ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា កំពុង​បង្កើត​យុទ្ធសាស្ត្រ និង​គោលនយោបាយ ជំរុញ សហគ្រាស​ធុន​តូច​និង​មធ្យម ឈានទៅ​ប្រើ​ប្រព័ន្ធ​ឌីជីថល ក្នុង​អាជីវកម្ម

ភ្នំពេញ​៖ ស្ថាប័ន​រាជរដ្ឋាភិបាល រួមជាមួយ សហគ្រាស​ធុន​តូច​និង​មធ្យម​, ក្រុមហ៊ុន​បច្ចេកវិទ្យា​, អ្នកផ្តល់​ប្រឹក្សា​ហិរញ្ញវត្ថុ​, អ្នក​ប្រឹក្សា​ខាង​អាជីវកម្ម និង​ផ្នែក​ពាក់ព័ន្ធ​ជាច្រើន​ទៀត បាន​ជួប​ជុះ​គ្នា នៅក្នុង​វេទិកា​ស្តីពី​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច​ថ្មី ក្នុង​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន (Tech Startup) ដើម្បី​បង្កើត​យុទ្ធសាស្ត្រ និង​គោលនយោបាយ គាំទ្រ​ដល់​ដល់ សហគ្រាស​ធុន​តូច​និង​មធ្យម ឈានទៅ​ប្រើ​ប្រព័ន្ធ​ឌីជីថល ក្រោម​អ​ធីប​តី​ភាព លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម កាលពី​ថ្ងៃទី​0៧ ខែឧសភា ឆ្នាំ​២០១៨ កន្លងទៅនេះ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​។

(រូបភាព៖ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម)

​ថ្លែង​ក្នុង​កម្មវិធី​បើក​វេទិកា​នេះ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ មានប្រសាសន៍ថា​៖ សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​ចលករ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ដល់ កំណើនសេដ្ឋកិច្ច និង​ការបង្កើត​ការងារ​។ សហគ្រាស​ធុន​តូច​និង​មធ្យម​មាន​អាជីវកម្ម គ្របដណ្តប់​ច្រើនជាង​៩៥% ក្នុង​ពិភពលោក​ដែល​ក្នុងនោះ​បង្កើត​ការងារ​ចំនួន ២/៣ នៃ​ទីផ្សារពលកម្ម​។ ម្យ៉ាងទៀត តាម​ការសិក្សា​បាន​បង្ហាញថា ការប្រើប្រាស់​បច្ចេកវិទ្យា​នៅក្នុង​អាជីវកម្ម​អាច​នាំមក​នូវ​ចំណូល​ប្រមាណ ៦២៥​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​១​ឆ្នាំ ដល់​វិស័យសេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​នៅ​ឆ្នាំ​២០៣​។ ដូច្នេះហើយ​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​សក្តានុពល ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ការប្រើប្រាស់ បច្ចេកវិទ្យា ដែល​សហគ្រាស​ខ្លួនឯង​តែងមាន​បញ្ហា​ប្រឈម ហើយ អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ ដូចជា​ការបង្កើត​បណ្តា​ញ​អាជីវកម្ម​របស់ខ្លួន​ចូល ទៅក្នុង​ពិភពលោក ឬ​ជំរុញ​ផលិតផល​ក្នុង​ទីផ្សារ​បរទេស​ជាដើម​។​

ដើម្បី​ជំរុញ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ឆ្ពោះទៅកាន់​ឌីជីថល ក្រសួង​ឧស្សាហកម្ម​និង​សិប្ប​កម្មបាន​ជំរុញ​លើ​បញ្ហា​គន្លឹះ​ចំនួន 0៣ រួមមាន​៖ ទី​១. ការបង្កើត​ប្រព័ន្ធ​អេកូ សម្រាប់​ភ្ជាប់​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ក្រុមហ៊ុន ចាប់ផ្តើម​ធុរកិច្ច​ថ្មី ICT, ទី​២. គោលនយោបាយ​នានា ដែលមាន​លក្ខណៈ​នវានុវត្តន៍ គឺជា​ការកសាង​គោលនយោបាយ​មួយ ដែលមាន​ការចូលរួម ដោយ​សមាសភាព​ពាក់ព័ន្ធ ដែល​នឹង​ទទួលផល ពី​គោលនយោបាយ និង​ប្រមូល​ធាតុ​ចូល​ពីក្រោម​មកលើ ជាជាង​ការកសាង​គោលនយោបាយ ក្នុង​លក្ខណៈ​ប្រពៃណី និង ទី​៣. ការគៀងគរ​ទុនវិនិយោគ សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម ព្រមទាំង​ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច​ថ្មី ICT​។​

(រូបភាព៖ លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍)

