ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អ្នកនយោបាយ​អះអាង​អំពី​ការរំខាន​ផ្នែក​បច្ចេកវិទ្យា​ ខណៈ​ប្រជាជន​ម៉ាឡេស៊ី​កំពុង​បោះឆ្នោត

កាលពី​ថ្ងៃ​ពុធ ប្រជាជន​ម៉ាឡេស៊ី ​បាន​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​មួយ ​ដែល​ធ្វើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី Najib Razak ត្រូវ​ប្រឆាំង​ជាមួយនឹង​គណបក្សប្រឆាំង​ ដែល​ដឹកនាំ​ដោយ​អតីត​មេដឹកនាំ Mahathir Mohamad អាយុ​៩២​ឆ្នាំ ​ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​ជ័យជំនះ​ទាំង​ប្រផិតប្រផើយ​បំផុត​។​

ទាំង​មេដឹកនាំ​មកពី​សម្ព័ន្ធភាព​ប្រឆាំង​និង​គណបក្សកាន់អំណាច​សុទ្ធតែ​បាន​អះអាងថា ការទំនាក់ទំនង​រប​ស់​ពួកគេ​ត្រូវបាន​រំខាន​ដោយសារ​ការហៅ​ទូរស័ព្ទ​ឥត​បាន​ការមិន​ឈប់ឈរ​នៅពេលដែល​ការបោះឆ្នោត​កំពុងដំណើរការ​។​

ក្រុមចម្រុះ Barisan Nasional (BN) របស់លោក Najib ត្រូវគេ​រំពឹងថា​នឹង​ទទួល​ជ័យជម្នះ​បើទោះបី​ជាការ​ស្ទាបស្ទង់​មតិ​មុន​ការបោះឆ្នោត​បង្ហាញថា ការគាំទ្រ​របស់ខ្លួន​បាន​ធ្លាក់ចុះ​ហើយ​ថា Pakatan Harapan ឬ​សម្ព័ន្ធភាព​នៃ​ក្តីសង្ឃឹម​របស់លោក Mahathir នឹង​ទទួលបាន​សំឡេងឆ្នោត​បន្ថែមទៀត​នៅក្នុង​ឧបទ្វីប​ម៉ាឡេស៊ី​ដែលជា​កន្លែង​មាន​៨០​ភាគរយ​នៃ​ចំនួន​ប្រជាជន​ក៏ដោយ​។​

នៅក្រោម​ប្រព័ន្ធ​ឯក​ត​នាម​របស់​ប្រទេស​ម៉ាឡេស៊ី គណបក្ស​ឬ​សម្ព័ន្ធភាព​ដែលមាន​អាសនៈ​ភាគច្រើន​ក្នុង​សភា​ដែលមាន​សមាជិក​២២២​នាក់​គឺជា​អ្នកឈ្នះ​។ អ្នកជំនាញ​ភាគច្រើន​ជឿថា វា​ស្ថិតនៅក្នុង​ដៃ​របស់លោក Najib បើទោះបីជា​មានការ​ចោទប្រកាន់​អំពី​រឿងអាស្រូវ​អំពើពុករលួយ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​បាន​ញាំញី​គាត់​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​ក៏ដោយ​។​

ការិយាល័យ​បោះឆ្នោត​សម្រាប់​អ្នកបោះឆ្នោត​ដែល​បាន​ចុះបញ្ជី​ចំនួន​១៤.៩​លាន​នាក់​គឺ​បាន​បិទទ្វារ​នៅ​ម៉ោង​៥​ល្ងាច​។ គណៈកម្មាធិការ​បោះឆ្នោត​បាន​និយាយថា បន្ទាប់ពី​ការបោះឆ្នោត​រយៈពេល​បួន​ម៉ោង អ្នក​ចេញមក​បោះឆ្នោត​គឺមាន​ចំនួន​៤៧​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​៥៩​ភាគរយ​នៅក្នុង​ការបោះឆ្នោត​លើក​មុន​។​

គណៈកម្មការ​ទំនាក់ទំនង​និង​ព័ត៌មាន​ផ្សេងៗ​ម៉ាឡេស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការស៊ើបអង្កេត​បឋម​លើ​ការហៅ​ទូរស័ព្ទ​ឥត​បានការ​គឺ​បានចង្អុលបង្ហាញ​ទៅ​ការវាយប្រហារ​ដោយ​ស្វ័យប្រវត្តិ​ពី​កម្មវិធី​ជាច្រើន​និង​គោលដៅ​ផ្សេងៗ​ដោយ​មិន​គិតពី​គណបក្សនយោបាយ​។​

លោក Lim Guan Eng មេដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្សប្រឆាំង Democratic Action បាន​និយាយថា “​យើង​បាន​បាត់បង់​ទំនាក់ទំនង​ជាមួយ​ភ្នាក់ងារ​បោះឆ្នោត​របស់​យើង​ទាំងអស់​។ បុគ្គលិក​យុទ្ធនាការ​របស់​យើង​ក៏​រង​ផលប៉ះពាល់​ផងដែរ​។ នេះ​គឺជា​ការវាយប្រហារ​ផ្នែក​បច្ចេកវិទ្យា​ដ៏​កខ្វក់​លើ​ពួកយើង”។

គួរ​បញ្ជាក់ថា ការស្ទង់មតិ​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល Merdeka កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា ក្រុមចម្រុះ BN មើលទៅ​អាច​ឈ្នះ​មណ្ឌលបោះឆ្នោត​ចំនួន​១០០​នៅ​ទូទាំងប្រទេស​ចំណែក​គណបក្សប្រឆាំង​អាច​ឈ្នះ​៨៣​មណ្ឌល​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114