ព័ត៍មានទាន់​ហេតុការណ៏
Search

នី សុ​ភី និង ម៉ឺន សុភា នរណា​ជា​ម្ចាស់​ខ្សែក្រវាត់ ​LEO​ ទម្ងន់ ​៧០ ​គ​.​ក្រ​?

​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់ LEO ទម្ងន់​ ៧០ ​គីឡូក្រាម បាន​ឈាន​មកដល់​ហើយ នា​ល្ងាចថ្ងៃអាទិត្យ ទី​១៣ ឧសភា ២០១៨​នេះ នៅលើ​សង្វៀន​បាយ័ន​បឹង​ស្នោ។​ អ្នក​ប្រដាល់​ពីរ​នាក់ដែល​នឹងត្រូវ​ជួបគ្នាវាយ​ដណ្តើមយក​ខ្សែក្រវាត់​នេះគឺ ​នី សុ​ភី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា និង ម៉ឺន សុភា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ។ ពីរ​នាក់​នេះបានឈ្នះ​ក្នុង​វគ្គពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ តាំងពី​ថ្ងៃទី​២៩​ មេសា​ កន្លងមក។

​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ បាន​ឆ្លងកាត់​ការប្រកួត​ជម្រុះ​អស់​ចំនួន​៥​ប្រកួត​ម្នាក់ ទម្រាំ​បានមក​ដល់វគ្គ​ផ្តាច់ព្រ័ត្រ​នេះ។ ក្នុង​ការប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នី សុ​ភី គេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់ថៃ ​Rasrisingha Wor.Viwathanun ដោយ​ពិន្ទុ​។ ចំណែក ម៉ឺន សុភា វិញគេ​វាយ​ឈ្នះ​អ្នក​ប្រដាល់ថៃ ​Watcharalek Site Kolab ដោយ​ពិន្ទុ​ដូចគ្នា។

​នី សុ​ភី និង ម៉ឺន សុភា ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​កន្លងមក គឺ​ពុំបាន​ជួបគ្នា​ទេ ដោយ​រូបមន្ត​ប្រកួត​មិនតម្រូវអោយ​អ្នក​ប្រដាល់​ក្នុង​ពូ​ល​ខ្មែរ​ជាមួយគ្នា​ជួបគ្នា​ឡើយ។ ទោះជា​យ៉ាងណា សម្រាប់ការប្រកួត​ផ្ដាច់ព្រ័ត្រ​លើក​នេះ នី សុ​ភី គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ ដើម្បី​យកឈ្នះ ​ម៉ឺន សុភា ។ តែ​យ៉ាងណា ម៉ឺន សុភា មិន​ងាយស្រួល​នឹង​បង្ក្រាប​នោះទេ​ គេ​មាន​កណ្តាប់ដៃ​ល្អ ពិសេសកណ្តាប់ដៃ​ឆ្វេង ហើយ​ស្នៀត​ទាត់​ក៏​ល្អ​ដែរ។ ជាមួយនេះ សុភា​ មានចិត្ត​ប្រដាល់​ធំ​ថែមទៀត គឺ​គេ​វាយ​ល្អ​ និង​ខ្លាំងណាស់។

ប៉ុន្តែ​ការប្រកួត​លើក​នេះ ម៉ឺន សុភា ក៏ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដែរ​ទើបបាន ពិសេស​បើ​អាចទប់​កែង និង​ជង្គង់ របស់​ នី សុភា​ បានទើប​មានសង្ឃឹម​ឈ្នះ បើ​មិន​ដូច្នោះ​ទេគឺ​ពិបាក​ហើយ ព្រោះ ​នី សុ​ភី ខ្លាំង​នឹង​ស្នៀត​ទាំងអស់នេះ។​ ដូច្នេះ​ចាំមើល​រវាង ​នី សុ​ភី ​និង ម៉ឺន សុភា ក្នុងការប្រកួត​ផ្តាច់ព្រ័ត្រ​នេះ តើន​រណា​ឈ្នះ នរណា​ជា​ម្ចាស់​ខ្សែក្រវាត់​ LEO ទម្ងន់ ​៧០ ​គីឡូក្រាម​នោះ ?។

​ចំពោះ​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​វិញ​នោះ គឺ ពេជ្រ សីហា អ្នក​ប្រដាល់​ក្លិប​កងចក្ររាជសីហ៍​មាន​រិ​ទ្ធ នឹង​ជួប​ជាមួយ Watcharalek Site Kolab អ្នក​ប្រដាល់​ថៃ​ដូចគ្នា។ ពីរ​នាក់​នេះកាលពី​ជួបគ្នា​ក្នុង​វគ្គ​ជម្រុះ​នោះ គឺ ​ពេជ្រ​ សីហា ​វាយ​ចាញ់ Watcharalek​ ដោយ​ពិន្ទុ។ សម្រាប់ការជួបគ្នា​លើក​នេះ ពុំមាន​នរណា​ហ៊ាន​អះអាងថា Watcharalek ឈ្នះ​ ពេជ្រ សីហា ​ទៀតនោះទេ។ ចាំមើល តើ​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ Watcharalek ឬក៏ ពេជ្រ សីហា ? ។

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ នូវ ដា​រ៉ូ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ក្លិបអាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ ​ឃឹម ពេជ្រ​ចិន្តា ​ក្លិបថ្មគោល​ពោធិ​សែន​ជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៦៣,៥០០ ​គីឡូក្រាម។ ឃឹម ពេជ្រ​ចិន្តា ​នេះគេ​ធ្លាប់​ផ្តួល​អ្នក​ប្រដាល់​ច្រើន​នាក់​មកហើយ​កន្លងមក។ តែ​សម្រាប់​លើក​នេះ ពុំ​ដឹងថា​គេ​អាច​យកឈ្នះឬ​ចាញ់​ នូវ ដា​រ៉ូ នោះទេ​? ។

​លីន សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ ចាន់ តុល អ្នកប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ​៥៧​ គីឡូក្រាម ហើយ លី កែវ​ឡា ក្លិប​អប់រំ​កាយ​កីឡា​ខេត្តបាត់ដំបង ជួប​ជាមួយ​ ហេង វុ​ទ្ធា ក្លិប​កំពែង​រាជសីហ៍​មាន​រិ​ទ្ធ ក្នុង​ទម្ងន់ ​៦០ គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114