ជាមួយគ្នានេះដែរ លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា ដើម្បី​ជំរុញ​ការងារ​នេះ​បន្តទៀត វិទ្យាស្ថាន​ជាតិ NIPTICT នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កំពុង​រៀបចំ​បង្កើត​ក​ម្ម​វិធី​គាំទ្រ ដោយ​ប្រើប្រាស់​មូលនិធិ​កសាង​សមត្ថភាព និង​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ឬ​ហៅ​កាត់​ថា មូលនិធិ ស​.​អ ដូចជា បង្កើត​ក្រុម​អ្នក​ប្រឹក្សា​យោបល់ (Mentorship) កម្មវិធី Incubator និង Accelerator ក៏ដូចជា​មូលនិធិ​សម្រាប់​ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច​ថ្មី​ស្នើសុំ ដើម្បី​បង្កើត​ដំណោះស្រាយ ឬ​កម្មវិធី​អាជីវកម្ម​លើ​អ៊ី​ន​ធឺ​ណែ​ត ដូចជា e-Commerce សម្រាប់​គាំទ្រ​ដល់ សហគ្រាស​ធុន​តូច​និង​មធ្យម នៅ​កម្ពុជា​ឆ្ពោះទៅកាន់​ឌីជីថល ឲ្យ​ទទួលបាន​កម្រិត​ជោគជ័យ​ខ្ពស់​។​

​ចំណែក លោក សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ​និ​ប​ទីក (NIPTICT) បាន​លើកឡើងថា​៖ វិទ្យាស្ថាន​ជាតិ និ​ប​ទីក មាន​មោទនភាព​ដែល​បាន​សហការ​ជាមួយ សភាពាណិជ្ជកម្ម​អ៊ឺរ៉ុប​ប្រចាំ​កម្ពុជា និង ក្រុមហ៊ុន Smart Axiata ក្នុងការ​រៀបចំ​វេទិកា​នេះ ហើយ​កម្មវិធី​នេះ មាន​គោលបំណង​ផ្តល់នូវ​កាលានុវត្តភាព ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ព្រមទាំង​ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច​ថ្មី ក្នុង​វិស័យ ICT ក្នុង​ការតភ្ជាប់ ចែករំលែក​បទ​-​ពិសោធន៍ សហប្រតិបត្តិការ និង​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​លើកកម្ពស់ សហគ្រាស​ធុន​តូច​និង​មធ្យម ក្នុងការ​ប្រកួតប្រជែង​កាន់តែ​ប្រសើរ ក៏ដូចជា​ជំរុញ​ដល់​ការបង្កើត​ក្រុមហ៊ុន ចាប់ផ្តើម​ធុរកិច្ច​ថ្មី (Tech Startups) ឲ្យ​បាន​កាន់តែ​ច្រើនឡើង ជាពិសេស គាំទ្រ​ក្រុមហ៊ុន​ទាំងនោះ នូវ​ការពង្រីក​អាជីវកម្ម​ទៅ​កម្រិត​តំបន់ និង​ពិភពលោក​។​

​វេទិកា​បាន​ពិភាក្សា​យ៉ាង​ផុសផុល ដែល​ផ្តោតជាសំខាន់​លើ ទី​១. តួនាទី​និង​ការសម្របសម្រួល​រវាង​ស្ថាប័ន​របស់ រាជរដ្ឋាភិបាល និង​ការកាត់បន្ថយ បទ​ប​ញ្ញ​តិ​នានា​ក្នុង​ការបង្កើត និង​គាំទ្រ​សហគ្រាស​ធុន​តូច​និង​មធ្យម ព្រមទាំង​ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច​ថ្មី ទី​២. ការពិភាក្សា​លើ​ពន្ធ ការលើកទឹកចិត្ត និង​គោលនយោបាយ​គាំទ្រ សហគ្រាស​ធុន​តូច​និង​មធ្យម ព្រមទាំង​ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច​ថ្មី ទី​៣. ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ការគៀងគរ​មូលនិធិ សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ក្រុមហ៊ុន​ចាប់ផ្តើម ធុរកិច្ច​ថ្មី និង ទី​៤. កម្មវិធី​គាំទ្រ ដែលជា​គន្លឹះ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង ក្រុមហ៊ុន​ចាប់ផ្តើម ធុរកិច្ច​ថ្មី លើ​វិស័យ ICT​។​

​គួរ​រម្លឹក​ផងដែរ​ថា វេទិកា​ស្តីពី​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច​ថ្មី ក្នុង​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន (Tech Startup) នេះ គឺជា​វេទិកា​ជា​លើក​ទី​២​ហើយ បន្ទាប់ពី​វេទិកា​លើក​ទី​១ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ដោយមាន​កិច្ចសហការ​រៀបចំ​រួមគ្នា រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​, ក្រសួងពាណិជ្ជកម្ម​, ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ទទួលបាន​ការគាំទ្រ​ពី​សភា​ពាណិជ្ជ​-​កម្ម​អឺរ៉ុប (EuroCham) សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន Smart Axiata ដោយ​ប្រើប្រាស់​កញ្ចប់​ថវិការ របស់​មូលនិធិ​នៃ​ការកសាង​សមត្ថភាព និង​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​លើ វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (​មូលនិធិ ស​.​អ​.)៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684