ព័ត៍មានទាន់​ហេតុការណ៏
Search

ចាន់ ប៊ុន​ហឿន ជួប Phat Chhayak Phum ឯ អ៊ុំ ចំរើន ជួប Phich Many លើស​ង្វៀន Carabao SEATV

​ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង អ៊ុំ ចំរើន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ពួកគេទាំងពីរ​នាក់​នេះ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នៅលើ​សង្វៀន Carabao ​របស់ SEA-TV នា​រសៀល​ថ្ងៃ​សៅ​រ៍ ទី​១២​ ឧសភា ​២០១៨ ​នេះ។

​ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ជើង​ខ្លាំងរបស់កម្ពុជា នឹង​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំងមកពី​ប្រទេស​ថៃ​ឈ្មោះ Phat Chhayak Phum។ នេះ​ជា​គូប្រកួត​ដ៏អស្ចារ្យ​មួយ ព្រោះថា​នេះ​ជា​គូសងសឹក​គ្នា បន្ទាប់ពី​គេ​ទាំងពីរ​នាក់​នេះជួបគ្នា​ពីរលើក​កន្លងមក គេ​ឈ្នះ​ចាញ់​ម្តងម្នាក់ ដែលការជួប​លើក​ទី​១ (២៥​ វិច្ឆិកា ​២០១៧) ចាន់ ប៊ុន​ហឿន ​ឈ្នះ Phat Chhayak Phum ដោយ​ពិន្ទុ និងការជួប​លើក​ទី​២ (០៧ ​មករា ​២០១៨) ប៊ុន​ហឿន ​ត្រូវ​អ្នក​ប្រដាល់​ថៃ​រូបនេះ វាយ​អោយ​សន្លប់​ក្នុងទឹក​ទី​៣។ ដូច្នេះ​គេ​ជឿថា ការជួបគ្នា​លើក​ទី​៣​នេះ អ្នក​ប្រដាល់​ទាំងពីរសុទ្ធតែ​ចង់​ផ្តួល​គ្នាទៅវិញទៅមក។

​ចាន់ ប៊ុន​ហឿន ជើង​ខ្លាំង​របស់​កម្ពុជា​នេះ គេ​ទើបតែ​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ​Laopie Sor.Anucha ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​០៦ ​ឧសភា​ កន្លងមកនេះ។ ជា​លើក​ទី​២៨ របស់​ ប៊ុន​ហឿន ​ហើយដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ​។ ប៊ុន​ហឿន ប្រកួត​ជាមួយ​ថៃ ​២៧​ លើក​កន្លងមកនេះ គឺ​ឈ្នះ១៨​លើក ចាញ់​០៧​លើក និង​ស្មើ​០២​លើក។

Phat Chhayak Phum ដែលជា​គូ​របស់ ​ចាន់ ប៊ុន​ហឿន​ នេះក៏​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​ដែរពីមុនមក។ អ្នក​ប្រដាល់​ថៃ​នេះ ជា​ជើង​ខ្លាំង​ទម្ងន់​ ៦០​ គីឡូក្រាម​ប្រចាំ​នៅ​ស្រុកថៃ​។ ការមក​ប្រកួតលើកចុងក្រោយ​របស់ Phat Chhayak Phum គឺ​គេ​វាយ​ឈ្នះ​ សុខ សុវណ្ណ ក្លិប​កងពលធំអន្តរាគមន៍​លេខ​២ ក្នុង​ទឹក​ទី​១ (២១​ មេសា​ ២០១៨)។ ឆ្លងកាត់​ការប្រកួត​៧៧​លើក Phat Chhayak Phum វាយ​ឈ្នះ​៦៣​លើក ចាញ់​១៣​លើក និង​ស្មើ​០១​លើក​។

​ចាន់ ប៊ុន​ហឿន គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៧​លើក ឈ្នះ​៥៦​លើក និង​ចាញ់​១០​លើក និង​ស្មើ​០១​លើក ។ ប៊ុន​ហឿន​ គេ​មាន​ថ្វី​កែង​និង​ជង្គង់​ល្អ​ណាស់ តែ​យ៉ាងណា​ការ​ឈ្នះ​ចាញ់​រវាង​ ចាន់ ប៊ុនហឿន និង Phat Chhayak Phum នេះពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ ?។​

