ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ បរាជ័យ​ជា​ថ្មី​ទៀត ដោយសារ​ព្រឹទ្ធសមាជិក​អាមេរិក​បង្ហាញ​ជំហរ​គាំទ្រ និង​ធ្វើ​សហប្រតិបត្តិការ​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជាមួយ​កម្ពុជា

ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាងថា ក្រុម​ឧទ្ទាម​ក្រៅច្បាប់ បាន​បរាជ័យ​ជាថ្មី​ទៀតហើយ ដោយសារតែ​លោក Doug Ericksen សមាជិក​ព្រឹទ្ធសភា​អាមេរិក​នៃ​រដ្ឋ​វ៉ាស៊ីនតោន បាន​បង្ហាញ​ជំហរ​គាំទ្រ និង​ធ្វើ​សហប្រតិបត្តិការ ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព រវាង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ គឺ​កម្ពុជា​-​អាមេរិក។

លោក សុខ ឥសាន លើកឡើង​បែបនេះ កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៨ និង​បន្ទាប់ពី​លោក Doug Ericksen សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក នៃ​រដ្ឋ​វ៉ាស៊ីនតោន​ឌី​ស៊ី ថ្លែង​នៅក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ថា កម្ពុជា​ជា​ប្រទេស​ល្អ និង​មាន​ប្រជាពលរដ្ឋ​ដ៏​ល្អ ដូចនេះ​សហរដ្ឋអាមេរិក ចង់អោយមាន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា ជាពិសេស​លើ​វិស័យ​កសិកម្ម ដោយ​ទីក្រុង​វ៉ាស៊ីនតោន អាចធ្វើ​ការ​នាំ​ផ្លែ​ប៉ោម ទឹកដោះគោ ចូលមក​កម្ពុជា រីឯ​កម្ពុជា​អាច​នាំចេញ អង្ករ និង​កសិផល​ផ្សេងទៀត​ទៅកាន់​រដ្ឋ​វ៉ា​ស៊ី​ង​តោន​វិញ​បានដែរ ហើយ​លោក ដូ​ក អេ​រិ​កសាន់ កត់សំគាល់ថា ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​មិត្ត​របស់​សហរដ្ឋអាមេរិក មិនមែនជា​សត្រូវ​ទេ​។ ដូចនេះ មិនចាំបាច់​អោយមាន​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​នោះទេ។ ដោយសារ​មាន​ឆន្ទៈ ដ៏​រឹងមាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អាចធ្វើ​ការសហការ​ជាមួយ​លោក​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ ដើម្បីអោយ​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន។

លោក សុខ ឥសាន លើកឡើងថា នៅ​ដំណាក់កាល​ចុងក្រោយ​នេះ ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្សី បាន​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​ទៀតហើយ ដោយសារ​ព្រឹទ្ធសមាជិក​សហរដ្ឋអាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ​របស់​លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហាញ​ជំហរ​គាំទ្រ និង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

តាម​លោក សុខ ឥសាន នៅពេល​អ្នកសារព័ត៌មាន​សាកសួរ​ពី​ចេតនា ជួប​ជាមួយ​បក្សប្រឆាំង ព្រឹទ្ធសមាជិក​សហរដ្ឋ​អាមេរិក ឆ្លើយ​យ៉ាង​រំភើយ​ថា ការ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ពេលនេះ ដើម្បី​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​តែប៉ុណ្ណោះ ដូច្នេះ​មាន​ផែនការ​ជួប​តែ​ជាមួយ​មន្ត្រីជាន់ខ្ពស់​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​កំពូល​នៃ​កម្ពុជា​តែប៉ុណ្ណោះ។ បញ្ហា​ផ្សេងទៀត គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា មិនមាន​ពាក់ព័ន្ធ​នឹង​គណប្រតិភូ​ព្រឹទ្ធសភា​អាមេរិក​ឡើយ។
លោក​សុខ ឥសាន បញ្ជាក់​ថា ពាក្យសំដី​របស់​គណប្រតិភូ​ព្រឹទ្ធសភា​អាមេរិក​ប៉ុណ្ណេះ អាច​ឲ្យ​ប្រជាជន​កម្ពុជា​យល់​ច្បាស់​ពី​នយោបាយ​របស់​សហរដ្ឋ​អាមេរិក ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​ហើយ​។ ដោយឡែក ចំពោះ​អតីត​បក្ស​ប្រឆាំង កំពុង​បុក​ពោះ ដោយ​គិតថា ពិតជា​អស់​ទី​បង្អែក​ជាមិនខាន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114