ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រំ សំណាង ជួប​កីឡាករ​ថៃ ​Khorng Fak ខណៈ ​ហ៊ឹម សេរី Yuthchak លក្ខណៈ​មិត្តភាព

​ភ្នំពេញ៖ កីឡាករ ​ព្រំ សំណាង អ្នក​ប្រដាល់​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ដែលជា​ជើងខ្លាំង​ទម្ងន់​ធ្ងន់​របស់​កម្ពុជាមួយ​រូប ​ត្រូវគេ​ផ្គូរ​ផ្គង​ឲ្យ​​ជួប​កីឡាករ​ថៃ​ឈ្មោះ​ Khorng Fak ខណៈកីឡាករ​ជើង​ខ្លាំង​ទម្ងន់​ស្រាល​ ហ៊ឹម សេរី អ្នក​ប្រដា​ល់តា​ព្រហ្ម​មានជ័យ ជួប​ប្រកួត​ជាមួយកីឡាករ​ថៃ​ Yuthchak លក្ខណៈ​មិត្តភាព​នៅលើ​សង្វៀន​ CNC នា​ថ្ងៃអាទិត្យ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨​នេះ​។

​កីឡាករ​ ព្រំ សំណាង ជួប​ជាមួយ​កីឡាករ​ថៃ Khorng Fak ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​គឺ​ ៧៧ ​គីឡូក្រាម រវាង​អ្នក​ទាំងពីរ​មិនទាន់មាន​ប្រភព​ណា​បញ្ជាក់ថា ​ពួកគេ​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ហើយ​មិនទាន់ដឹងថា​កីឡាករ​ថៃ​ម្នាក់នេះ​មាន​វិជ្ជា​គុន​ខ្លាំង​ប៉ុនណា​នោះដែរ តែ​កីឡាករ​ថៃ​ពួកគេ​ខ្លាំង​ខាងស្នៀត​ជើង​ទាត់ ជង្គង់ និង​ស្នៀត​កាច់​ផ្តួល​។

​ចំណែក​ ព្រំ សំណាង គេ​ជា​កីឡាករ​ដែលមាន​ស្នៀត​ប្រយុទ្ធ​ល្អ គឺ​ពេល​វាយ​ សំណាង ​គ្រាន់តែលើកជើង​ធាក់ក៏​គូប្រកួត​ពិបាក​ទប់​ដែរ​ ពិសេស​ស្នៀតដាល់​ត្រង់ៗ និង​ស្នៀត​កែង​វាយទៅលើគូប្រកួត ​ដែល​ប្រកបដោយ​គ្រោះថ្នាក់​បំផុត​។ ការប្រកួត​កន្លងមក​បើទោះបី​ ព្រំ សំណាង ការ​ដាល់​របស់គេ​មិន​អស្ចារ្យ​ក៏ពិតមែន ប៉ុន្តែ សំណាង​ មាន​កាយសម្បទា​ល្អ ខ្ពស់ ដៃជើង​វែង ដែលជា​ការ​អំណោយផល​ដល់​ការប្រកួត​ណាស់​។ ទោះជា​យ៉ាងណា ​ការជួប​ប្រកួត​គ្នា​រវាង​កីឡាករថៃ Khorng Fak និង​កីឡាករ ​ព្រំ សណា​ង ទាំងពីរ​នាក់​នេះ​មិនមាន​អ្នកណា​ហ៊ាន​ទាយ​មុនថា​ ន​រណា​ឈ្នះ​ នរ​ណា​ចាញ់​នោះឡើយ ព្រោះ​សុទ្ធតែ​ទម្ងន់​ដូចៗ​គ្នា បើ​កីឡាករ​ណា​វាយ​រៀងមើលងាយ​គេ​នោះ​ច្បាស់​ជា​ចាញ់​មិន​ខាន​។ ចាំមើល​រវាង ​ព្រំ សំណាង និង Khorng Fak នរណាជា​អ្នកឈ្នះ​?​។

​ដោយឡែក​កីឡាករ​កម្ពុជា ​ហ៊ឹម សេរី ជួប​កីឡាករ​ថៃ Yuthchak វិញ ​ត្រូវបាន​អ្នកតាមដានលើកឡើងថា កីឡាករ​កម្ពុជា​មានសង្ឃឹម​ឈ្នះ​ច្រើន ​ព្រោះ​កីឡា​ករ ហ៊ឹម សេរី នាពេល​បច្ចុប្បន្ន​នេះ​នរ​ណាក៏ទទួលស្គាល់ថា ជា​កីឡាករ​ជើង​ខ្លាំង​វ័យក្មេង​មួយ​រូប ដែល​កំពុង​ទទួលបានការគាំទ្រ​យ៉ាងច្រើន​កុះករ ពី​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​កម្ពុជា ជាមួយនឹង​ការចេះ​ប្រើក្បាច់​គ្រប់​ស្នៀត ដើម្បី​ផ្ដួល​គូប្រកួត​របស់ខ្លួន រួមផ្សំ​ជាមួយ​កម្លាំង​ស៊ុ​ហ្វ​ដ៍​ខ្លាំង​របស់គេ​ផង​នោះ ធ្វើឲ្យ​កីឡាករ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ត្រូវបាន​ចុះចាញ់​ជា​បន្តបន្ទាប់​។

​ការអះអាង​បែបនេះ​ក៏ដោយ​សារ​ ហ៊ឹម សេរី មួយរយៈ​ពេល​ចុង​ក្រោយនេះ មានការ​រីកចម្រើន​ជាងមុន​ច្រើន​ទាំង​ស្នៀតគុន​ទាំង​កម្លាំង​ស៊ុ​ហ្វ ពោល គឺ​គេ​ហ្វឹកហាត់​បានជា​ប់លាប់ ធានាបាន​ក្នុងការប្រកួត​ប្រាំ​ទឹក​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។ ជាងនេះទៅទៀត​នោះ ​ហ៊ឹម សេរី ជា​អ្នក​ប្រដាល់ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរ​ប្រកួត​ណាស់ ​ព្រោះ​រូបគេប្រកួត​មិនចេះ​លាក់​កម្លាំង ​និង​មានស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ថែម​ទៀតផង ហើយ​មានបទពិសោធន៍ ​និង​តិច​និក​ក្នុងការប្រកួត​ច្រើន ជាមួយ​កីឡាករ​ក្នុងស្រុក ​និង​កីឡាករ​បរទេស​ថែមទៀត​។ ចាំមើល​ ហ៊ឹម សេរី អាច​យកឈ្នះ​លើ​កីឡាករ​ថៃ Yuthchak ដូច​ការអះអាង​របស់​អ្នកតាមដាន​កីឡាប្រដាល់​កម្ពុជា​ដែរ​ ឬយ៉ាង​ណ​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114