ចំពោះ អ៊ុំ ចំរើន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវបាន​គេ​ផ្តល់ឱ​កាស​ឲ្យ​ស្តារ​មុខមាត់​ឡើងវិញតាមរយៈ​ការជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ​Phich Many។ អ៊ុំ ចំរើន និង​ Phich Many ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៦៩​ គីឡូក្រាម។ រវាង​ អ៊ុំ ចំរើន និង Phich Many មិន​ធ្លាប់​ប៉ះគ្នា​ទេកន្លងមក​នោះ។ ​ចំរើន បាន​វាយ​ចាញ់​ថៃ​ ៣ ​ប្រកួត​ជាប់ៗ​គ្នា​ ក្នុង​ការឡើង​ប្រកួត​ចុងក្រោយ​នេះ ដែលការប្រកួត​ចុងក្រោយ​គេ​នេះ ចំរើន វាយ​ចាញ់ ​Sang Yout ក្នុង​ទឹក​ទី​២ នា​ថ្ងៃទី​២៧ ​មករា​ ២០១៨​។​ Phich Many គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប៉ុន្មាន​លើក​ហើយ​កន្លងមក ដោយ​ធ្លាប់​ឈ្នះ​ចាញ់​ជាមួយអ្នក​ប្រដាល់​កម្ពុជា ដែល​មក​ប្រកួត​លើកចុងក្រោយ​នេះ គេ​ជួប​ជាមួយ​ ផុន​ ផាន់​ណា អ្នកប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ។

​សម្រាប់​ការ​មក​ប្រកួត​លើក​នេះ មិនដឹងថា Phich Many ឈ្នះ​ឬ​ចាញ់ អ៊ុំ ចំរើន នោះទេ?។ អ្នក​ប្រដាល់ថៃ​រូបនេះ ក៏​ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ​ដែរ។ តែ​យ៉ាងណា Phich Many មិន​លើ អ៊ុំ ចំរើន ប៉ុន្មាននោះទេ បើ​ប្រៀបធៀប​ទៅនឹង​ប្រវត្តិ​ប្រកួត​របស់ អ៊ុំ ចំរើន។ ​ប៉ុន្តែ​សម្រាប់​បញ្ហា​កម្ពស់ គឺ Phich Many ​មាន​តែម​លើ ដោយ Phich Many មាន​កម្ពស់ ​១,៧១​ ម៉ែត្រ ខ​ណៈ​ដែល ​អ៊ុំ ចំរើន តែ ​១,៦៦ ​ម៉ែត្រ ហើយ​កំណត់ត្រា​ប្រកួត​របស់ Phich Many គឺ ៨០ លើក ឈ្នះ​៦៥​លើក ចាញ់​១២​លើក និង​ស្មើ០៣​លើក បើ​ធៀប​ជាមួយ អ៊ុំ ចំរើន ដែល​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន១១១​លើក ឈ្នះ​៧៦លើក ចាញ់​៣៥​លើក មិនដែល​ស្មើ ។

​អ៊ុំ ចំរើន ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ក្នុងចំណោម​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ក្នុង​ប្រភេទ​ទម្ងន់​៦៩គីឡូក្រាម។ ប៉ុន្តែ​យ៉ាងណា ចំរើន គេ​ធ្លាប់​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​ដែរ ក្នុងចំណោមជួប​ថៃ​ជាង​៣០​លើក​កន្លងមកនេះ។ ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ វាយ​មិន​បណ្តា​ក់ដៃ​ទេក្នុង​ការជួប​ប្រកួត​ជាមួយ​ថៃ​នោះ។ ដូច្នេះចាំមើល អ៊ុំ ចំរើន អាច​យកឈ្នះ Phich Many បាន​ឬ​អត់ ក្នុងការជួបគ្នា​លើកដំបូង​នេះ​?។

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សេក គឹម​សាន្ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ត្រូវ​ជួប​សងសឹក​ជាមួយ​ ង៉ែត វុ​ធ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ក្នុង​ទម្ងន់​ ៥៧​ គីឡូក្រាម។​ កាលពី​ជួបគ្នា​លើក​មុន​ (១៨ ​វិច្ឆិកា​ ២០១៧) ង៉ែត វុ​ធ ឈ្នះ​ សេក គឹម​សាន្ត​ ដោយ​ពិន្ទុ។​ សម្រាប់​ការឡើង​សងសឹក​នេះ មិនដឹងថា​ សេក គឹម​សាន្ត​ ធ្វើបាន​សម្រេច​ឬ​អត់នោះទេ​?​។

​រិ​ទ្ធ ប្រាក់​ប៊ិន អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ នឹង​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​ គឿ​ម សុវណ្ណ​ឌឿ​ត អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង ក្នុង​ទម្ងន់​ ៥៤​ គីឡូក្រាម។ អ្នក​ប្រដាល់ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114