ព័ត៍មានទាន់​ហេតុការណ៏
Search

ជប៉ុន​ផ្តល់​ប្រាក់កម្ចី​ជិត​៧០​លាន​ដុល្លារ​ដល់​កម្ពុជា ​សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត

ភ្នំពេញ ​៖​ រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់ប្រាក់​កម្ចី​ដល់​កម្ពុជា​ប្រមាណ​ជិត​៧០​លាន​ដុល្លារ​អាមេរិក ​សម្រាប់​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន​ និង​បណ្តាញ​ចែកចាយ​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​ ហើយ​ក្រោយពី​ធ្វើ​រួច​ជា​ស្ថាពរ​ហើយ​នោះ ​ភ្លើងអគ្គិសនី​នៅ​រាជធានី​នេះ នឹង​លែង​មាន​ភាព​រអាក់រអួល​​​ម្យ៉ាងវិញទៀត​តម្លៃ​ក៏​ត្រូវ​បាន​បញ្ចុះ​ជាង​មុន​ទៀត​ដែរ។

នេះ​បើ​តាម ​លោក​កែវ រតនៈ​អគ្គនាយក​អគ្គិសនី​ បាន​ ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពេល​ពី​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ចំនួន​បី​មកពី​បី​ប្រទេស​គឺ​ប្រទេស​ជប៉ុន ថៃ​និង​ប្រទេស​អាល្លឺម៉ង់​នា​ព្រឹក​ថ្ងៃទី​១០​ខែឧសភា ឆ្នាំ​២០១៨។

លោក​កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​មានប្រសាសន៍​ទៀតថា រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​ជប៉ុន ដែល​ហៅ​កាត់​ថា​JICA​បានសម្រេច​ផ្តល់​ឥណទាន​សម្បទាន​(​កម្ចី​ការប្រាក់​តិច​)​ចំនួន​៦៦.២​លាន​ដុល្លារ ដើម្បី​ពង្រីក​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ កុំ​ឲ្យ​ប្រព័ន្ធ​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​មាន ភាព​រអាក់រអួល​ទៀត។

លោក​កែវ រតនៈ បាន​ឲ្យ​ដឹង​ទៀត​ថា ប្រាក់កម្ចី​ទាំងនេះ​គឺ​រដ្ឋាភិបាល​ជប៉ុន​បាន​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ខ្ចី​កាលពី​កន្លង​ទៅ ហើយ​រាជរដ្ឋាភិបាល​កម្ពុ​ជា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​សម្រេច​ឲ្យ​អគ្គិសនី​កម្ពុជា​ខ្ចី​បន្ត​ដើម្បី​ពង្រីក​បណ្ដាញ​ភ្លើង​នេះ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត និង​ធ្វើ​ឲ្យ​តម្លៃ​ចុះថោក​ផង​ដែរ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ។

លោក​​មិន​ទាន់​បាន​បញ្ជាក់​ ​ពី​គម្រោង​ដែល​ពង្រីក​នេះ​ នឹង​ត្រូវ​បញ្ចប់​នៅ​ពេលណា ហើយ​តម្លៃ​ភ្លើង​ចុះថោក​​​ ​​​​កម្រិត​ណា​នោះ​ឡើយ ​តែ​ក្រោយពី​គម្រោង​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ​ ភាព​រអាក់រអួល​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​នឹង​គ្មាន​ទៀត​ទេ។

ជាមួយគ្នា​នោះ​លោក​បាន​បន្តទៀតថា គម្រោង​ពង្រីក​បណ្តាញ​អគ្គិសនី​នេះ​មិនមែន​នៅតែ​រាជធានី​ភ្នំពេញ​នោះទេ គឺ​រាជរដ្ឋាភិបាល​នឹង​ពង្រីក​នៅ​ទូទាំងប្រទេស​ក្រោម​ការឧបត្ថម្ភ​ជួយ​របស់​រដ្ឋាភិបាល​ចិន បារាំង អាល្លឺម៉ង់ ​និង​ពី​ប្រទេស​មួយចំនួនទៀត​ផងដែ​រ​។​

លោក​កែវ រតនៈ​អគ្គនាយក​អគ្គិសនី បាន​បន្តថា​ នាពេល​បច្ចុប្បន្ន​ផ្ទះ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​៧០​ភាគរយ​ហើយ​បាន​ទទួល​ការប្រើប្រាស់​ភ្លើងអគ្គិសនី​របស់​រដ្ឋ​។ ក៏ប៉ុន្តែ​តំបន់​ខ្លះ​នៅតែមាន​ភាព រអាក់រអួល​ដោយសារតែ​ការ​ត​បណ្តាញ​ពី​ខេត្ត​ផ្សេង ​និង​ប្រទេស​ផ្សេង​ជាដើម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114