ព័ត៍មានទាន់​ហេតុការណ៏
Search

វេ​ង សុ​ភ័​ក្រ ជួប​សងសឹក Fa Nemith ឯ តូច ទូ ជួប Madi Zakaria នៅ ​SEA-TV

​អ្នក​ប្រដាល់​កម្ពុជា វេ​ង សុ​ភ័​ក្រ ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូផ្គង​អោយ​ជួបប្រកួត​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Fa Nemith នា​យប់​ថ្ងៃ​សៅ​រ៍ ​ទី​១២ ឧសភា ២០១៨នេះ នៅក្នុង​កម្មវិធី​ប្រដាល់ ​Ganzberg Top Fighter របស់​ SEATV។ Fa Nemith ជា​អ្នក​ប្រដាល់ថៃ​ដែល​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តង​ពីរដង​ហើយ​កន្លងមក។ Fa Nemith និង វេ​ង សុ​ភ័​ក្រ នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥០០​ គីឡូក្រាម។

​អ្នក​ប្រដាល់​ថៃ​នេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៦៧​លើក ឈ្នះ​៥៥​លើក ចាញ់​១១​លើក ស្មើ​០១​លើក។ អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ មាន​កាយសម្បទា​រឹងមាំ មាន​កម្ពស់​ប្រហាក់ប្រហែល ​សុ​ភ័​ក្រ​ ដែរ គឺ១,៧០​ម៉ែត្រ ហើយ ​សុ​ភ័​ក្រ​ ១,៦៨ ​ម៉ែត្រ។ តែ​យ៉ាងណា Fa Nemith​ មិនដឹងថា អាច​វាយ​ឈ្នះ​អ្នកប្រដាល់​កម្ពុជា​ វេ​ង សុ​ភ័​ក្រ បាន​ឬ​អត់​នោះទេ​?។

​វេ​ង សុ​ភ័​ក្រ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា ដែល​ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ថៃជិត​ ២០​ នាក់​ទេ​នាពេល​កន្លងមក ដោយ​វាយ​ឈ្នះ​ថៃ​០៩​នាក់ ស្មើ​០៤​នាក់ និង​ចាញ់០៤នាក់ ដែល​ការជួប​ថៃ​ចុងក្រោយ​គេ​នោះ ​វេ​ង សុ​ភ័​ក្រ វាយ​ចាញ់ Fa Nemith ដោយ​ពិន្ទុ កាលពី​ថ្ងៃទី១៤ តុលា ​២០១៧ ​កន្លងទៅនេះ។ និយាយ​ជារួម ក្នុងការ​ប្រកួត​ចំនួន​ ៨០ ​លើក​របស់​ វេង សុ​ភ័​ក្រ គេ​វាយ​ឈ្នះ​៦៧​លើក ចាញ់​០៩​លើក និង​ស្មើ​០៤​លើក។

យ៉ាងណា សម្រាប់​ការជួប​អ្នកប្រដាល់​ថៃ ​Fa Nemith លើក​នេះគេ​មាន​ជំនឿ​ទុកចិត្ត​លើ​ វេ​ង​ សុ​ភ័​ក្រ ថា​នឹង​អាច​សងសឹកយកឈ្នះ​Fa Nemith នេះ​វិញ​បាន​មិន​ខាន ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ កាលពី​ជួបគ្នាលើកដំបូង​នោះ គេ​វាយ​ឈ្នះ​ វេ​ង សុ​ភ័​ក្រ ត្រឹមតែ​ពិន្ទុ​ប៉ុណ្ណោះ។ Fa Nemith គេ​មក​ប្រកួត​លើកមុនវាយ​ឈ្នះ ​ថុល មករា អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ពិន្ទុ ហើយ​មកលើកចុងក្រោយ​នេះ Fa Nemith ចាញ់ ​ឃុន ឌី​ម៉ា មុន​ទឹក​ទី​៥។

