ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​សន្តិសុខ​ចិន ៖ ភាគី​ចិន​នឹង​បន្ត​គាំទ្រ​លើ​រាល់​អ្វី​ទាំងអស់​ដែលជា​ផលប្រយោជន៍​គន្លឹះ​របស់​កម្ពុជា

ភ្នំពេញ ​៖ លោក ចាវ ឃើ​ជី សមាជិក​ក្រុមប្រឹក្សា​រដ្ឋា​និង ជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ចិន​បាន​ថ្លែង​ថា កម្ពុជា​គឺជា​មិត្ត​ចាស់​គឺជា​មិត្ត​ល្អ គឺជា​មិត្ត​ដែក​របស់​ចិន។​ លោក​ក៏បាន​គោរព​បញ្ជាក់​ជូន​សម្ដេច​តេ​ជោ​ថា ភាគី​ចិន​នឹង​បន្ត​គាំទ្រ លើ​រាល់​អ្វី​ទាំងអស់​ដែល​ជា​ផលប្រយោជន៍​គន្លឹះ​របស់​កម្ពុជា ហើយក៏​គាំទ្រ​កម្ពុជា​ផង​ដែរ​ ក្នុង​ការ​ជំរុញ​ការអភិវឌ្ឍន៍ លើ​គ្រប់​វិស័យ​ទាំងអស់ និង​ឲ្យ​ស្រប​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​របស់​ក​ម្ពុ​ជា លើ​គ្រប់​វិស័យ​ទាំង​ក្នុង ក្របខណ្ឌ​ទ្វេភាគី ដូចជា​ពហុភាគី​ផងដែរ​។

លោក​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ចិន បាន​អះអាង​ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​ពិភាក្សា​ការងារ ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី ១១ ខែឧសភា នៅ​វិមាន​រដ្ឋសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​ស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​នោះ លោក ចាវ ឃើ​ជី បាន​ពាំនាំ​ការ​ផ្តាំ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​ចិន​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន។

លោក ចាវ ឃើ​ជី បាន​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១ ដែល​លោក​មកកាន់​ប្រទេស​កម្ពុជា។ លោក​ក៏បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​គឺ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​រវាង​ប្រទេស​ទាំងពីរ ទៅតាម​ការព្រមព្រៀង​ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​ដាក់​ចេញ​នាពេល​កន្លងមក និង ការពង្រឹង​ការងារ​អនុវត្ត​ច្បាប់ និង សន្តិសុខ។

លោក​ក៏បាន​បន្ថែម​ដែរ​ថា កម្ពុជា​គឺជា​មិត្ត​ចាស់​គឺជា​មិត្ត​ល្អ គឺជា​មិត្ត​ដែក​របស់​ចិន ហើយ​នៅពេលនេះ​លោក​ក៏បាន​គោរព​បញ្ជាក់ជូន​សម្ដេច​តេ​ជោ​ថា ភាគី​ចិន​នឹង​បន្ត​គាំទ្រ លើ​រាល់​អ្វី​ទាំងអស់​ដែលជា​ផលប្រយោជន៍​គន្លឹះ​របស់​កម្ពុជា ហើយក៏​គាំទ្រ​កម្ពុជា​ផងដែរ​ក្នុងការ​ជំរុញ​ការអភិវឌ្ឍន៍ លើ​គ្រប់​វិស័យ​ទាំងអស់ និង​ឲ្យ​ស្រប​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​របស់​ក​ម្ពុ​ជា លើ​គ្រប់​វិស័យ​ទាំង​ក្នុង ក្របខណ្ឌ​ទ្វេភាគី ដូចជា​ពហុភាគី​ផងដែរ។

ជា​ការ​ឆ្លើយតប​សម្ដេច​តេ​ជោ បាន​សម្ដែង​នូវ​អំណរគុណ​ចំពោះ​ការ​ប្រចាំ​ផ្ញើ​សួរសុខទុក្ខ ហើយក៏​សំដែង​នូវ​ការ​រីករាយ​ជាមួយ​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ហើយ​សម្ដេច​ថា ក្នុង​ពេល​កន្លងមក​ប្រទេស​ទាំងពីរ​មានការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​កំពូល​ហើយក៏​បាន​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាច្រើន ហើយ​កិច្ចព្រមព្រៀង​ទាំងនោះ​កំពុងតែ​បាន​អនុវត្ត​ជា​បន្តបន្ទាប់។

សម្ដេច​បាន​មានប្រសាសន៍ថា​ នេះ​គឺជា​ចំណុច​សំខាន់​នៃ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ។ សម្ដេច​បាន​ជម្រាប​ជូន​ភ្ញៀវ​ពី​ស្ថានភាព​ទូទៅ​របស់​កម្ពុជា​ជូន លោក ជាំ​ង ហើយ​ក៏បាន​ជម្រាប​ជូន​លោក​ជាំ​ង​ឲ្យ​បន្ត​ពិភាក្សា​គ្នា​លើ​ការអនុវត្ត​ច្បាប់ និង សន្តិសុខ ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ជា​បន្ត​ទៀត។ ជា​មួយ​នេះ សម្ដេច​ក៏បាន​ស្វាគមន៍​ផង​ដែរ ចំពោះ​អនុស្សរណៈ ដែល​ត្រូវ​ចុះហត្ថលេខា​រវាង ក្រសួង​សន្តិសុខ​សាធារណៈ​ចិន និង​ក្រសួងមហាផ្ទៃ​នៅពេល​ល្ងាច​សុក្រ​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684