បណ្តាល​ប្រទេស​ផ្សេងទៀត​ដែរ​។ កុំអោយ​ប្រជាជន​នៅ​អឺរ៉ុប​គិតថា នៅ​អាស៊ី​យើង បរិភោគ​សត្វ​ឆ្កែ ដូ​ច្នេះ​ក្នុងនាម​តំណាងអោយ​ប្រទេស​កម្ពុជា ខ្ញុំ​ចង់​បង្ហាញថា មិនមែន​ទាំងអស់​នោះទេ​។​»

​បច្ចុប្បន្ននេះ លោក ហ៊ី​ន រតនា គឺជា​គ្រូបង្ហាត់​សត្វ​ឆ្កែ​មួយរូប នៅក្នុង​សហគមន៍ Raymond’s K9 academy ដែល​ទីតាំង​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​។

​លោក រតនា បាន​ប្រាប់​ឲ្យ​ដឹងថា អ្វីដែល​ជំរុញ​ទឹកចិត្ត​របស់លោក អោយ​ប្រឡូក​ក្នុង​ជំនាញ​នេះ ព្រោះ​កាលពី​នៅ​ក្មេង លោក​ចូលចិត្ត​សត្វ​ឆ្កែ និង​ចង់​លេង​ជាមួយ​វា​ណាស់ ប៉ុន្តែ​លោក​មិន​ហ៊ាន​ប៉ះ​នោះទេ ព្រោះតែ​ការភ័យខ្លាច និង​មិន​យល់​ពី​វា​ច្បាស់ តែ​ពេល​យល់​ពី​វា​កាន់តែច្បាស់ លោក​ក៏​ចាប់​ចូលចិត្ត​វា កាន់តែខ្លាំង​ឡើងៗ ទៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ពេល​លោក រតនា មាន​អាយុ​២៧​ឆ្នាំ លោក​ក៏បាន​ធ្វើដំណើរ​ទៅ​រៀន ពី​ការបង្ហាត់​សត្វ​ចិញ្ចឹម​នៅ​៣​ប្រទេស​ផ្សេងគ្នា មានដូចជា ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី និង​សហរដ្ឋអាមេរិក​។​

“​ការចិញ្ចឹម​សត្វ​ឆ្កែ និង​បង្ហា​ត់វា តែងតែមាន​ផលវិបាក​ខ្លះ មិនមែន​អត់​នោះទេ ព្រោះ​ពេលខ្លះ​ឆ្កែ​ក៏មាន​អារម្មណ៍មិនល្អ ដូច​មនុស្ស​យើង​ដែរ ហេតុនេះ​យើង​មិនត្រូវ​បង្ខំ​វា អោយធ្វើ​អ្វីមួយ ដែល​វា​មិន​ចង់​ធ្វើ​នោះទេ​” លោក រតនា បាន​ប្រាប់​មក​ខាង​អ្នកយកព័ត៌មាន​យើង​។​

​លើសពីនេះទៅទៀត លោក​តែងតែ​ឲ្យ​រង្វាន់​សត្វ​ចិញ្ចឹម​ទាំងនោះ នៅពេល​វា​ធ្វើ​អ្វីមួយ​បានល្អ ដែល​នេះ​ជា​វិធីសាស្ត្រ ក្នុងការ​លើកទឹកចិត្ត​វា​។

​លោក រតនា បាន​សំណូមពរ​ទៅ​អ្នកមាន​សត្វ​ចិញ្ចឹម​ទាំងអស់ ឲ្យ​ស្រលាញ់​សត្វ​ចិញ្ចឹម​របស់ខ្លួន អោយបាន​ច្រើន​, ចាត់ទុក​សត្វ​ចិញ្ចឹម ដូចជា​សមាជិកគ្រួសារ​ម្នាក់​របស់ខ្លួន និង​កុំ​យក​វា​ទៅ​បោះចោល​នៅតាម​ផ្លូវ ដូចជា​ពាក្យ​ដែល​គេ​តែង​និយាយ​មួយ​ថា “​សត្វ​ចិញ្ចឹម​ក៏មាន​មនោសញ្ចេតនា​ដែរ​”៕ លក្ខិណា LXC