​ចំពោះ តូច ទូ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ នឹង​ជួប​ប្រកួត​ជាមួយអ្នកប្រដាល់​ទុយ​នេ​ស៊ី Madi Zakaria ក្នុង​ប្រភេទ​ទម្ងន់ ​៧១​ គីឡូក្រាម។ រវាង តូច ទូ និង Madi Zakaria មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ នេះ​ជា​លើក​ទី​១ ​របស់​អ្នក​ប្រដាល់​ទាំងពីរ​ជួប​ប្រកួត​គ្នា។ សម្រាប់​កាល​ជួប​លើក​នេះ ពុំ​ដឹងថា តូច ទូ អាច​យកឈ្នះ Madi Zakaria បាន​ឬ​អត់​នោះទេ​?។ អ្នកប្រដាល់​ទុយ​នេ​ស៊ី​រូបនេះ គេ​ទើប​មក​លើកដំបូង​ប៉ុណ្ណោះ។ យ៉ាងណាប៉ះ​ជាមួយ ​តូច ទូ ដែលមាន​កណ្តាប់ដៃ​ខ្លាំង រហ័ស ​និង​លឿន​នោះ Madi Zakaria មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ។

​តូច ទូ គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អសម្រាប់​ការឡើង​ប្រកួត​ជាមួយ Madi Zakaria នេះ។ យ៉ាងណា តូច ទូ​ អាច​ថា​គេ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះថា​ជា​លើក​ទី​១ ដែល​គេ​ជួប​ជាមួយ​អ្នក​ប្រដាល់​បរទេសនោះ។ ហេតុនេះ Madi Zakaria ពិបាក​សង្ឃឹម​ឈ្នះ​ដែរ ព្រោះ​បើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួតរបស់ ​តូច ទូ ដែលមាន​កំណត់ត្រា​ប្រកួត​ចំនួន​៥៨​លើក ឈ្នះ​៤៣​លើក ចាញ់​១៣​លើក និងស្មើ​០២​លើក​នោះ។ ឯ Madi Zakaria គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៧​លើក ឈ្នះ​៣៥​លើក ចាញ់​១២លើក មិនដែល​ស្មើ​។ ​ចាំមើលរវាង ​តូច ទូ និង​អ្នក​ប្រដាល់​ទុយ​នេ​ស៊ី Madi Zakaria តើន​រណា​ជាអ្នកឈ្នះ​នោះ?។

​ទី ព​ន្លែ​ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប នឹង​ឡើង​មកជួប ហុង ជី​វុង អ្នក​ប្រដាល់​ក្លិបមិត្ត​ប៉ូលិស ដើម្បី​សងសឹក ជី​វុង ដែល​បាន​វាយ​ឈ្នះ​រូបគេ​ក្នុង​ទឹក​ទី​៣ កាលពី​ជាង​មួយឆ្នាំ​មុន (០២​ មេសា​ ២០១៧) ​នោះ។ ពីរ​នាក់​នេះជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់ ៦៥ គ​.​ក្រ។ អ្នក​ប្រដាល់​ទាំងពីររូបនេះ ធ្លាប់​ជួបគ្នា​ម្តង​ប៉ុណ្ណោះ។

​​ហុង ជី​វុង ជា​អ្នក​ប្រដាល​ជើង​ខ្លាំង​ស្រករ​ក្រោយ តែគេ​មាន​បទពិសោធន៍​លើស​ង្វៀន​ច្រើន​គួរសម​ដែរ។ អ្នក​ប្រដាល់​រូបនេះវាយ​ខ្លាំង​ទាំង​កណ្តាប់ដៃ ទាំង​ការ​ទាត់ និង​ជង្គង់ កែង។ ជី​វុង ប្រកួតលើកចុងក្រោយ​នេះវាយ​ឈ្នះ ​ភុន សោ​ភ័​ណ្ឌ ក្លិប​នាគរាជ​មានជ័យ ដោយ​ពិន្ទុ។ ឯការប្រកួតចុងក្រោយ​របស់​ ទី ព​ន្លែ​ត​ វិញ គេ​វាយ​ចាញ់ ទេស ជីវ៉ា អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ៧០​ ដោយ​ពិន្ទុ។

​ចំណែក ផាន រះ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវគេ​ផ្តល់​ឱ​កាស​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នកប្រដាល់ ​គឿ​ម សុវណ្ណ​នឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់។ ពួកគេ​ទាំងពីរជួបគ្នា​ក្នុងប្រភេទ​ទម្ងន់ ​៦០​ គីឡូក្រាម៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114